​ប្រធាន​សន្តិសុខ​ស្រុក​ពាម​ជរ តំបន់​២៤ ភូមិភាគ​បូព៌ា ​ (ដកស្រង់​ចេញពី​ឯកសារ D៤១៧៣២)

320
ចែករម្លែក

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា / ​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ម៉ុម ចក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ក្នុង​១៩៧៨) មាន​ទីកន្លែង​កំណើត​ភូមិ​ពញា​លាង ឃុំ​ក្រសាំង​ទង ស្រុក​កោះជ័យ តំបន់​២៤​។ ខ្ញុំ​បាន​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០ នៅ​សាលា​វត្ត​កណ្ដាល​ក្នុង ស្ថិតនៅក្នុង​ឃុំ​ក្រសាំង​ទង ស្រុក​កោះជ័យ​។ ក្រោយមក​ខ្ញុំ​ក៏​ឈប់រៀន​មកជួយ​ធ្វើស្រែ​ឪពុកម្ដាយ និង​ឡើងត្នោត​។ នៅក្នុង​ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ ពូ​ម៉េង គឺជា​អតីត​ខ្មែរឥស្សរៈ (​បច្ចុប្បន្ន ប្រធាន​សេដ្ឋកិច្ច​តំបន់​២៤) ព្រោះ​គ្រួសារ​របស់ខ្ញុំ​ខ្វះ​ខាត់​លុយកាក់​, អង្ករ និង​គោ​សម្រាប់​ទឹម​។ ពូ​ម៉េង បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ខ្ញុំ ហើយ​បាន​អប់រំ​ខ្ញុំ​ឲ្យ​ស្អប់​ពួក​សក្ដិភូមិ និង​កុម្មុយនីស្ត​ខ្មែរក្រហម​ដែល​រឹតត្បិត​សិទ្ធិសេរីភាព​។

​កងកុមារ និង​យុវជន នៅតាម​មន្ទីរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩) កំពុង​ជីករណ្តៅ​ដាំ​ដើម​ដូង​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ឆ្នាំ​១៩៧០ ក្រោយ​កើតមាន​រដ្ឋប្រហារ ពូ​ម៉េង និង បង​វ៉ែន (​អតីត​អនុ​លេខា​ស្រុក​ពាម​ជរ​) ចូលមក​គ្រប់គ្រង​នៅ​គណៈ​ស្រុក​ពាម​ជរ​, ពូ​សួន (​ប្រធាន​សន្តិសុខ​តំបន់​២៤), តា​ហែម (​ប្រធាន​រណសិរ្ស​តំបន់​២៤)​។ នៅ​ខែមេសា ពូ​ម៉េង បានមក​ទទួល​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​បង្កប់ខ្លួន​នៅក្នុង​បដិវត្តន៍​ដែលមាន​តួនាទី​ជា​ប្រធាន​ផ្គត់ផ្គង់​នៅ​មន្ទីរ​ស្រុក​ពាម​ជរ​។ មិត្ត​យុ​ត បាន​ចាត់តាំង​ជា​ប្រធាន​យោធា​ស្រុក​ពាម​ជរ និង​សមាជិក​ស្រុក មិត្ត​ព្រឿង ឲ្យ​ទទួល​លេខា​ឃុំ​ស្វាយ​ភ្លោះ​, មិត្ត​គែ​ស និង មិត្ត​ប៊​ន ឲ្យ​ទទួល​សេដ្ឋកិច្ច​ស្រុក​ពាម​ជរ​។
​ ​នៅក្នុង​ឆ្នាំ​១៩៧១ ពូ​ម៉េង និង បង​វ៉ែន បាន​ដក​ខ្ញុំ​ពី​ប្រធាន​ផ្គត់ផ្គង់​ឲ្យ​មក​ទទួល​អនុប្រធាន​នីរសារ​ស្រុក​ពាម​ជរ ហើយ​បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយ​ឈ្មោះ សាំង ដែលជា​ប្រធាន​នីរសារ​។ ភារកិច្ច​ខ្ញុំ​ដែលជា​នីរសារ​គឺ ពូ​ម៉េង ណែនាំ​ឲ្យ​យក​សំបុត្រ​ឡើង​ចុះ​តាម​ឃុំ​នីមួយៗ​ទាំង​ផ្លូវការ និង ក្រៅផ្លូវការ​, ទាក់ទង​ជាមួយ​ពូ​ឈូក នៅ​ខាង​តំបន់​២៤ និង​ពង្រីក​កម្លាំង​នៅក្នុង​ជួរ​នីរសារ​។ កម្លាំង​ដែល​គាត់​ឲ្យ​ខ្ញុំ​ទាក់ទង​តាម​ភូមិ​មាន ឡេ (​លេខា​ឃុំ​ព្រែក​ក្របៅ​), ស៊ាន (​លេខា​ឃុំ​អង្គរ​អង់​), ឆាយ (​លេខា​ឃុំ​ស្វាយ​ភ្លោះ​), អឿន (​លេខា​ឃុំ​កោះ​ចេក​), ប៊ុនថន (​លេខា​ឃុំ​សំបួរ​), ម៉ៅ (​ប្រធាន​ឃុំ​កោះ​រកា​), ឡេង (​លេខា​ឃុំ​កោះកុង​), កាន (​លេខា​ឃុំ​កោះ​សំពៅ​), ស៊ន់ (​លេខា​ឃុំ​តា​ហ៊ុយ​)​។​
​ ​នៅក្នុង​ឆ្នាំ​១៩៧២ ពូ​ម៉េង និង បង​វ៉ែន បាន​សរសេរ​សំបុត្រ​ឲ្យ​ខ្ញុំ​ទៅ​ណែនាំ​កម្លាំង​ទៅតាម​ឃុំ​ដើម្បី​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ចាប់​ត្រី​តាម​ឡូត៍ ឬ​បឹង​។ កន្លែង​ណា​ដែលមាន​ត្រី​ច្រើន​ត្រូវបាន​ហាម​មិន​ឲ្យ​ចាប់​ទេ ឲ្យ​ចាប់​កន្លែង​មាន​ត្រី​តិច កន្លែង​ណា​មាន​ត្រី​ច្រើន​គឺ​ទុក​ឲ្យ​កងទ័ព​វៀតណាម​ចាប់​ហូប​។ ខ្ញុំ​បាន​បំផុស​ឲ្យ​ប្រជាជន​ស្រឡាញ់​កងទ័ព​វៀតណាម និង​ជួយ​ឧ​ប​ត្ត​ម្ភ​ដល់​កងទ័ព​វៀតណាម​ដែល​បានមក​បោះទីតាំង​នៅក្នុង​ទឹកដី​ខ្មែរ​។
​ ​នៅក្នុង​ឆ្នាំ​១៩៧៣ ពូ​ម៉េង បាន​ចាត់តាំង​ខ្ញុំ និង​បង​វ៉ែត ឲ្យ​ទាក់ទង​ជាមួយ ពូ​ឈូក ដោយ​ឲ្យ​ខ្ញុំ​យក​សំបុត្រ​របស់គាត់​ឲ្យ ពូ​ឈូក​។ ខ្លឹមសារ​សំបុត្រ​នោះ ពូ​ម៉េង បាន​ប្រាប់ ពូ​ឈូក ពី​ការកសាង​កម្លាំង​នៅក្នុង​ស្រុក​ពាម​ជរ​។ ចុងឆ្នាំ​១៩៧៣ ពូ​ម៉េង បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​ណែនាំ បង​ឡេ​, បង​ស៊ាន ឲ្យ​ធ្វើ​សកម្មភាព​ដឹកនាំ​ប្រជាជន​មិន​ឲ្យ​ទប់ទឹក​ទុក​ធ្វើ​ស្រូវ ហើយ​សាប​ស្រូវ​ក្នុង​ទឹក​ឲ្យ​រលួយ​ខូច​។


​នៅក្នុង​ឆ្នាំ​១៩៧៤ ពូ​ម៉េង បាន​ដក​ខ្ញុំ​ចេញពី​នីរសារ​ឲ្យ​ទៅ​ទទួល​អនុប្រធាន​ឃោសនា​ក្នុងស្រុក​ពាម​ជរ​ហើយ​ណែនាំ​ខ្ញុំ​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​ជាមួយ បង​ខេង (​ប្រធាន​ឃោសនាការ​) ដែល​ត្រូវជា​ប្អូនប្រុស​របស់ ពូ​ម៉េង​។ ពីរ​ខែ​ក្រោយមក ពូ​ម៉េង បាន​ចុះមក​ចាត់តាំង​ដោយ​ហៅ​ខ្ញុំ​, បង​ខេង និង មិត្ត​សា មក​ប្រជុំ ហើយ​ប្រគល់​ភារកិច្ច​ឲ្យ បង​ខេង ដើរ​ឃោសនា​តាម​ឃុំ ធ្វើ​សកម្មភាព​វាយប្រហារ​បដិវត្តន៍ ដែល​មិនអាច​មានលទ្ធភាព​ដោះស្រាយ​ជីវភាព​ប្រជាជន​បាន និង​ឃោសនា​ប្រជាជន​ឲ្យ​លះបង់​ទ្រព្យសម្បត្តិ​រួម​ដាក់​ជា​ឯកជន​។ ក្រៅពីនេះ​មុខសញ្ញា​នីមួយៗ​ត្រូវ​កសាង​កម្លាំង​បន្តទៀត​ដើម្បី​បង្កប់ខ្លួន​ធ្វើការ​តស៊ូ​ជាមួយ​បដិវត្តន៍ ដណ្ដើម​រដ្ឋអំណាច​ពី​បដិវត្តន៍​វិញ​នៅ​ថ្ងៃ​អនាគត​ខាងមុខ​។ នៅ​ចុងឆ្នាំ​១៩៧៤ ពេល​ប្រជាជន​កើតមាន​ជំងឺគ្រុនចាញ់​។ ពូ​ម៉េង បាន​ណែនាំ​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយ បង​សា​វី នៅ​ខាង​ផ្នែក​ពេទ្យ​ហើយ​បាន​ណែនាំ​បង​សា​វី កុំ​ឲ្យ​យក​ថ្នាំ​ល្អៗ​ទៅ​ព្យាបាល​ប្រជាជន យកតែ​ថ្នាំ​ណា​គុណភាព​អន់​ដែល​ផលិត​បាន​ដោយ​ខ្លួនឯង​ទៅ​ព្យាបាល ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​មានទំនាស់​ជាមួយ​បដិវត្តន៍​។ ពេល​ខ្ញុំ​ត្រឡប់​មកកាន់​ការដ្ឋាន​វិញ ចំពេល​ស្រូវ​ទុំ ខ្ញុំ​មិនបាន​ឲ្យ​កម្លាំង​ទុកដាក់​ស្រូវ​ឲ្យ​បាន​ស្រួល​បួ​ប​នោះទេ គឺ​ធ្វើ​ឲ្យ​ស្រូវ​ត្រូវ​ទឹកភ្លៀង និង​ជ្រូក​ស៊ី​អស់​ប្រមាណ​ជាង​១០​បាវ​។ ម្យ៉ាងទៀត នៅពេលដែល​យោធា​ត្រូវការ​កម្លាំង​ជួយ​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់រំសេវ ខ្ញុំ​ក៏​មិន​ឲ្យ​កម្លាំង​នោះ​ទៅ​ដែរ​ដោយ​យក​លេស​ថា​ខ្វះ​នេះ​ខ្វះ​នោះ​។


​ ​នៅ​ដើមឆ្នាំ​១៩៧៥ មុនពេល​រំដោះ ជនជាតិ​វៀតណាម​ឈ្មោះ ហា​ញ៉ា បាន​អញ្ជើញ ពូ​ម៉េង​, ពូ​ហ៊ឹម​, បង​ខេង​, បង​យ៉េ​ង​, ពូ​លាក់ និង ឃឹ​ន (​អនុ​លេខា​ស្រុក​បាភ្នំ​), ឈួន (​លេខា​ស្រុក​ពាម​រក៍​), កន (​អនុប្រធាន​ការដ្ឋាន​៣​តោន របស់​ស្រុក​ពាម​ជរ​), ផន (​ជំនួយការ​សេនាធិការ​យោធា​តំបន់​២៤), សុក (​ប្រធាន​ពាណិជ្ជកម្ម​ស្រុក​កោះជ័យ​) និង មិត្ត​ប៊ុនថន ទៅ​ជួប​ដោយ​ខ្ញុំ​ជា​អ្នក​បើកកាណូត​។ យើង​ធ្វើដំណើរ​តាម​មាត់​ទន្លេតូច ទៅដល់​ទីតាំង​ប្រជុំ​នៅ​កោះ​សា​កូ ក្នុង​ទឹកដី​វៀតណាម​។ ការជួបគ្នា​នេះ​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា​និង​វៀតណាម និង​ដឹកនាំ​ពាណិជ្ជកម្ម​ពី​កម្ពុជា​ទៅ​វៀតណាម​។ មួយ​សប្តាហ៍​បន្ទាប់ពី​ត្រឡប់​មកពី​ប្រជុំ​វិញ ពូ​ម៉េង បាន​ហៅ​កម្លាំង​គាត់​ទាំងអស់​នៅតាម​ឃុំ​មក​ប្រជុំ​នៅ​មន្ទីរ​ស្រុក​រួមមាន គី ហៅ ម៉ៅ​, បង​ឡេ​, បង​កាន​, បង​ស៊ន់​, បង​ស៊ាន​, បង​ឆាយ​, បង​អឿន​, ប៊ុនថន​, បង​ខេង និង​ខ្ញុំ​។ ខ្លឹមសារ​នៅក្នុង​ការប្រជុំ ពូ​ម៉េង ស្នើសុំ​គោ​នៅ​គ្រប់​ឃុំ​ទាំងអស់​ចំនួន​៥០០​ក្បាល នៅក្នុង​ស្រុក​ពាម​ជរ ជា​ថ្នូរ​វៀតណាម​ជួយ​ខាង​យោធា វាយ​រំលំ​បដិវត្តន៍​ខាងមុខ​។​កន្លះ​ខែក្រោយ​មក​តាម​ភូមិ​នីមួយៗ​បាន​យក​គោម​កដា​ក់នៅ​កន្លែង​ខ្ញុំ​ជា​បន្តបន្ទាប់ ហើយ​ពូ​ម៉េង បាន​ចាត់តាំង​កម្លាំង​របស់​ដែល​អប់រំ​បាន​ចំនួន​បីនាក់​ឲ្យ​ដឹកគោ​ទាំងនោះ​ម្ដង​៥០​ក្បាល ទៅ ១០០​ក្បាល​ឲ្យ ហា​ញ៉ា នៅតាម​ព្រំដែន​។ ក្នុង​រយៈពេល​កន្លះ​ខែ កម្លាំង​របស់ ពូ​ម៉េង ដឹកគោ​ឲ្យ​វៀតណាម​បាន​ចំនួន​៥០០​ក្បាល តាម​ច្រក​ទន្លេតូច​។


​ ​នៅ​ឆ្នាំ​១៩៧៦ ក្រោយពី ពូ​ម៉េង បាន​ឡើងទៅ​ជួប ពូ​ឈូក ពូ​ម៉េង​បាន ហៅ បង​ខេង បង​ម៉ៅ ,​បង​ឡេង​, បង​កាន​, បង​ស៊ន់​, ស៊ាន​, បង​ឆាយ​, បង​អឿន​, ប៊ុនថន​, បងគា​, ជាតិ​, មិត្ត​យុ​ត និង​ខ្ញុំ​ទៅ​ប្រជុំ​នៅ​មន្ទី​ស្រុក​។ ចំណែក​ខ្លឹមសារ ពូ​ឈូក បានដាក់​ផែនការ​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ប​ដិ​វត្ត​ន៍​នៅក្នុង​តំបន់​២៤ នៅ​ខែតុលា ហើយ​ត្រូវ​ត្រៀម​ស្បៀង​ឲ្យ​បាន​គ្រប់គ្រាន់​, ត្រៀមកម្លាំង​ឈ្លប​ឲ្យ​បាន​១២​នាក់​នៅក្នុង​១​ឃុំ ត្រៀមកម្លាំង​នៅពេល​មាន​រដ្ឋអំណាច​ថ្មី​។ នៅ​ខែសីហា ពូ​ម៉េង បាន​ហៅ​បង​សា​វី​, មិត្ត​យុ​ត​, មិត្ត​ជាតិ​, បងគា និង​ខ្ញុំ មក​ប្រជុំ​នៅ​មន្ទី​ស្រុក​ពាម​ជរ​។ ពូ​ម៉េង បាន​លើកឡើងថា ផែន​ការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​ទេ​។ បង​ឈូក ត្រូវបាន​ចាប់ខ្លួន ព្រមទាំង​ខ្សែ​របស់​យើង​នៅតាម​តំបន់ និង​យោធា​មួយចំនួនទៀត​ដែលជា​អ្នកដឹកនាំ​។ នៅក្នុង​តំបន់​២៤​មានតែ​ស្រុក​ពាម​ជរ​តែមួយ​ប៉ុណ្ណោះ ដែល​អង្គការ​មិនទាន់​សង្ស័យ​ហើយ​នៅមាន តា​ជ័យ ដែលជា​អនុប្រធាន​ស្រុក​២៤​។ ចំណែក​ការសម្ងាត់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​បន្តធ្វើ​សកម្មភាព​។


​ ​នៅ​ខែមករា ឆ្នាំ​១៩៧៧ តា​ចាន់ បាន​ដក ពូ​ម៉េង ឲ្យ​ទៅ​ទទួល​ប្រធាន​សេដ្ឋកិច្ច​តំបន់​២៤​។ បង​សា​វ៉ាន ត្រូវបានចាត់តាំង​ជា​លេខា​ស្រុក​ពាម​ជរ​, បង​ឆាន​ជា​អនុ​, បង​ហ៊ាន​សមាជិក​, បង​សំអាន សមាជិក ហើយ​ខ្ញុំ និង​បង​សា​វ៉ាន ជា​ប្រធាន​សន្តិសុខ​ស្រុក​ពាម​ជរ ហើយ​ឲ្យ​បងគា​ជា​អនុ​វិញ​។ នៅក្នុង​ឆ្នាំ​១៩៧៧ ស្រុក​ពាម​ជរ​បានទទួល​ប្រជាជន​មកពី​ព្រំដែន​តំបន់​២៣ ចំនួន​៥០​គ្រួសារ មក​នៅតាម​ឃុំ​។ ពេលនោះ​បង​សា​វ៉ាន និង បង​សំអាន បាន​ណែនាំ​ខ្ញុំ និង​បងគា ឲ្យ​ធ្វើ​សកម្មភាព​បំផុសប្រជាជន​ថ្មី និង​ប្រជាជន​ចាស់​ឲ្យ​មានទំនាស់​ជាមួយគ្នា ។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៧ បង​សា​វ៉ាន បង​សំអាត បាន​ហៅ​បង​សារី ,​មិត្ត​យុ​ត ,​មិត្ត​ជាតិ ,​បង​ខេង ,​មិត្ត​សា​មាន ,​បងគា និង​ខ្ញុំ មក​ប្រជុំ​នៅ​មន្ទីរ​ស្រុក​ពាម​ជរ​។ បង​សា​វ៉ាន បាន​ផ្សាយ​ពី​ផែនការ​ឲ្យ​ដឹងថា ត្រូវ​ប្រមូល​កម្លាំង​ចល័ត​នារី​នៅតាម​ឃុំ ,​កម្លាំង​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បី​មាន​សភាពការណ៍​កើតឡើង​គឺ​យើង​មាន​ម្ចាស់ការ​ជាមុន​ស្រេច​។ តាម​ផែនការ​ចាត់តាំង​ត្រូវ​ឲ្យ​មាន​ប្រធាន​នារី​ស្រុក ដើម្បី​ចុះ​ធ្វើ​សកម្មភាព​នៅតាម​ភូមិ ឃុំ​ជាមួយ​យោធា​នារី​។ ក្រោយពី​ប្រជុំ​ចប់ បង​សា​វ៉ាន និង​បង​សំអាត បាន​ប្រមូល​កម្លាំង​ចល័ត​នៅតាម​ឃុំ​ទាំងអស់​បាន​១៥០​នាក់ រៀបចំ​កងទ័ព​មួយ​កងអនុសេនាធំ​។

​កងចល័ត នៅតាម​សហករណ៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩) កំពុង​គាស់​គល់ឈើ​ដើម្បី​រាន​ដី​ធ្វើស្រែ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅ​ខែមករា ឆ្នាំ​១៩៧៨ ខាង​ប្រធាន​នារី​ស្រុក​បាន​រាយការណ៍​ថា ចាប់​ប្រជាជន​ពីរ​នាក់ មិន​ព្រម​អនុវត្ត​របប​ឯកជន មក​ដាក់​នៅក្នុង​សន្តិសុខ​របស់ខ្ញុំ​។ ខែកុម្ភៈ បង​សារ៉ាន បាន​ហៅ​កម្លាំង​នៅតាម​មូលដ្ឋាន​ទាំងអស់ និង​មន្ទីរ​ជុំវិញ​ស្រុក​ទាំងអស់​មក​ប្រជុំ​នៅក្នុង​មន្ទីរ​ស្រុក​ពាម​ជរ គឺមាន​ឈ្មោះ បង​កាក់​, មិត្ត​យុ​ត​, មិត្ត​ជាតិ​, មិត្ត​សា​មាន​, បង​សា​វី​, បង​ខេង​, បងគា​, បង​ឡេង​, បង​កាន​, បង​ម៉ៅ​, បង​អឿន​, បង​ឆាយ​, បង​ស៊ាន​, បង​ស៊ន់​, បង​សំអាន​, បង​ប៊ុនថន ខ្ញុំ និង បង​យ៉េ​ង (​លេខា​ស្រុក​បាភ្នំ​)​។ នៅពេល​ប្រជុំ បង​សាវ៉ាត បានលើកឡើង​អំពី​ផែនការ​ថ្មី​ត្រៀម​ធ្វើ​រដ្ឋប្រហារ​វាយ​ផ្ដួលរំលំ​បក្ស​កុម្មុយនីស្ត​កម្ពុជា ដើម្បី​កសាង​បក្ស​ថ្មី​មួយ និង​កែប្រែ​របប​សង្គម​ឲ្យ​ទៅជា​របប​ឯកជន​។ ផែន​ការដែល​ត្រូវធ្វើ​នៅ​ខែឧសភា ឆ្នាំ​១៩៧៨ ខាងមុខ​ម​នេះ​។


​ ​ខែមេសា ឆ្នាំ​១៩៧៨ បង​យ៉េ​ង បាន​ហៅ​ខ្ញុំ​និង​មិត្ត​ជាតិ ទៅ​ជួប​គាត់​នៅ​មន្ទីរ​ស្រុក​ពាម​ជរ ហើយ​គាត់​បាន​ណែនាំ​ខ្ញុំ​ថា​ឥឡូវ​ប្អូនឯង​ទាំងពីរ​នេះ​ត្រូវ​នាំ​អង្ករ​២៥​បាវ ឲ្យ​កម្លាំងយោធារ​បស់បង សារ៉ាន​។ បង​យ៉េ​ង ក៏បាន​ចាត់តាំង​៣០​នាក់ បង្កប់​ទុក​នៅក្នុង​ស្រុក​ពាម​រក៍ ដើម្បី​ជា​កម្លាំង​សម្រាប់ធ្វើ​រដ្ឋប្រហារ​។ នៅ​ខែមេសា ឆ្នាំ​១៩៧៨ បង​យ៉េ​ង បាន​ហៅ​កម្លាំង​នៅ​ជុំវិញ​មន្ទីរ​ទាំងអស់​មក​ប្រជុំ​នៅ​មន្ទីរ​ស្រុក​ពាម​ជរ នៅ​ម៉ោង​៧​ព្រឹក​។ មានឈ្មោះ បង​សំអាត​, បង​ខេង​, មិត្ត​យុ​ត​, បង​សារី​, មិត្ត​ជាតិ​, មិត្ត​សា​មាន​, បងគា​, នារី​មឿ​ន និង​ខ្ញុំ​។ បង​យ៉េ​ង បាន​ណែ​នាំមក​គឺត្រូវធ្វើ​រដ្ឋប្រហារ នៅក្នុង​ភូមិភាគ​បូព៌ា ដែល​កម្លាំង​យើង​គឺជា​កម្លាំងយោធា​របស់​ភូមិភាគ សហការ​ជាមួយ​កងទ័ព​វៀតណាម តាមផ្លូវ​ជាតិ​លេខ​៧​មុនគេ​។ ក្រោយ​ប្រជុំ​ខ្ញុំ​បាន​ចាត់​ឲ្យ​មិត្ត​សែម​ចុះ ទៅ​ឃុំ​អង្គ​អង់ ជាមួយ​កម្លាំង​នារី​រ៉ា​, មិត្ត​សាន ទៅ​ឃុំ​ព្រែក​ក្របៅ​ជាមួយ​នារី​មឿ​ន​, បងគា ចុះ​ទទួល​នៅ​ឃុំ​កោះ​ចេក និង​ឃុំ​សំបួរ ជាមួយ​កម្លាំង​នារី​មួន ដើម្បី​ត្រៀម​ធ្វើ​រដ្ឋប្រហារ​។ នៅ​ពាក់កណ្ដាល​ខែឧសភា បង​យ៉េត បាន​ទៅ​ជួប បង​សា​វ៉ាន​។ នៅ​ទី​នោះបាន​រយៈពេល​៣​យប់ បង​យ៉េន បាន​ត្រឡប់មកវិញ ហើយ​បាន​ហៅ​មិត្ត​សំអាន​, មិត្ត​យុ​ត​, បង​ខេង​, បង​សារី​, បងគា​, មិត្ត​សា​មាន​, មិត្ត​ជាតិ នឹង​ខ្ញុំ​មក​ប្រជុំ​ម្ដងទៀត​។ បង​យ៉េ​ង មានមតិ​ថា​ផែនការ​យើង​ធ្វើ​នៅ​ផ្លូវជាតិ​លេខ​៧​នេះ​ឥឡូវ​មក​មិន​ដល់​ផ្លូវជាតិ​លេខ​១​ទេ ព្រោះ​មាន​កងទ័ព​អង្គការ​វាយ​កាត់​ដាច់ៗ​ជា​កង់ៗ និង​ព័ន្ធ​ជុំវិញ​អស់ហើយ​។ តាម​ផែនការ​ពី​បង សា​វ៉ាន យើង​ត្រូវ​ត្រៀម​ធ្វើ​រដ្ឋប្រហារ​នៅ​ខែសីហា ឆ្នាំ​១៩៧៨ ខាងមុខ​។ លើក​នេះ​គឺ​យើង​យក​កម្លាំង​ប្រជាជន​និង​កងទ័ព​រួមគ្នា​ធ្វើ​តែម្ដង ដោយនៅ​ស្រុក​ណា ស្រុក​នោះ​ធ្វើ តំបន់​ណា តំបន់​នោះ​ធ្វើ ឲ្យ​ព្រម​គ្នា​តែម្ដង​។ ក្រោយពី​ប្រជុំ​ចប់ កម្លាំង​នៅ​ត្រៀម​ដូច​មុន​ដដែល ដោយឡែក​តែ​កម្លាំង​កងចល័ត​ដែល​យកមក​ចម្រុះ​ជាមួយ​យោធា​នារី នោះ​ដក​ទៅ​ឲ្យ​កាប់​ព្រៃ​វិញ​។​ឯ​កម្លាំងយោធា​នៅ​ត្រៀម​ដដែល​។ ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​អង្គការ​ចាប់ខ្លួន​តែម្ដង​៕សរន
កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ ម៉ុម ចក់ ពិត​ឬ​យ៉ាងណា​នោះទេ​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ