​អភិបាលខេត្ត​ចុះ​ពិនិត្យ​ពី​ស្ថានភាព​បង្ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​

132
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ចុះ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​និង​ការពង្រឹង​កិច្ច​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិន​ហៀ​ប ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ។​

ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​កន្លងមក​បាន​ខិតខំ​អនុវត្ត​តួនាទី​ក្នុងការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ព្រំដែន​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយនឹង​ភាគី​វៀតណាម ។

​លោក​អភិបាលខេត្ត​ក៏បាន​ជម្រាបជូន​អំពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​ក៏ដូចជា​រដ្ឋបាលខេត្ត​បានដាក់​ចេញ​នាពេល​ថ្មីៗ​នេះ​ដោយ​តម្រូវឱ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម​ដោយ​ពលរដ្ឋ​កម្ពុជា តាម​គ្រប់​រូបភាព ដែល​បាន​ចូល​ជា​ធរមាន​រួច​។​

​កាលពី​វេលា​ម៉ោង​២៣:៥៩​នាទី​យប់​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​ដែល​វិធានការ​នេះ​ធ្វើឡើង​គ្មានអ្វី​ក្រៅពី​គោលបំណង​បញ្ចៀស​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​របៀបវារៈ​រួម​របស់​ពិភពលោក​តំបន់​ក៏ដូចជា​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ