ព័ត៌មានបន្ថែមៈ ករណីបង្ក្រាប​ទីតាំង​នាំចូល​-​ចែកចាយ​មេ​តា​ណុល​បន្លំ​ជា​អាល់កុល​ជាង​បួន​ពាន់​លីត្រ​

623
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​,​សាវ​រក្ស​/ភ្នំពេញៈ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ទីតាំង​នាំចូល និង​ចែកចាយ​មេ​តា​ណុល (​ផលិត​ជា​អាល់កុល​) គ្មាន​ច្បាប់​អនុញ្ញាត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ នៅ​ក្នុងការ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ​មេ​តា​ណុល​ប្រមាណ​ជាង​បួន​ពាន់​លីត្រ​។ ទីតាំង​នាំចូល និង​ចែកចាយ​មេ​តា​ណុល ស្ថិត​ផ្ទះ​លេខ ២៤​បេ ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។​
​ ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ដោយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយក ដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមាន​ការចូល​ពី​មន្ដ្រី​ក្រសួងសុខាភិបាល​និង​មន្ដ្រី​ស្ដង់ដារ​ជាតិ​កម្ពុជា​នៃ​ក្រសួង​ឧស្សាហ៍កម្ម​និង​សិប្បកម្ម និង​មន្ដ្រី​អាជ្ញាធ​មូលដ្ឋាន​និង​មានការ​សម្របសម្រួល​ដោយ​លោក​សាយ ណា​រ៉ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​នាំចូល និង​ចែកចាយ​មេ​តា​ណុល​


​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ដោយមាន​ការដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គឺ​កម្លាំង​របស់​យើង​បាន​ចុះ​ន​ទៅផ្ទះ​លេខ ២៤​បេ ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ដែល​បាន​នាំចូល​និង​ស្តុក​មេ​តា​ណុល និង​បូម​លាយ​ចែកចាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​ការចែក​ចាយ​នេះ នៅពេលដែល​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់ បច្ចុប្បន្ន​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុងតែ​ជួប​បញ្ហា​មេរោគ​កូ​វីដ ១៩ (Covid-19) យកទៅ​ធ្វើ​ការលាង​សម្អាត​ដៃ​វា​អាចមាន​ការប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ពីព្រោះ​វា​ជា​មេ​តា​ណុល មិនមែនជា​អាល់កុល ហើយ​ប្រជាពលរដ្ឋ​មិនបាន​ដឹង​។
​ ​លោក​បាន​បញ្ជាក់ថា ការ​លាងដៃ​ដោយ​មេ​តា​ណុល ទីមួយ​.​មេរោគ​មិន​ងាប់ ,​ទី​ពីរ​. មាន​ហានិភ័យ​ចំពោះ​សុខភាព​ពីព្រោះ​មេ​តា​ណុល​វា​ជា​ថ្នាំពុល​ជា​គីមី មិនមែនជា​អេតាណុល​សម្រាប់​បម្រើ​ឲ្យ​វិស័យ​សុខាភិបាល​ទេ ពីព្រោះ​មេ​តា​ណុល​នេះ វា​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​។ ការបង្ក្រាប​នេះ បាន​ចំនួន​ប្រមាណ ៤២០០​លីត្រ​។​មិនមាន​ការឃាត់ខ្លួន​មនុស្ស​ទេ ដោយ​រង់ចាំ​ម​ឲ្យ​ម្ចាស់​ទីតាំង​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៅ​ថ្ងៃទី​២៣ ខែមីនា ដើម្បី​សាកសួរ​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា មិន​នឹង​ទិញ​អាល់កុល​យកទៅ​ប្រើប្រាស់​ឲ្យ​ចេះ​ពិនិត្យមើល ព្រោះ​អាល់កុល​មាន​ក្លិន ។​ចំណែក​មេ​តា​ណុល​មិនមាន​ក្លិន​ទេ​។​ពោលគឺ​នៅពេល​បាញ់​មេ​តា​ណុល​លើ​ដៃ គឺ​មេ​តា​ណុល​នឹង​ស្ងួត​ភ្លាម ។​រីឯ​អាល់កុល​នៅពេល​បាញ់​លើ​ដៃ គឺ​នៅ​សើម​ប្រមាណ​៣​វិនាទី​ទៅ​៥​វិនាទី​បាន​ស្ងួត និង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​៕សរន