អ្នកស្រាវជ្រាវអាម៉េរិកចាប់ផ្តើមធ្វើតេស្តថ្នាំទូទៅតម្លៃថោក ២ ប្រភេទសម្រាប់ព្យាបាលជំងឺកូវីដ១៩

348
ចែករម្លែក

ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាម៉េរិកកំពុងប្រមួលយកគំនិតពីអ្នកស្រាវជ្រាវក្នុងប្រទេសដទៃ និង ចាប់ផ្តើមការសិក្សាយ៉ាងតិចចំនួនពីរលើការប្រើថ្នាំទូទៅដើម្បីជួយព្យាបាលជំងឺកូវីដ១៩។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមីននីសូតា (UMN) បានចាប់ផ្តើមការសាកល្បងលើមនុស្សចំនួន ១.៥០០ នាក់នៅសប្តាហ៍នេះដើម្បីធ្វើតេស្តលើប្រសិទ្ធភាពរបស់ថ្នាំ Hydroxychloroquine ដែលជាថ្នាំគ្រុនចាញ់តម្លៃថោកមានការទទួលស្គាល់ដោយរដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិក ក្នុងការព្យាបាលនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

វេបសាយ The St. Paul Pioneer Press បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវ ដែលមានអ្នកវិទ្យាសាស្ត្រពេទ្យរបស់ UMN អ្នកធ្វើស្ថិតិ និង ឱសថការីចំនួន ១០ នាក់ នឹងអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ Hydroxychloroquine ដើម្បីសិក្សាលើអ្នកចូលរួមក្នុងអំឡុងរយៈពេល៥ថ្ងៃ។ ការផ្គត់ផ្គង់ថ្នាំរយៈពេល៥ថ្ងៃគឺអស់ថ្លៃ ១២ ដុល្លារ។

លោកវេជ្ជបណ្ឌិត ដេវីដ អា បូលវ័រ អ្នកវិទ្យាសាស្ត្ររូបវិទ្យាជំនាញខាងជំងឺឆ្លង បានប្រាប់វេបសាយ The St. Paul Pioneer Press ថា “ការសន្និដ្ឋានរបស់យើងគឺថា យើងនឹងកាត់បន្ថយចំនួនអ្នកឈឺបាន ៥០ ភាគរយ និង សង្ឃឹមកាត់បន្ថយបានច្រើនជាងនេះ”។ លោកបូលវ័រកំពុងដឹកនាំការស្រាវជ្រាវនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ទី១៧មីនា បន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សាក្រមសីលធម៌របស់ UMN សម្រាប់ការសាកល្បងលើមនុស្សនៅទូទាំងប្រទេស។

អ្នកដឹកនាំការស្រាវជ្រាវរូបនេះបានប្រាប់វេបសាយព័ត៌មានខាងលើថា ឧបសគ្គធំបំផុតរបស់ក្រុមគាត់គឺការស្វែងរកអ្នកចូលរួមឱ្យគ្រប់គ្រាន់ (១៥០០នាក់) ដែលពួកគេដឹងខ្លួនជាស្រេចថាពួកគេនឹងប៉ះពាល់ផ្ទាល់ជាមួយមេរោគកូរ៉ូណា។

យោងតាមកាសែត New York Times របាយការណ៍មុនៗពីប្រទេសចិននិងបារាំងបានលម្អិតឱ្យដឹងថា ថ្នាំ Hydroxychloroquine អាចទទួលបានជោគជ័យក្នុងការរារាំងជំងឺកូវីដ១៩កុំឱ្យចូលដល់ក្នុងកោសិកាមនុស្ស។ ទោះយ៉ាងណា ការស្រាវជ្រាវបន្ថែមទៀតចាំបាច់ត្រូវធ្វើដើម្បីបញ្ជាក់ពីលទ្ធផលអះអាងនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនាបានឱ្យដឹងថា ការសិក្សាលើការព្យាបាលជំងឺកូរ៉ូណាចំនួន២ទៀត បានចាប់ផ្តើមដាក់ឱ្យប្រើថ្នាំលើសឈាម Losartan។ ថ្នាំ Losartan ជួយការពារលំពែងមនុស្សកុំឱ្យខូចដែលបង្កដោយជំងឺទឹកនោមផ្អែម និងត្រូវបានប្រើទូទៅក្នុងចំណោមអ្នកជំងឺលើសឈាម។

ត្បិតបារម្ភគ្មានអ្នកចូលរួមគ្រប់គ្រាន់ ក៏ប៉ុន្តែវេជ្ជបណ្ឌិត ចាកូប តូឡា ព្រឹទ្ធបុរសនៃសាលាជំនាញវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ UMN និង ជាអនុប្រធានកិច្ចការសាកល្បងព្យាបាល បានប្រាប់រ៉យទ័រថា “លទ្ធផលទំនងជានឹងចេញមកនៅប៉ុន្មានសប្តាហ៍ទៀត មិនមែនរាប់ខែនោះទេ”៕ ដោយ៖ កញ្ញាដាលីស

ថ្នាំគ្រុនចាញ់ Hydroxychloroquine និងថ្នាំលើសឈាម Losartan នឹងត្រូវយកមកធ្វើតេស្តលើមនុស្សជាច្រើននាក់ មុននឹងអនុញ្ញាតឱ្យប្រើលើអ្នកជំងឺកូរ៉ូណា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ