បិទ​សាលារៀន តែ​ក៏​គួរ​ប្រយ័ត្ន​ការជួបជុំ​ធំៗ​ដែរ​!

215
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ មីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បិទសាលារៀន​ចំណេះ​ទូទៅ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​១២ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីក្រុង​សៀមរាប ដែលជា​វិស្សមកាល​តូច ឬ​វ៉ា​កង​តូច មុន​កាលកំណត់​។ នេះ​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​មកដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បានចេញ​សេចក្តីសម្រេច​ថ្មី មួយទៀត ពី​ការចាប់ផ្តើម​វិ​សម្ស​កាល​តូច និង​ការឈប់​សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន នៅ​ទូទាំងប្រទេស​។ ការសម្រេច​បិទ​សាលារៀន ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ដោយ​គ្មាន​កំណត់​នេះ ដោយសារតែ​នៅ ប្រទេស​កម្ពុជា​យើង ទើប​រកឃើញ​ជា​បន្តបន្ទាប់​នូវ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ លើ​ជនជាតិខ្មែរ និង​ជនបរទេស ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ការបង្ការ និង​ទប់ស្កាត់​ជាបន្ទាន់​។​
​ ​
សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញថា គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ ចាប់ពី​ថ្នាក់បឋមសិក្សា ដល់​មធ្យមសិក្សា​ទុតិយភូមិ និង​ម​ត្តេ​យ្យ​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន ចាប់​អនុវត្ត​វិស្សមកាល​តូច មុន​កាលកំណត់​ចាប់​ពីថ្ងៃ​ទទួលបានសេចក្តីណែនាំ​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ សម្រាប់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​សាធារណៈ និង​ឯកជន ក៏​អនុញ្ញាត​ឲ្យ​គរុ​សិស្ស គរុ​និស្សិត និង​និស្សិត​ឈប់សម្រាក ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីណែនាំ​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

​ចំពោះ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ខេត្ត ក៏ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា តម្រូវ​ឲ្យ​ចាត់តាំង​ក្រុមការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ដើម្បី​តាមដាន និង​រាយការណ៍​ហេតុការណ៍ ដែល​អាច​កើតមានឡើង​ចំពោះ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស និង​ផ្តល់ព័ត៌មាន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា រៀងរាល់ថ្ងៃ តាម​ប្រព័ន្ធ​ទំនាក់ទំនង ដែលមាន​ស្រាប់ ក្នុងករណី​មានការ​សង្ស័យ​ណាមួយ​។​

​ចំពោះ​មាតាបិតា អ្នកអាណាព្យាបាល ក៏ត្រូវ​បាន​ក្រសួង​អប់រំ យុ​វជ និង​កីឡា​លើកទឹកចិត្ត ដល់​មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប ត្រូវ​ជំរុញ​ឲ្យ​កូនចៅ​ធ្វើ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ និង​ត្រូវ​មើលថែ​កូនចៅ និង​ចៀសវាង​ទៅ​កន្លែង​មួយចំនួន ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់ ដូចជា កន្លែង​ហែល​ទឹក​សាធារណៈ កន្លែង​ហាត់ប្រាណ សួន​កុមារ និង​កន្លែង​ផ្សេងទៀត​ដែលមានហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​កូ​វីដ​១៩​។​

​ជាការ​ពិត ការសម្រេច​របស់​ក្រសួង​អប់រំ ឲ្យ​សិស្ស​និស្សិត​ឈប់សម្រាក នៅពេលនេះ គឺជាវិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ដោយ​មិន​ឲ្យ​មានការ​ជួបជុំ​នៅតាម​សាលារៀន​។ ក៏ប៉ុន្តែ​សិស្ស​និស្សិត​យើង នៅពេល​សម្រាក​នៅផ្ទះ ក៏​គួរតែ​កុំ​ឆ្លៀតឱកាសដើរលេង​ក្រៅ​ផ្ទះ ឬ​ជួបជុំ​មិត្តភក្តិ​នៅ​ជិតៗ​ផ្ទះ នោះឡើយ​។​ឪពុកម្តាយ អ្នកអាណាព្យាបាល​ក៏​មិនគួរ​ប្រុងប្រយ័ត្ន ការជួបជុំ​ធំៗ​ដែលមាន​មនុស្ស​ច្រើន​។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៦ ខែមីនា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ១២​នាក់​ហើយ​។ ក្នុងនោះ រួមមាន បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ កាលពីដើម​ខែកុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ​។ បុរស​ខ្មែរ​ម្នាក់ នៅ​ខេត្តសៀមរាប​។ អ្នកទេសចរ​អង់គ្លេស​បីនាក់​តាម នាវា​ទេសចរណ៍ មកពី​ប្រទេស​វៀតណាម​។ បុរស​ជនជាតិ​កាណាដា​ម្នាក់​។ បុរស​ជនជាតិ​ប៊ែ​លហ្សិ​ក​ម្នាក់​។ បារាំង​ម្នាក់​។ ខ្មែរ​ម្នាក់ ទើប​មកពី​ប្រទេស​បារាំង​។ ខ្មែរ​អ៊ីស្លាម​ពីរ​នាក់ និង​កូន​បារាំង អាយុ ៤​ខែ​ម្នាក់​។

​ពាក់ព័ន្ធ​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់ ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៥​ខែមីនា គឺ​ស្ថិតនៅក្នុង​ក្រុម​ខ្មែរ​អ៊ីស្លាម​៧៩​នាក់​ដែល​ទើប​វិលត្រឡប់​មកពី​ពិធីបុណ្យសាសនា​អ៊ីស្លាម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ខ្មែរ​អ៊ីស្លាម​ពីរ​នាក់​នេះ​ក៏​ស្ថិតក្នុង​ក្រុម​ខ្មែរ​អ៊ីស្លាម​២០​នាក់​ដែល​បាន​ទៅពិនិត្យ​រក​មេរោគ​កូ​វីដ​១៩​។ ប៉ុន្តែ​ខ្មែរ​អ៊ីស្លាម​ច្រើន​នាក់​ផ្សេងទៀត មិនទាន់បាន​ទៅ​ពេទ្យ​ពិនិត្យ​នៅឡើយ​ទេ​។​

​ជារួម នៅពេលនេះ សិស្ស​និស្សិត ពិសេស​កុមារ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​រក្សា​អនាម័យ ហើយ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការចូលរួម​ពិធី​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន​៕ ដោយៈ ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ