អាជ្ញាធរជាតិអប្សរាដំណើរការជួស ជុលខ្លោងទ្វារតាកាវ

243
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៦ ខែមិនានេះ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខ្លោងទ្វារបានឱ្យដឹងថា បច្ចុប្បន្នមានអ្នកជំនាញស្ថាបត្យកម្ម ក្រុមសម្រង់ប្លង់ ក្រុមរកនិងផ្គុំថ្ម និងក្រុមដំឡើងរន្ទា កំពុងអនុវត្តការងារទល់ទ្ររចនាសម្ពន្ធផ្នែកខាងក្នុងខ្លោងទ្វារ ស្វែងរកបំណែកថ្មនៃតួខ្លោងទ្វារ ដំរីអាទិទេព និងបង្កាន់ដៃ។

ចំណែកក្រុមការងារផ្នែកបុរាណវិទ្យាគ្រោងនឹងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដើម្បីស្វែងរកបំណែកថ្មបន្ថែម ព្រមទាំងសិក្សាពីរចនាសម្ពន្ធគ្រឹះរបស់ខ្លោងទ្វារ និងបង្កាន់ដៃផងដែរនៅពេលរកថ្មនៅស្រទាប់ដីចាក់បង្គរខាងលើបញ្ចប់។ កិច្ចការនេះដំណើរការជួសជុលចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ហើយគម្រោងនេះត្រូវការរយៈពេលប្រមាណ២ឆ្នាំដេីម្បីអនុវត្ត។

កញ្ញាបន្តទៀតថា ខ្លោងទ្វារតាកាវរងនូវហានីភ័យខ្ពស់ត្រង់តួនៃខ្លោងទ្វារ ចំណុចដំរីអាទិទេពដោយសារទម្ងន់ពីកំពូលខ្លោងទ្វារសង្កត់ធ្លាក់មកក្រោមចំដំរីទាំង៤។ ដូចនេះការជួសជុលដំណាក់កាលទី១ តម្រូវឱ្យមានការជួសជុលនិងពង្រឹងដំរីនេះ ដើម្បីទ្រទ្រង់រចនាសម្ពន្ធនៃខ្លោងទ្វារ។ ដំណាក់កាលទី២ នឹងជួសជុលតួខ្លោងទ្វារ ហើយដំណាក់កាលទី៣សិក្សានិងពង្រឹងទួលដែលនៅជុំវិញខ្លោងទ្វារ។

កញ្ញា លីលីន បញ្ជាក់ដែរថា ៣ខែកន្លងមកនេះ ក្រុមការងារបានដំឡើងរន្ទាផ្នែកខាងក្នុងបានប្រមាណ៦០%ហើយដើម្បីជួយទ្រទ្រង់រចនាសម្ពន្ធខ្លោងទ្វារនៅពេលរើថ្មដំរីដើម្បីជួសជុល។ បន្ថែមពីនោះ ក៏បានចុះបញ្ជីថ្មរាយប៉ាយទាំង៤ទិស ចែកចេញជា៤តំបន់ទៅតាមទិសនីមួយៗ រកថ្មដំរី រកថ្មដំបូលដែលបាត់ សម្រង់ប្លង់ គូរប្លង់ និងធ្វើប្លង់ហានីភ័យនៃខ្លោងទ្វារ។ ក្នុងនោះដែរ ក្រុមការងារក៏បានសាកល្បងផ្គុំថ្មបង្កាន់ដៃយក្ស ពេលបានប្រទះឃើញបំណែកតួខ្លួននិងប្រអប់ដៃយក្សពេលរកថ្មផងដែរ។

ជាកិច្ចការងារបន្ត ក្រុមការងារក៏នឹងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដើម្បីសិក្សាពីគ្រឹះតួបង្កាន់ដៃនិងបង្ហាប់គ្រឹះឡើងវិញ រួចសិក្សាលើផ្លូវដែលឆ្លងកាត់ដែលជាចំណោទនាំទឹកហូរច្រោះឱ្យរលុះដី ដើម្បីកែប្រែសណ្ឋានដីនិងបុកបង្ហាប់ដីឱ្យស្មើនឹងគ្រឹះនៃបង្កាន់ដៃយក្សនិងទេវតាសងខាងការពារការហូរច្រោះដី។

ចំពោះខ្លោងទ្វារតាកាវកន្លងមក មិនធ្លាប់ទទួលបានការជួសជុលទេ គ្រាន់តែបានទល់ទ្រដំរីអាទិទេពទាំង៤នៅឆ្នាំ២០០៧ ហើយក្រាលកម្រាលឈើដើម្បីធ្វើដំណើរឆ្លងកាត់។ លុះឆ្នាំ២០១៥ ក្រុមការងារក៏បានរុះកម្រាលឈើ ហើយចាក់ដីបំពេញដោយដីក្រហមនិងហាមមិនឱ្យរថយន្តឆ្លងកាត់ ដោយអនុញ្ញាតឱ្យតែម៉ូតូនិងរ៉ឺម៉កក៍ប៉ុណ្ណោះ៕/B