បង្កើន​ប្រាក់​ផាកពិន័យ គឺ​ដើម្បី​ជួយ​ជីវិត​អ្នក​!

232
ចែករម្លែក

​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ថ្មី​មួយទៀត​ដើម្បី​កែ សម្រួលការ​ផាកពិន័យ​អន្តរកាណ៍​លើ​អ្នកបើកបរ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​។ អនុក្រឹត្យ​ថ្មី​នេះ បានកំណត់​ផាកពិន័យ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ដែល​មិន​ពាក់មួក សុវត្ថិភាព ឬ​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ ជាដើម ត្រូវ​ពិន័យ​ទាប​បំផុត ៦​ម៉ឺន​រៀល​។ រីឯ​ឡាន ត្រូវ​ពិន័យ​ទាប​បំផុត ៧៥.០០០ រៀល​។ បើ​បើកបរ​ម៉ូតូ ក្នុងស្ថានភាព​ស្រវឹង​ត្រូវ​ពិន័យ​២៥ ម៉ឺន​រៀល​។​រីឯ​អ្នកបើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ត្រូវ​ពិន័យ ៣០​ម៉ឺន​រៀល​។​

​សូម​រម្លឹកថា អនុក្រឹត្យ​ចាស់ បាន​ពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ដោយ​ម៉ូតូ​ត្រឹមតែ​១៥.០០០ រៀល ដូចជា មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ មិនមាន​កញ្ចក់​មើល​ក្រោយ ជាដើម​។ រីឯ​រថយន្ត​វិញ ត្រូវ​ពិន័យ​ចាប់ពី ២៥.០០០ រៀល​ឡើងទៅ ចំពោះ​អ្នកបើកបរ ឬ​អ្នក​អង្គុយ​កៅអី​ខាងមុខ មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​។​

​វិធានការ​បង្កើន​ប្រាក់​ផាកពិន័យ ចំពោះ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ ល្មើសច្បាប់​ចរាចរណ៍ នៅពេលនេះ ត្រូវបាន​ធ្វើឡើង ក្នុង​បំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​មធ្យម សម្លាប់​មនុស្ស​ប្រាំ​នាក់​និង​បង្ក​ឲ្យ​របួស​ជាង ១០​នាក់ ក្នុង​មួយថ្ងៃៗ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កាលពី​ឆ្នាំ​២០១៩ ស្ថិតក្នុង​កម្រិត ត្រូវ​ប្រកាសអាសន្ន ដោយ​សម្លាប់​មនុស្ស ១.៩៨១​នាក់ កើន ២២០​នាក់ លើស​ឆ្នាំ​២០១៨ និង​របួស ៦.១៤១​នាក់ កើន ១៣៧​នាក់ លើស​ឆ្នាំ​២០១៨​។​
​ ​
ជាការ​ពិត ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​តាមរយៈ​ការបង្កើន​ប្រាក់​ផាកពិន័យ​នេះ ដើម្បី​ឲ្យ​តែ​សេចក្តីសុខសាន្ត​របស់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តែប៉ុណ្ណោះ​។ ពោលគឺ​បើ​អ្នកបើកបរ និង​អ្នកដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ ខ្លាច​ប៉ូលិស​ចាប់​ផាក អស់​លុយ​គួរតែ​នាំគ្នា គោរព​ច្បាប់ ហើយ​អនុវត្ត​យ៉ាង​សាមញ្ញ ងាយៗ តាមរយៈ​បើ​ធ្វើដំណើរ​តាម​ម៉ូតូ ទាំង​អ្នកបើក ទាំង​អ្នក​អង្គុយ​ពីក្រោយ ត្រូវ​ពាក់មួក​សុវត្ថិភាព ទោះ​ជិត ឬ​ឆ្ងាយ ហើយ​ទោះជា​ផ្លូវ​នោះ មាន​ប៉ូលិស​ឈរ​យាម ប្រចាំការ ឬក៏​គ្មាន​ប៉ូលិស​ក៏ដោយ ព្រោះថា​បើសិនជា​អ្នកធ្វើដំណើរ តាម​ម៉ូតូ ជួប​គ្រោះថ្នាក់​ជាយថាហេតុ ដួល​ម៉ូតូ​ដោយ​ប្រការ​ណាមួយ គឺ​បើ​បាន​ពាក់មួក​សុវត្ថិភាព ដោយ​ដាក់​គន្លឹះ​ខ្សែ​ត្រឹមត្រូវ ច្បាស់​ជា​អាចជួយ មិន​ឲ្យ​គ្រោះថ្នាក់ រហូតដល់​បែកក្បាល​នោះទេ​។​
​ ​
មួយវិញទៀត សម្រាប់​អ្នកផឹកស៊ី​ស្រវឹង​វិញ គឺ​រក​កន្លែងដេក​។ បើ​ស្រវឹង​ហើយ​រក​មិត្តភក្តិ​ជូន ទៅផ្ទះ កុំ​ខំប្រឹង ជិះ​ម៉ូតូ ឬ​បើកឡាន​ទាំង​ស្រវឹង ព្រោះថា បើ​កើតហេតុ​ការណ៍​ណាមួយ​មិន ត្រឹមតែ​ត្រូវ​ប៉ូលិស​ផាក​អស់​លុយ​ច្រើន​ទេ តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អាច​បង្ក គ្រោះថ្នាក់​ដល់​អ្នកដទៃ ខូច​ម៉ូតូ​ឡាន បើសិនជា​បុក​ប៉ះ​ទ្រូងផ្លូវ ឬ​បុក​ដើមឈើ បង្គោល​ភ្លើង ជាដើម​។ គ្រាន់តែ​របួស ខូច​ម៉ូតូ​ឡាន មិន​អី​ទេ តែបើ​រហូតដល់​ស្លាប់​ខ្លួនឯង ឬក៏​បង្ក​របួសស្នាម និង​បង្ក​ឲ្យ​អ្នកដទៃ​ស្លាប់ ដោយសារតែ​យើង​ស្រវឹង​បើកបរ​ម៉ូតូ​ឡាន​នោះ គឺជា​រឿង​ស្តាយក្រោយ ហើយ​ត្រូវ​ជាប់គុក អស់ទាំង​លុយ ខូច​ទាំង​របស់​ថែមទៀត​។​
​ ​
ជារួម អ្នកបើកបរ​យានយន្ត និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ឡាន​ទាំងអស់ គួរតែ​គិត​ឲ្យ​បាន​វែង​បន្តិច ហើយ​ចូលរួម​គោរព​ច្បាប់ទម្លាប់ ដើម្បី​កុំ​ឲ្យ​អស់​លុយ​ច្រើន​ផង​ហើយក៏​ដើម្បី​ឲ្យ​បាន​សុខ សុវត្ថិភាព​ទាំង​ខ្លួនឯង​ផង សុខ​សុវត្ថិភាព​ទាំង​អ្នករួមដំណើរ និង​អ្នក​ផ្សេងទៀត​ដែល​ធ្វើដំណើរ តាមផ្លូវ​ជាមួយគ្នា​ផង​៕ ដោយ​៖ ម៉េង​ឆៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ