កូរ៉េខាងត្បូងនឹងជួយឧស្សាហកម្មរថយន្តឆ្លងកាត់វិបត្តិជំងឺកូរ៉ូណា

226
ចែករម្លែក

កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទទី២៣មីនាថា ខ្លួននឹងផ្តល់ការគាំទ្រផ្នែកភស្តុភារនិងហិរញ្ញវត្ថុដើម្បីជួយឧស្សាហកម្មរថយន្តឆ្លងកាត់វិបត្ដិជំងឺកូរ៉ូណា ដោយព្រមានពីការរំខានដល់សង្វាក់ផ្គត់ផ្គង់ពីអឺរ៉ុបនិងសហរដ្ឋអាម៉េរិក។

រដ្ឋាភិបាលបាននិយាយថាខ្លួននឹងបង្កើនល្បឿនក្នុងការឱ្យរួចពន្ធគយ រៀបចំការដឹកជញ្ជូនទំនិញ និង ផ្តល់ការគាំទ្រជាសាច់ប្រាក់ងាយស្រួលសម្រាប់ឧស្សាហកម្ម ដែលផ្តល់ការងារប្រហែល ១២ ភាគរយដល់កម្លាំងពលកម្មរបស់កូរ៉េខាងត្បូងនេះយោងតាមតួលេខផ្លូវការ។

ជំងឺកូវីដ១៩បានបណ្តាលឱ្យមានការបិទទ្វាររោងចក្ររថយន្តនិងក្រុមហ៊ុនចែកចាយនានានៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដែលគេរំពឹងថានឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងដូចជាក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុន Kia Motors Corp។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក ស៊ុង យូនម៉ូ បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយនាយកប្រតិបត្តិផ្នែកផ្គត់ផ្គង់និងសមាគមឧស្សាហកម្មថា “វាដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះតម្រូវការជាសកលនិងបញ្ហាផ្គត់ផ្គង់នៅអឺរ៉ុប។ ការរស់រានមានជីវិតគឺជារឿងសំខាន់បំផុតនៅក្នុងវិបត្តិដែលមិនធ្លាប់មាននេះ នៅពេលដែលទាំងតម្រូវការនិងការផ្គត់ផ្គង់ធ្លាក់ចុះក្នុងពេលតែមួយ”។

ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើការគាំទ្រសាច់ប្រាក់ងាយស្រួលប៉ុន្មានដែលរដ្ឋាភិបាលនឹងផ្តល់ឬទម្រង់បែបណាដែលវាអាចនឹងកើតឡើងនោះទេ។ ជំនួយនេះគឺជាផ្នែកមួយនៃទឹកប្រាក់ ៥០ លានលានវ៉ុន (៣៩ ពាន់លានដុល្លារ) ក្នុងផែនការហិរញ្ញប្បទានគ្រាអាសន្ន ដែលបានប្រកាសកាលពីសប្តាហ៍មុនដើម្បីជំរុញសេដ្ឋកិច្ច។

កូរ៉េខាងត្បួងបានរាយការណ៍ថាករណីឆ្លងជំងឺកូវីដ១៩ចំនួន ៨.៩៦១ នាក់និងស្លាប់ ១១០ នាក់។

ក្រុមហ៊ុន Hyundai Motor បានបិទរោងចក្រដំឡើងរបស់ខ្លួននៅទីក្រុងម៉ុនហ្គោមឺរីនៃរដ្ឋអាឡាបាម៉ាកាលពីថ្ងៃពុធ បន្ទាប់ពីនិយោជិកម្នាក់នៅទីនោះបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ក្រុមហ៊ុនក៏បានផ្អាកផលិតកម្មនៅរោងចក្ររបស់ខ្លួននៅសាធារណរដ្ឋឆែកនិងឥណ្ឌាដោយសារការផ្ទុះឡើងនៃមេរោគនេះផងដែរ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថាអឺរ៉ុបនិងសហរដ្ឋអាម៉េរិករួមចំណែកប្រមាណ ៧០ ភាគរយនៃការនាំចេញរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េនិង ៥៤ ភាគរយនៃការនាំចេញគ្រឿងបន្លាស់របស់កូរ៉េ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនរថយន្តកូរ៉េកំពុងប្រឈមវិបត្តិ ដោយសារវីរុសកូរ៉ូណា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ