បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ចុះ​ពីលើ​ម៉ូតូ​ស្រាប់តែ​ដួល​ផ្កាប់មុខ​ស្លាប់​ក្នុង​បុរី​សន្តិភាព​២

531
ចែករម្លែក
បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ចុះ​ពីលើ​ម៉ូតូ​ស្រាប់តែ​ដួល​ផ្កាប់មុខ​ស្លាប់​ក្នុង​បុរី​សន្តិភាព​២

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខផ្ទះ​ប្រជា​ពលរ​ដ្ធ មួយសន្ទុះ​ក្រោយមក​ក៏បាន​ដួល​ស្លាប់​ផ្កាប់មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​១៥ ខែមីនា នៅក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរស​ខាងលើ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ពាក់អាវ​ប៉ា​រ៉ា ខោ​ខូវប៊យ និង​ជិះ​ម៉ូតូ​កូរ៉េ​ពណ៌​ស្លា​ទុំ​មិនមាន​ផ្លាកលេខ ។​តាមមើល​ភិនភាគ​ជា​អ្នកធ្វើដំណើរ​។​


​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ពេល​គាត់​កំពុង​អង្គុយលេង​ខាងមុខផ្ទះ ស្រាប់តែ​ឃើញ​បុរស​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​ខាងលើ បាន​ជិះ​ម៉ូតូ​មក​តែម្នាក់ឯង ដោយ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ចុះ​ពីលើ​ម៉ូតូ ដោយ​មិនដឹង​ជា​រអ៊ូរទាំ​រឿង​អ្វី​តែម្នាក់ឯង​នោះទេ និង​បាន​វាយ​កែបម៉ូតូ​ជាច្រើន​ដៃ មួយសន្ទុះ​ក្រោយមក​ក៏បាន​ដួល​តែម្តង ។ ដំបូង​មិន​ចាប់អារម្មណ៍​និង​នឹកស្មានថា​បុរស​ម្នាក់​នោះ​អាចជា​ស្រវឹង​ផង​នោះ​ទើប​មិន​ទៅ​មើល លុះ​ក្រោយមក​មាន​ប្រជាពលរដ្ឋ​ផ្សេង​ឃើញ​សភាព​មិន​ស្រួល ក៏​ទៅ​មើល​ទើប​ដឹងថា​បុរស​នោះបាន​ស្លាប់​ដោយ​សភាព​ផ្កាប់មុខ ។​
​ភ្លាមនោះ​ប្រជា​ពលរ​ដ្ធ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​កន្លែងកើតហេតុ និង​បាន​ហ៊ុំព័ទ្ធ​នៅ​ជុំវិញ​កន្លែងកើតហេតុ រង់ចាំ​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ស្វែងរក​អត្តសញ្ញាណ​ក្រុមគ្រួសារ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​សរន