«​ផេះផង់​ធូលី​»​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ម៉ាក ទុន ៖ អ្នកធាក់ស៊ីក្លូ​

387
ចែករម្លែក

ដោយ ៖ ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​
​រៀបរាប់​ដោយ​ប្រពន្ធ​របស់គាត់​ឈ្មោះ ឈុន យឿន ៖
​ ​ខ្ញុំ​បាន​រៀបការ​ជាមួយ​បុរស​ពីរ​នាក់​។ បុរស​ទាំងពីរ​គឺ​សុទ្ធតែជា​សាច់ញាតិ​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវ​បានរៀបចំ​ឲ្យ​រៀបការ​ដំបូង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​បុរស​កសិករ​ម្នាក់​មកពី​ភូមិ​របស់ខ្ញុំ​។ ក្រោយពេល​យើង​រៀបការ​រួច គាត់​បាន​ជួយ​លក់​នំ​ក្នុង​ហាង​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី ចំណែក​ខ្ញុំ​ធ្វើស្រែ​ចម្ការ​។ ទោះបីជា​គាត់​រកចំណូលបាន​១.៣០០​រៀល​ក្នុង​មួយខែ​ក៏ដោយ ក៏​គាត់​មិនដែល​ឲ្យ​លុយ​ទាំង​នោះមក​ខ្ញុំ​ដែរ​។ បន្ទាប់ពី​យើង​រៀបការ​ជាមួយគ្នា​បាន​រយៈពេល​៩​ខែ​មក ខ្ញុំ​បានសម្រេច​ចិត្ត​លែងលះ​ជាមួយ​គាត់​។ យើង​មិនដែល​រស់នៅ​ចុះសម្រុង​ជាមួយគ្នា​ទេ​។


​ ​ការរៀប​ការលើក​ទី​២​របស់ខ្ញុំ​គឺ​ខុសគ្នា​។ ខ្ញុំ​គឺជា​អ្នកធ្វើការ​សម្រេចចិត្តថា​គួរ​រៀបការ​ជាមួយ​នរណា​។ ឆ្នាំ​បន្ទាប់មក ខ្ញុំ​បាន​រៀបការ​ជាមួយ ម៉ាក ទុន​។ គាត់​ធ្លាប់បាន​សិក្សា​នៅក្នុង​វត្ត​កោះ​ស្តេច និង​ធ្លាប់​បួស​ជាស​ង្ឃ​។ គាត់​គឺជា​បុរស​ចិត្តល្អ សង្ហា ប៉ុន្តែ​មិនសូវមាន​ចំណេះដឹង​ជ្រៅជ្រះ​ទេ​។


​ ​ខ្ញុំ​ក៏​គ្មាន​ចំណេះដឹង​ជ្រៅជ្រះ​ដែរ ពីព្រោះ​ក្រុមគ្រួសារ​របស់ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​ណាស់​។ ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​រៀន​ថ្នាក់​អនក្ខរកម្ម​។ ខ្ញុំ​បាន​សិក្សា​អស់​រយៈពេល​១​ឆ្នាំ ហើយ​ជា​សិស្ស​ពូកែ​ជាងគេ​ក្នុងចំណោម​សិស្ស​២០​នាក់​ផ្សេងទៀត​។
​ ​ក្រោយពេល​រៀបការ​លើក​ទី​ពីរ ខ្ញុំ​បានធ្វើ​នំត្នោត និង​តា​ប៉ែ លក់​នៅ​ទីក្រុង​ភ្នំពេញ​។ ទុន គឺជា​អ្នកធាក់ស៊ីក្លូ​។ ជួន​ពេលខ្លះ គាត់​មក​ហូបបាយ​នៅផ្ទះ ប៉ុន្តែ​ជាទូទៅ​គាត់​ត្រឡប់មកផ្ទះ​វិញ​ក្នុង​មួយ​សប្តាហ៍​ម្តង​។

ម៉ាក ទុន អាយុ​២០​ឆ្នាំ ក្នុងអំឡុង​ឆ្នាំ​១៩៦០ នៅ​ភ្នំពេញ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅ​អំឡុង​របប លន់ នល់ ខ្មែរក្រហម​បាន​កាន់កាប់​ភូមិ​របស់ខ្ញុំ​រួចទៅហើយ និង​មានការ​ទម្លាក់​គ្រាប់បែក​ជារឿយ ដូច​ច្នេះ ក្រុមគ្រួសារ​របស់ខ្ញុំ និង​អ្នកភូមិ​ផ្សេងទៀត បាន​ផ្លាស់ប្តូ​រម​កនៅ​ខាងក្រៅ​ក្រុង​បន្តិច​គឺ​នៅ​ម្តុំ​ចំការ​ដូង​។ ប្តី​របស់ខ្ញុំ​បាន​សង់​ខ្ទម​មួយ​។ វា​មាន​ទំហំ​ដែល​អាចដាក់​បានត្រឹមតែ​គ្រែ​មួយ​ប៉ុណ្ណោះ ហើយ​យើង​បានរស់នៅ​ទីនោះ​អស់​រយៈពេល​៣​ឆ្នាំ​។ គាត់​បាន​ជួយ​ខ្ញុំ​ធ្វើ​ទឹកត្នោត និង​ស្រែចម្ការ​។ យើង​មានកូន​មួយ​។


​ ​នៅពេលដែល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ កូនប្រុស​ទី​ពីរ​របស់ខ្ញុំ​មាន​អាយុ​ត្រឹមតែ​មួយខែ​តែប៉ុណ្ណោះ​។ វា​ពិតជា​លំបាក​ខ្លាំងណាស់​នៅពេលដែល​ខ្ញុំ​ដើរ និង​បីកូន​របស់ខ្ញុំ​ក្នុងពេល​ដំណាលគ្នា ពីព្រោះ​ខ្ញុំ​ងងឹតភ្នែក​នៅពេល​យប់ (​ខ្វាក់មាន់​)​។ ប្តី​របស់ខ្ញុំ​បាន​ទុកដាក់​សម្ភារ​នៅលើ​រទេះគោ និង​ធ្វើដំណើរ​ឆ្ពោះទៅ​ខេត្តកណ្តាល ប៉ុន្តែ​យោធា​ខ្មែរក្រហម​បាន​ប្រាប់​យើង​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​ជំនួស​វិញ​។ នៅពេលដែល​ពួកយើង​ធ្វើដំណើរ​ទៅដល់​ទីនោះ ប្តី​របស់ខ្ញុំ​បានចាប់ផ្តើម​សាងសង់​កន្លែង​ស្នាក់នៅ​សម្រាប់​យើង​។ កន្លងទៅ​អស់​រយៈពេល​ប្រហែល​៤​ទៅ​៥​ខែ គាត់​បានរៀបចំ​ប្រក់​ដំបូល​ខ្ទម​ជាមួយនឹង​ស្លឹកត្នោត​។ យើង​ចំណាយ​រយៈពេល​ប្រហែល​១​ឆ្នាំ ដើម្បី​បាន​ផ្ទះ​ត្រឹមត្រូវ​មួយ​សម្រាប់​ស្នាក់នៅ​។


​ ​ប្តី​របស់ខ្ញុំ​បានធ្វើ​ការងារ​នៅក្នុង​កង​ភ្ជួរ​រាស់ ចំណែក​ការងារ​របស់ខ្ញុំ​គឺ​ដាំបបរ​ឲ្យ​ជ្រូក​និង​សាបព្រោះ​។ ជួន​ពេលខ្លះ ខ្ញុំ​បាន​ព្រោះស្រូវ​ទាំងយប់​ទាំង​ថ្ងៃ​។ ខ្ញុំ​មិនដែល​ខ្ជិលច្រអូស និង​ខ្ជះខ្ជាយ​ចំពោះ​ការងារ​របស់ខ្ញុំ​នោះទេ ពីព្រោះ​ខ្ញុំ​ខ្លាច​ស្លាប់​។ អ្នក​ដែល​ខ្ជិល​ត្រូវបាន​ខ្មែរក្រហម​យកទៅ​នៅពេល​យប់ និង​សម្លាប់ចោល​។ ស្ត្រី​ម្នាក់​ដែល​រស់នៅ​ក្បែរ​ខ្ទម​របស់ខ្ញុំ​បាន​ត្អូញត្អែរ​អំពី​ការខ្វះខាត​អាហារ និង​សួរថា​តើ​ស្រូវ​អង្ករ​ដែល​ធ្វើបាន​ទាំងអស់នោះ​យកទៅ​ណា​។ អង្គការ​បាន​ចាប់ខ្លួន​គាត់ និង​ប្តី​របស់គាត់​។ អង្គការ​បាន​យក​អ្នក​ទាំងពីរ​ទៅ ហើយ​ទុក​កូនៗ​របស់គាត់​នៅក្នុង​កងកុមារ​។


​ ​នៅ​ថ្ងៃទី​១០, ២០ និង​៣០ ប្រចាំខែ អង្គការ​បាន​កោះហៅ​ប្រជាជន​ឲ្យ​ចូលរួម​ការប្រជុំ​ដែល​និយាយ​អំពី​ភាពស្មើគ្នា​នៅក្នុង​ការធ្វើការងារ និង​ការ​បង្កបង្កើនផល​។ ខ្ញុំ​សង្ស័យថា​ស្រូវ​ទាំងអស់​ត្រូវបាន​រក្សាទុក​នៅក្នុង​ជង្រុក ពីព្រោះ​ប្រជាជន​អត់ឃ្លាន​ខ្លាំងណាស់​។

ឈុន យឿន នៅ​ភ្នំពេញ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅក្នុង​ភូមិ​របស់​យើង ប្រជាជន​ថ្មី គ្មាន​សិទ្ធិ​និយាយស្តី​ទេ​។ ទោះបីជា​ខ្ញុំ​ដើរទៅ​ធ្វើការ ហើយ​ឃើញ​ប្តី​របស់ខ្ញុំ​នៅតាម​ផ្លូវ ក៏​ខ្ញុំ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ក្រឡេក​មើលមុខ​របស់គាត់​ដែរ​។ នៅពេលដែល​ខ្ញុំ​ឈឺ​ដេក​នៅក្នុង​មន្ទីរពេទ្យ អង្គ​ការមិន​អនុញ្ញាត​ឲ្យ​ប្តី​របស់ខ្ញុំ​មក​មើលថែ​ខ្ញុំ​ឡើយ​។ ថ្នាំ​ដែល​ពេទ្យ​ឲ្យ​ខ្ញុំ​គឺជា​ថ្នាំ​ដែល​ធ្វើ​ពី​ឫស​ឈើ ដែល​មើលទៅ​ស្រដៀង​នឹង​អាចម៍​ទន្សាយ​។


​ ​នៅក្នុង​ឆ្នាំ​១៩៧៧ ឈឿន ប្រធាន​កង​ស្នើ​ប្តី​របស់ខ្ញុំ​ឲ្យ​ដូរគោ​ជាមួយ​គាត់​។ ទុន មិន​យល់ព្រម​ដូរគោ​នោះទេ ពីព្រោះ​យើង​បាន​យក​គោ​នោះមក​ជាមួយ​យើង​តាំងពី​ភ្នំពេញ​។ បន្ទាប់មក អង្គការ​បាន​ចោទប្រកាន់​ប្តី​របស់ខ្ញុំ​ថា​ជា​វរសេនីយ៍ឯក​។ មួយខែ​ក្រោយមក អង្គការ​បាន​ហៅ​គាត់​និង​បុរស​ប្រហែល​៨០​នាក់​ផ្សេងទៀត​ទៅ​កាប់ឆ្ការ​ព្រៃ​។ ម៉ោង​ប្រហែល​៧​ព្រឹក យោធា​ខ្មែរក្រហម​២​នាក់​បាន​យកប្តី​ខ្ញុំ និង​បុរស​ទាំងនោះ​ចេញទៅ​ក្រៅ​ភូមិ​។ មេភូមិ​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​បារម្ភ​ពីព្រោះ​ប្តី​ខ្ញុំ​នឹង​ត្រឡប់មកវិញ​នៅក្នុង​រយៈពេល​៩​ខែ និង​១០​ថ្ងៃ​ក្រោយមក​។


​ ​អ្នកភូមិ​បាន​លួច​ខ្សិ​ប​ប្រាប់​ខ្ញុំ​ថា​៩​ខែ​និង​១០​ថ្ងៃ មានន័យថា​ប្តី​របស់ខ្ញុំ​ត្រូវបាន​សម្លាប់​និង​ចាប់ជាតិ​ថ្មី​ហើយ​។ ស្ត្រី​ផ្សេងទៀត​ដែល​ប្តី​របស់គាត់​ត្រូវបាន​អង្គការ​នាំយកទៅ​ដែរ​នោះបាន​ប្រាប់​ខ្ញុំ​ថា គាត់​បានឃើញ​យោធា​ខ្មែរក្រហម​នាំ​ប្តី​របស់ខ្ញុំ​ទៅកាន់​គុក​ស្អាង ហើយ​អ្នក​ដែល​ត្រូវបាន​នាំយកទៅ​គុក​ស្អាង​នោះ​គឺ​កម្រ​នឹងមាន​ជីវិត​រស់​ណាស់​។ ខ្ញុំ​មិនបាន​ទទួលដំណឹង​ពី​ប្តី​របស់ខ្ញុំ​ទេ​ចាប់តាំងពី​ពេល​នោះមក​។
​ ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​ជាខ្លាំង​ដែល​ខ្ញុំ​មិនបាន​ជួប​ប្តី​របស់ខ្ញុំ​ជា​លើកចុងក្រោយ​៕សរន