​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ត្រូវបាន​ពន្យារ​ហើយ​

215
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ដោយសារ​បញ្ហា​ជំងឺ​ផ្លូវដង្ហើម (​កូ​វីដ​-១៩) នោះ ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ត្រូវបាន​ពន្យារ ជា​បណ្ដោះអាសន្ន​ហើយ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក បាន​មានប្រសាសន៍ថា ក្រោយ​ទទួលបាន​ចំណារ ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​មុននេះ ការប្រកួត​កីឡា​ជាតិ​ដ៏​ធំ​នេះ ត្រូវបាន​ពន្យារ​សិន​។​

សកម្មភាព​ប្រកួត​កីឡា​ជាតិ​កន្លងមក

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បាន​ឯកភាព​ពន្យារពេល រៀបចំ​ការប្រកួត​កីឡា​ជាតិ តប​តាម​ការស្នើសុំ គោលការណ៍ អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដោយ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​ផ្លូវដង្ហើម​ថ្មី Covid-19​។​

​ជាមួយនឹង​ការពន្យារ ពេលនេះ​ដែរ លោក វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ និង​គាំទ្រ ចំពោះ​ការសម្រេចចិត្ត របស់​រាជរដ្ឋាភិបាល ដែល​បង្ហាញ​នូវ ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ របស់ កីឡាករ​-​កីឡាការិនី ពិសេស​ផ្ដល់ឱកាស ឲ្យ​គណៈកម្មការ មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​ត្រៀមលក្ខណៈ​រៀបចំ នៅពេល​ស្ថានភាព រីក​រាលដាល នៃ​ជំងឺឆ្លង Covid-19 មាន​សភាព​ប្រក្រតី ឡើងវិញ​។​

​លោក​បាន​បន្ដថា « ឥឡូវ យើង​មាន​ផលប៉ះពាល់​ច្រើន ពិសេស​កីឡាករ មិនបាន​ហាត់ អាច​ប៉ះពាល់ បច្ចេកទេស ឬ​អាច​គ្រោះថ្នាក់ ពេល​ប្រកួត​ច្រើន​។ ម្យ៉ាង​ការហាត់ ត្រៀម​សម្ដែង អបអរ​ពិធី​បើក និង​បិទ ក៏​មិនបាន​ហាត់​ដែរ​។ វា​ជា​ការល្អ ដែល​យើង​ផ្អាក ហើយ​រក​ពេល​ប្រមូលផ្ដុំ ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​រៀបចំ​ឡើងវិញ​។ ចឹ​ង​យើង​សូម​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល សម្រាប់​ការឯកភាព លើក​ពេល ដ្បិត​នេះ​ជា​កង្វល់ អ្នកបច្ចេកទេស តែ​យើង​នឹង​តែ​បន្ដ​ការ​ខំប្រឹង ដើម្បី​ត្រៀម​រៀបចំ ព្រោះ​យើង​មិន​បោះបង់ ផែនការ​នេះឡើយ​»​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ ២ ឆ្នាំ​ម្ដង បានរៀបចំ ២ លើក​រួចមកហើយ ក្នុង​គោលបំណង សម្រួច​ផែនការ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ទាំង​ការបណ្ដុះបណ្ដាល ធនធាន​កីឡាករ -​កីឡាការិនី និង​ធនធាន មន្ដ្រី​បច្ចេកទេស សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងមូល ពិសេស​ពិធី​បើក​បិទ ព្រឹត្តិការណ៍​ស៊ី​ហ្គេម តែម្ដង​។
​ចំពោះ​កីឡា​ជាតិ​លើក​ទី​៣ ក្រោយ​រាជរដ្ឋាភិបាល សម្រេច​ពន្យារពេល កាលបរិច្ឆេទ​ថ្មី ដើម្បី​រៀបចំ​នៅ​មិនទាន់ កំណត់​នោះទេ ដោយ​រង់ចាំ​ស្ថានភាព ជំងឺឆ្លង Covid-19 មាន​ភាព​ធូរ​ស្រាស ឬ​ប្រក្រតី​ឡើងវិញ​សិន​។​

​សូមបញ្ជាក់ថា កាល​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ ប្រជែង​បាន​មេដាយ ច្រើនជាងគេ ដោយ​ក្រសួងមហាផ្ទៃ បាន​លេខ​២ និង​ក្រសួងការពារជាតិ បាន​លេខ​៣​។ ការប្រកួត​លើក​ទី​២ ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ បាន​មេដាយ​នាំមុខគេ ឯ​រាជធានី​ភ្នំពេញ ធ្លា​ក់មក ២ និង​ក្រសួងការពារជាតិ រក្សា​តំណែង​លេខ​៣ ដដែល ៕v