តោះមកមើលកំពូលស្មាតហ្វូន Samsung Galaxy S20 Ultra

444
ចែករម្លែក

មិនបារម្ភពីវិបត្តិកូវីដ១៩ ក្រុមហ៊ុន Samsung បាននាំមកនូវតួឯកប្រចាំឆ្នាំ២០២០របស់ខ្លួនមកកាន់ទីផ្សារ ជាមួយ Specs ធំជាងមុន និង តម្លៃក៏ធំជាងមុនដែរ។

ជាមួយលេនកាមេរ៉ាខ្លាំងចំនួន៤គ្រាប់សម្រាប់ថតគ្រប់ស្ថានភាព (ថតហ្ស៊ូម ថតផ្ទៃលាត ថតផ្ទៃលាតខ្លាំង និងថតព្រិលផ្ទៃខាងក្រោយ) គម្លាតរវាងភាពថ្លាច្បាស់ កម្រិតនៃភាពដិតនៃពណ៌ធម្មជាតិ សមត្ថភាពហ្ស៊ូមរវាងទូរស័ព្ទ S20 និងកាមេរ៉ាអាជីព (ដូចជា Sony A73) ស្ទើរតែបាត់ទាំងស្រុង ដោយសារតែកាមេរ៉ាធំរបស់វាកម្រិតដល់ទៅ ១០៨ មេហ្គាភិចសែល។ ទូរស័ព្ទនេះមានសមត្ថភាពទប់លំនឹង ៦០ ដឺក្រេដើម្បីជួយអ្នកដែលមានដៃញ័រ និង កំពុងនៅក្នុងស្ថានភាពញ័រ។

អ្នកដែលចូលចិត្តថតផ្ទៃលាតខ្លាំង គឺច្បាស់ជាពេញចិត្តជាមួយកាមេរ៉ាទូរស័ព្ទនេះ ព្រោះវាអាចថតទេសភាពនិងមនុស្សទូទៅបានស្អាតខ្លាំង ហើយវានឹងមិនធ្វើឱ្យអ្នកខកចិត្តឡើយ។ ទូរស័ព្ទនេះអាចហ្ស៊ូមបាន ១០០ ដង ប៉ុន្តែការរួមបញ្ចូលគ្នានូវអុបទីខលហ្ស៊ូមនិងឌីជីថលហ្ស៊ូម នឹងធ្វើឱ្យរូបភាពបាត់បង់គុណភាព។ ដូច្នេះកម្រិតហ្ស៊ូមត្រឹម ៣០ ដងអាចទទួលយកបាន។

ម៉ូតថតយប់ឬថតអូតូ នៅពេលទូរស័ព្ទគណនាប្លង់នៅទីងងឹត អាចចាប់យកពន្លឺបានច្រើននៅទីមានពន្លឺតិចតួច ដោយធ្វើឱ្យរូបភាពចេញមកមានពន្លឺគ្រប់គ្រាន់។ ដើម្បីធ្វើដូចនេះបាន ទូរស័ព្ទមានលក្ខណៈពិសេសមួយអាចផ្គុំរូប ៣០ ប៉ុស្តិ៍ចូលគ្នាដើម្បីបង្កើតរូបថតដែលមានពន្លឺភ្លឺច្បាស់គ្រប់គ្រាន់។ ប៉ុន្តែត្រូវដឹងដែរ ទូរស័ព្ទនេះមាន Auto Focus ខ្សោយជាងទូរស័ព្ទស៊េរី S មុនៗ។

ពិតណាស់ ទូរស័ព្ទនេះអាចថតវីដេអូបានដល់កម្រិត 8K ប៉ុន្តែថតបានតែក្នុងកម្រិត ២៤ ហ្វ្រេមក្នុងមួយវិនាទីប៉ុណ្ណោះ ហើយលំនឹងអុបទិកក៏មិនសូវល្អដែរ។ ដូច្នេះថតត្រឹមកម្រិត 4K គឺអាចទទួលយកបានពេកហើយសម្រាប់ស្មាតហ្វូននេះ។ ចំណុចពិសេសគឺវាអាចថតវីដេអូ 4K បានទាំងកាមេរ៉ាមុខនិងក្រោយ។

និយាយអំពីអេក្រង់ គឺវាមានទំហំ ៦,៩ អ៊ីញ ដែលមាន Resolution រហូតដល់ ៣.២០០ គុណ ១.៤៤០ ឬអាចទម្លាក់មកត្រឹម Full HD កម្រិត ២.៤០០ គុណ ១.០៨០។ ហើយថាមពលថ្មដល់ទៅ ៥.០០០ មិល្លីអំពែរម៉ោងនឹងធ្វើឱ្យអ្នកប្រើវាបានពេញមួយថ្ងៃយ៉ាងងាយ បើសិនអ្នកមិនមែនជាអ្នកចូលចិត្តលេងហ្គេមទេនោះ។

ទូរស័ព្ទនេះអាចប្រើបានជាមួយប្រព័ន្ធ 5G និងតម្លៃលក់លើទីផ្សារប្រទេសថៃគឺជាង ១០ ម៉ឺនបាតក្នុងមួយគ្រឿង៕ ដោយ៖ កញ្ញាដាលីស