ចាប់ខ្លួន​និយោជិត​ធនាគារ​វៀតណាម​ចំពោះ​ការបាត់​លុយ​១០,៨​លាន​ដុល្លារ​

3464
ចែករម្លែក

ប៉ូលិស​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​មីនា​បាន​ចាប់ខ្លួន​និយោជិត​ពីរ​នាក់​នៃ​ធនាគារ​ផ្តល់​ឥណទាន​Eximbank​ចំពោះ​តួនាទី​របស់គេ​​ក្នុង​ការជួយ​អតីត​មេដឹកនាំ​ម្នាក់​លួច​យកលុយ​ជាង​១០​លាន​ដុល្លារ​ពី​គណនី​សន្សំ​របស់​អ្នក​ផ្ញើ​ប្រាក់​ម្នាក់​។​

​ហូ ង៉ុ​ក ធី និង ង្វៀន ធី​ធី អ្នក​ទាំងពីរ​ធ្វើការ​នៅ​ផ្នែក​អតិថិជន​នៃ​សាខា​របស់​ធនាគារ​Eximbank Ho Chi Minh ត្រូវបាន​ចាប់​​ខ្លួន​តាម​ដីកា​។​

​អ្នក​ទាំងពីរ​ត្រូវគេ​ជឿថា​បាន​ចូលរួម​ក្នុងការ​លួច​ប្រាក់​សន្សំ ដោយ​ក្នុងនេះ​អតីត​នាយករង​ធនាគារ​Eximbank Ho Chi Minh City​លោក​ឡេ ង្វៀន ហ៊ុ​ង បាន​ប្រើ​ឯកសារ​និង​លិខិត​ក្លែងក្លាយ​ដើម្បី​លួច​យកប្រាក់​២៤៥​លាន​ដុង​(១០,៨​លាន​ដុល្លារ​)​ពី​សៀវភៅ​​សន្សំ​ជាច្រើន​របស់​អតិថិជន​ឈ្មោះ​ជូ ធី ប៊ី​ញ​។​

​បើតាម​របាយការណ៍​ប៉ូលិស ហ៊ុ​ង​បាន​ក្លែង​ឯកសារ​ដោយ​សរសេរថា អតិថិជន​ប៊ី​ញ អនុញ្ញាតអោយ​ឈ្មោះ​ធី ហុង ឡេ​ដែលជា​ម្តាយមីង​​ប្រពន្ធ​របស់លោក​មាន​សិទ្ធិ​បើក​យកប្រាក់​សន្សំ ហើយ​និយោជិត​ទាំងពីរ​ខាងលើ​ជា​អ្នកពិនិត្យ​ឯកសារ​បញ្ជាក់ថា​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា​នេះ​មិនមែនជា​ករណី​លួច​ប្រាក់​សន្សំ​របស់​អតិថិជន​លើកទីមួយ​ទេ​នៅ​វៀតណាម​។​នៅ​ខែ​នេះដែរ​អតិថិជន​៦​នាក់​របស់​​ធនាគារ​Eximbank បាន​តវ៉ា​ថា​ប្រាក់​សន្សំ​របស់គេ បាន​បាត់​ដោយ​អាថ៌កំបាំង​។​

​កាលពី​ខែសីហា​ឆ្នាំ​២០១៦ ធនាគារិក​របស់​ធនា​គារ​Eximbank Nghe An​ម្នាក់​បានប្រគល់​ខ្លួន​អោយ​ប៉ូលិស ដោយ​ថា​ខ្លួន​បាន​​បោកប្រាស់​អតិថិជន​និង​បាន​ប្រើប្រាស់​ទ្រព្យ​របស់គេ​មិន​សមស្រប​៕​ដោយ​៖​វាសនា​

ចាប់ខ្លួន​និយោជិត​ពីរ​នាក់​នៃ​ធនាគារ​ផ្តល់​ឥណទាន​Eximbank

ទីតាំងផ្សាយពាណិជ្ជកម្ម