នាយករដ្ឋមន្ត្រីជប៉ុននិយាយថាការពន្យារពេលកីឡាអូឡាំពិកក្រុងតូក្យូជាជម្រើសមួយ

177
ចែករម្លែក

នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេបាននិយាយនៅថ្ងៃចន្ទទី ២៣ មីនាថា ការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូអាចនឹងក្លាយជាជម្រើសមួយ ប្រសិនបើការប្រារព្ធព្រឹត្តិការណ៍នេះឱ្យមានលក្ខណៈ “ពេញលេញ” ក្លាយជារឿងមិនអាចធ្វើទៅរួច។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយកាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយថា ខ្លួនកំពុងបង្កើន “ផែនការសេណារីយ៉ូ” របស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ រួមទាំងលទ្ធភាពពន្យារពេល ខណៈជំងឺរាតត្បាតនៅតែឆ្លងរាលដាល។

លោកអាបេបាននិយាយថាការសម្រេចចិត្តរបស់ IOC កាលពីថ្ងៃអាទិត្យ គឺ ស្របតាមទស្សនៈថា អូឡាំពិកទីក្រុងតូក្យូគួរតែត្រូវបានធ្វើឡើងក្នុងទម្រង់ពេញលេញ។

លោកបានប្រាប់សភាថា “ប្រសិនបើរឿងនោះក្លាយជាការពិបាក យើងប្រហែលជាគ្មានជម្រើសអ្វីក្រៅពីពិចារណាលើការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ” ដោយហេតុថាគោលការណ៍របស់អូឡាំពិកគឺទុកអាទិភាពកំពូលលើសុខភាពរបស់អត្តពលិក។

លោកអាបេក៏បាននិយាយដែរថា ការលុបចោលព្រឹត្តិការណ៍អូឡាំពិកមិនមែនជាជម្រើសទេ។

លោកបាននិយាយថា លោកបានពាំនាំទស្សនៈរបស់លោកអំពីជោគវាសនានៃការប្រកួតកីឡាអូឡាំពិកទៅប្រធានកីឡាអូឡាំពិកទីក្រុងតូក្យូ លោក យ៉ូស៊ីរ៉ូ ម៉ូរី នៅល្ងាចថ្ងៃអាទិត្យ ដែលបន្ទាប់មកបានពិភាក្សាអំពីបញ្ហានេះជាមួយប្រធាន IOC លោក ថូម៉ាស បាច់។

លោកអាបេបានបន្ថែមថាវាជាការប្រសើរដែលមានការសម្រេចចិត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបានទៅលើថាតើត្រូវពន្យារពេលព្រឹត្តិការណ៍កីឡានេះឬអត់ ទោះបីជាការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើ IOC ក៏ដោយ៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកម្នាក់ដើរកាត់ស្លាកអូឡាំពិកទីក្រុងតូក្យូ២០២០កាលពីថ្ងៃអាទិត្យ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ