សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ ទទួល​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

364
ចែករម្លែក
សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​កំពុង​បំពេញ​កម្រង​សំណួរ​ស្ទាបស្ទង់​មតិ​ទាក់ទង​នឹង​ចំណេះដឹង​ពី​របប​ខ្មែរក្រហម មុនពេល​វេទិកា​ថ្នាក់រៀន​ចាប់ផ្តើម​។​
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​មីន សា​ណាស់​/ ​ភ្នំពេញៈ​សិស្សានុសិស្ស​ប្រុស​ស្រី​ចំនួន​៦៣​នាក់​នៃ​វិទ្យាល័យ​ព្រៃ​ព្នៅ បានទទួល​ចំណេះដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ស្វែងយល់​ស៊ីជម្រៅ​ពី​និយមន័យ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​វិធី​ទប់ស្កាត់​អំពើ​នេះ​ជា​លក្ខណៈ​បុគ្គល គ្រួសារ​ឬ​សហគមន៍ និង​ប្រទេសជាតិ តាមរយៈ​វេទិកា​ថ្នាក់រៀន​ស្ដីអំពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»​។ វេទិកា​នេះ ទទួលបាន​ការសហកា​រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​។
​វិទ្យាល័យ​ព្រៃ​ព្នៅ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង មាន​ចម្ងាយ​៧៤​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨​។ នៅក្នុង​ឆ្នាំ​១៩៨៧ សាលារៀន​ព្រៃ​ព្នៅ​បានកកើតឡើង ក្រោម​ការផ្ដួចផ្ដើម​គំនិត​ពី​ព្រះចៅអធិការ​វត្ត​ព្រៃ​ព្នៅ​ខាងជើង ព្រះនាម សូ​ស ប៊ុត​។ មួយឆ្នាំ​ក្រោយមក សាលា​ដែល​ទើប​កសាង​ថ្មី​នេះ បានចាប់ផ្ដើម​ទទួល​សិស្ស​ឲ្យ​ចូលរៀន​។ ចាប់ពី​ឆ្នាំ​២០០៧​មក សាលារៀន​នេះ​បានប្រែក្លាយ​ទៅជា​វិទ្យាល័យ​ព្រៃ​ព្នៅ​រហូតមក​។​
​ដំណើរការ​វេទិកា​ថ្នាក់រៀនៈ
​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​អនុវត្ត​វេទិកា​ថ្នាក់រៀន​លើក​ទី​៤៤​របស់ខ្លួន តាម​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដូច​ឆ្នាំមុនៗ ដើម្បី​ពង្រឹង​ចំណេះដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ក៏ដូចជា​ការ​ឈ្វេងយល់​ពី​អត្ថន័យ​នៃ​ពាក្យ​អំពើ​ប្រល័យពូជសាសន៍ និង​ការទប់ស្កាត់​អំពើ​នេះ​នាពេល​អនាគត​។ វេទិកា​ថ្នាក់រៀន គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​មាន​គោលបំណង​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ ដែលជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ការផ្លាស់ប្ដូរ​នាពេល​អនាគត​។

​លោក ផេង ពង្ស​រ៉ាស៊ី ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម​ប្រាប់​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ព្រៃ​ព្នៅ នៅ​អំឡុង​ពេលធ្វើ​វេទិកា​ថ្នាក់រៀន​។​
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ជាមួយនឹង​ការស្វាគមន៍​ដ៏​រាក់ទាក់​ពី​សំណាក់​លោកនាយក និង​គ្រូបង្រៀន​នៃ​វិទ្យាល័យ​នេះ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​កម្មវិធី​មួយចំនួន​នៃ​វេទិកា​ថ្នាក់រៀន​នេះ ដូចដែល​បានគ្រោង​ទុក​។ សិស្សានុសិស្ស​ម្នាក់ៗ មាន​ជំនឿ​ចិត្ត​ថា ខ្លួន​នឹង​បានទទួល​ចំណេះដឹង​បន្ថែម​ពី​វេទិកា​នេះ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ខ្លួន​នឹង​អាចមាន​លទ្ធភាព​ឆ្លើយ​សំណួរ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ប្រសិនបើ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ត្រូវបាន​ជ្រើសរើស​ដាក់បញ្ចូល​ក្នុងការ​ប្រឡង​បញ្ចប់​ចំណេះដឹង​ទូទៅ​ថ្នាក់ជាតិ​នាពេលខាងមុខ ហើយ​ក្នុងនោះ​មាន​សំណួរ​មួយចំនួន​គឺជា​សំណួរ​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​នេះ​។

សិស្សានុសិស្ស គ្រូបង្រៀន នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ និង​ក្រុមការងារ​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថតរូប​ជុំគ្នា​។​
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​វេទិកា​នេះ បានទទួល​នូវ​ចំណេះដឹង​បន្ថែម​ពី​បុព្វហេតុ និង​មូលហេតុ​នៃ​៖ ១) ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​។ ២) ការបំបាត់​ទីផ្សារ និង​រូបិយវត្ថុ​។ ៣) ការកម្ទេច​វត្ត​អារាម និង​ផ្សឹក​ព្រះសង្ឃ​។ ៤) ការបិទ​សាលារៀន និង​គ្រឹះស្ថានសិក្សា​។ ៥) ការសម្លាប់​បញ្ញវន្ត មន្ត្រី​រដ្ឋការ និង​ប្រជាជន​ស្លូតត្រង់​។ ៦) ការបង្កើត​សហករណ៍​នៅ​ទូទាំងប្រទេស​។ ៧) ការ​ផ្តាច់ទំនាក់ទំនង និង​បំបែកបំបាក់​ក្រុមគ្រួសារ និង ៨) កា​រប​ណ្តោ​ញ​ជនជាតិ​វៀតណាម និង​ការធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម​។


​លើសពីនេះ​ទៀត ការធ្វើ​បទ​បង្ហាញ​ពី​និយមន័យ​នៃ​អំពើ​ប្រល័យពូជសាសន៍ ដែល​បាន​ផ្តោតលើ​ការពន្យល់​ពី​ធាតុ​ផ្សំ​ទាំងឡាយ​ដែល​នាំ​កើតមាន​អំពើ​ប្រល័យពូជសាសន៍ និង​ពី​វិធី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ជា​បុគ្គល សហគមន៍ ក្រុមគ្រួសារ និង​ប្រទេសជាតិ​ទាំងមូល ត្រូវបាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ទៅកាន់​សិស្សានុសិស្ស ក្នុងន័យ​តម្រង់ទិស​យុវវ័យ​ជំនាន់​ក្រោយ កុំ​ឲ្យ​ដើរ​ជាន់​ដាន​ចាស់ ដែលជា​ដាន​អាក្រក់ និង​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​។

​សិស្សានុសិស្ស គ្រូបង្រៀន នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ និង​ក្រុមការងារ​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថតរូប​ជុំគ្នា​។​
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​ជា​ភ័ស្តុតាង​ជាក់ស្តែង​ស្តីអំពី​បទពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម ក្រុមការងារ​បាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​មួយ​ស្តីអំពី ជីវិត​កុមារ និង​លទ្ធផល​ដ៏​សោកសង្រេង​របស់​កុមារ​ទាំងនោះ បន្ទាប់ពី​បាន​ឆ្លងកាត់​និង​រួច​រស់​ជីវិត​ពីរ​បប​ខ្មែរក្រហម​។
​មុនពេល​បញ្ចា​ប់​វេទិកា​ថ្នាក់រៀន ការសាកល្បង​ចំណេះដឹង​របស់​សិស្ស​តាមរយៈ​ការបំពេញ​ទម្រង់​តារាង​ស្ទាបស្ទង់​មតិ​មួយ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ​។ ការសាកល្បង​នេះ គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ការបង្កើន​ការចងចាំ​ទ្វេដង និង​ជាការ​លើកទឹកចិត្ត​សិស្ស​ឲ្យ​មានបទពិសោធន៍​ក្នុងការ​ឆ្លើយ​ទៅនឹង​សំណួរ​ជាច្រើន​ទាក់ទង​នឹង​របប​ខ្មែរក្រហម​។ បន្ថែម​ពីនេះ​ទៀត ការសាកល្បង​នេះ ក៏​ជា​ផ្នែក​ដ៏​មាន​សារសំខាន់​មួយ​ក្នុងការ​ទម្លាប់​ឲ្យ​សិស្ស​ចេះ​គិតគូរ​យ៉ាង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នាពេល​អនាគត​។ បន្ទាប់មក សិស្សានុសិស្ស​ទាំង​អស់ទ​ទួលបាន​សៀវភៅ «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និង​សៀវភៅ «​អត្ដ​សញ្ញាណ​ជនជាតិ​ចាម​នៅក្នុង​យុគសម័យ​សកលភាវូបនីយកម្ម​» ម្នាក់​២​ក្បាល ដើម្បី​ទុកជា​ឯកសារ​មេរៀន​បន្ថែម​សម្រាប់​ការអភិវឌ្ឍន៍​ចំណេះដឹង​របស់ខ្លួន​។

​ស៊ុន ប៊ុន​ល្ឌី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​សង្គមវិទ្យា ផ្តល់​បទសម្ភាសន៍​ទាក់ទង​នឹង​វេទិកា​ថ្នាក់រៀន ស្ដីអំពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ដើម្បី​ស្វែងរក​ការអភិវឌ្ឍន៍​កម្មវិធី​វេទិកា​ថ្នាក់រៀន​លើក​ក្រោយៗ​ទៀត និង​ដើម្បី​ចង់ដឹង​ពី​អារម្មណ៍ និង​ការយល់ឃើញ​របស់​សិស្ស​ក្នុងការ​ចូលរួម​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​ជួប​សម្ភាសន៍​ជាមួយ​សិស្សានុសិស្ស​មួយចំនួន ដែល​លទ្ធផល​នៃ​ការសម្ភាសន៍​នេះ ត្រូវ​បានបង្ហាញ​ដូចខាងក្រោម ៖
១) ស៊ុន ប៊ុន​ល្ឌី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​សង្គមវិទ្យា​៖
«​ការរៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម បានផ្តល់​ចំណេះដឹង​ដល់​រូបខ្ញុំ និង​ពង្រីក​ចំណេះដឹង​របស់​សិស្សានុសិស្ស​ទាំងអស់​នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​។ មុនពេល​មាន​វេទិកា​នេះ ខ្ញុំ​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តិចតួច ហើយក៏​មិនសូវ​យល់ច្បាស់​ដែរ​។ ក្នុងពេល​ចូលរួម​វេទិកា​នេះ ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​គឺ​អំពើ​ប្រល័យពូជសាសន៍​មកលើ​ប្រជាជន​ក្នុងសម័យ​នោះ ការប្រើ​កុមារ​ឲ្យ​ធ្វើ​ពលកម្ម​ហួសកម្លាំង និង​ការ​បំបែក​គ្រួសារ​មិន​ឲ្យ​រស់នៅ​ជុំគ្នា​។ ខ្ញុំ​ចង់​ឲ្យ​ខាង​ក្រុមការងារ វេទិកា​ថ្នាក់រៀន​នេះ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឲ្យ​ច្រើន​ជាងនេះទៀត​»​។

ម៉េង ស្រី​ណិ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​វិទ្យាសាស្ត្រ​សង្គម ផ្តល់​បទសម្ភាសន៍​ទាក់ទង​នឹង​វេទិកា​ថ្នាក់រៀន ស្ដីអំពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


២) ម៉េង ស្រី​ណិ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖
«​ខ្ញុំ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បាន​ជាង​មុន ពេល​បាន​ចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។ ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​នៅពេល​បាន​មើល​វីដេអូ​រឿង «​កុមារ​កម្ពុជា​» ថត​ក្រោយ​របប​ខ្មែរក្រហម​។ ក្មេងៗ​មិនទាន់​គ្រប់​អាយុ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ឪពុកម្តាយ បែកបាក់​គ្រួសារ ដើរ​ដោយ​គ្មាន​គោលដៅ មិន​ទទួលបាន​ការអប់រំ និង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​»​។​

​គាត ហួយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​សង្គមវិទ្យា ផ្តល់​បទសម្ភាសន៍​ទាក់ទង​នឹង​វេទិកា​ថ្នាក់រៀន ស្ដីអំពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


៣) គាត ហួយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​សង្គមវិទ្យា​៖
«​វេទិកា​ថ្នាក់រៀន​នេះ​ពិតជា​ល្អ ព្រោះ​អាចធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ខ្ញុំ​ធ្លាប់​បានឮ​ឪពុកម្តាយ​ខ្ញុំ និយាយថា របប​ខ្មែរក្រហម​ប្រើ​មនុស្ស​ឲ្យ​ធ្វើការ​ធ្ងន់​ហួសកម្លាំង និង​ផ្ដល់​របប​អាហារ​តិចតួច​ឲ្យ​ហូប​។ ក្នុងការ​ធ្វើ​បទ​បង្ហាញ ខ្ញុំ​ចាប់អារម្មណ៍​គោលនយោបាយ បំបាត់​សាលារៀន និង​គ្រឹះស្ថានសិក្សា​ផ្សេងៗ​របស់​ខ្មែរក្រហម​។ ខ្ញុំ​យល់ថា​ការធ្វើ​បែបនេះ​មិន​ត្រឹមត្រូវ​ទាល់តែសោះ ដោយសារ​មនុស្ស​ម្នាក់ៗ​ត្រូវការ​ចំណេះដឹង​ដើម្បី​ឲ្យ​ជីវិត​រស់នៅ​បាន​ប្រសើរ​។ ខ្ញុំ​គិតថា​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​គឺ​ត្រូវ​ទប់ស្កាត់​អំពើហិង្សា​ផ្សេងៗ ចេះ​ជួយ​គ្នា​ទៅវិញទៅមក​នៅក្នុង​សហគមន៍​»​។​

​ង​ន់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​វិទ្យាសាស្ត្រ​សង្គម ផ្តល់​បទសម្ភាសន៍​ទាក់ទង​នឹង​វេទិកា​ថ្នាក់រៀន ស្ដីអំពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


៤) ង​ន់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១២ ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖
«​វេទិកា​ថ្ងៃនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើន​អំពី​ប្រទេស​កម្ពុជា​ក្រោម​ការត្រួតត្រា​របស់​ខ្មែរក្រហម​។ ខ្ញុំ​ចាប់អារម្មណ៍​ចំណុច​ដែល​ខ្មែរក្រហម​បែង​ចែង​ប្រជាជន​ឲ្យ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​។ ខ្ញុំ​គិតថា​ការលុបបំបាត់​សាលារៀន​គឺជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​សិស្ស​ត្រូវការ​ចំណេះ និង​ការសិក្សា​ដើម្បី​ធ្វើ​ឲ្យ​អនាគត​រុងរឿង និង​ប្រទេសជាតិ​រីកចម្រើន​។ ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ យើង​ត្រូវ​លើកទឹកចិត្ត​ប្រជាជន​កុំ​ឲ្យ​មានការ​រើសអើង និង​អប់រំ​ឲ្យ​ប្រជាជន​គោរព និង​ស្រឡាញ់គ្នា​»៕សរន

​បរិវេណ​វិទ្យាល័យ​ព្រៃ​ព្នៅ​។ វិទ្យាល័យ​នេះ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។​
(​ផាត សិលា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម