បើករថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ដាច់​ជា​ពីរ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

224
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ម៉ាក​អូរ​ឌី​មួយគ្រឿង បោះពួយ​ទៅបុក​ម៉ូតូ​កង់​បី​ខ្មែរ​មួយគ្រឿង ខណៈ​បើក​ឆ្លងផ្លូវ​ដាច់​ជា​ពីរ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ឱសថស្ថាន​ម៉ា​កូ​សា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ខ្មែរ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1M 2535 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ឆ្វេង​ដៃ​បម្រុង​ត្រឡប់ក្រោយ ទើបនឹង​បត់​បាន​ពាក់​កណ្តាលផ្លូវ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​អូរ​ឌី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BD 2211 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ធ្លាក់​ភ្នែក មកពី​ក្រោយ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ចំពាក់​កណ្ដាល​ម៉ូតូ​កង់​បី​ពេញទំហឹង បណ្តាល​ឲ្យ​ដាច់​ជា​ពីរ​ក្បាល​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​កង់​បី​ផ្លោង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ជាច្រើន​ម៉ែត្រ ម្ចាស់​កង់​បី​រងរបួស​ធ្ងន់​។ បន្ទាប់មក​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​អ្នកបើករថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានប្រគល់​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ​កង់​បី និង​រថយន្ត​ទៅ​រក្សាទុក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម