បុគ្គលិកអង្គការ WHO ពីរនាក់ឆ្លងជំងឺកូវីដ១៩

188
ចែករម្លែក

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី១៧មីនាថា បុគ្គលិកពីរនាក់ត្រូវបានបញ្ជាក់ថាឆ្លងជំងឺកូវីដ១៩។

ស្ថាប័នដឹកនាំការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាតនេះបាននិយាយថា បុគ្គលិកទាំងពីរនាក់បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅផ្ទះ ហើយបន្ទាប់មកត្រូវបានធ្វើតេស្តឃើញកូវីដ១៩។

ដំណឹងនៃការធ្វើរោគវិនិច្ឆ័យវិជ្ជមានរបស់អ្នកទាំងពីរបានកើតឡើងខណៈការិយាល័យប្រចាំតំបន់របស់ WHO ប្រចាំនៅទ្វីបអឺរ៉ុបនិយាយថាចាំបាច់ត្រូវមានវិធានការក្លាហានបំផុតនៅក្នុងបណ្តាប្រទេសអឺរ៉ុបទាំងអស់ ដោយហៅទ្វីបនេះថាជាចំណុចស្នូលនៃជំងឺរាតត្បាតថ្មី។

ករណីថ្មីនៅ WHO គឺជាករណីដំបូងនៅអង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះ និង កើតឡើងបន្ទាប់ពីមានករណីដែលបានបញ្ជាក់នៅឯការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវក៏ដូចជាមួយករណីទៀតនៅឯអង្គការពាណិជ្ជកម្មពិភពលោកកាលពីសប្តាហ៍មុន។

គេមិនច្បាស់ទេថាតើបុគ្គលិកដែលឆ្លងជំងឺនេះកំពុងធ្វើការងារក្នុងការឆ្លើយតបនឹងមេរោគនេះឬយ៉ាងណានោះទេ។

លោក ហាន ក្លាក់ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “គ្រប់ប្រទេសទាំងអស់គ្មានករណីលើកលែងឡើយ គឺត្រូវតែចាត់វិធានការដ៏អង់អាចក្លាហានបំផុតដើម្បីបញ្ឈប់ឬបន្ថយការគំរាមកំហែងពីមេរោគ”៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិក២នាក់របស់ WHO ឆ្លងកូវីដ១៩