អភិបាលខេត្ត​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​ដាក់​នូវ​វិធានការ​ទៅនឹង​ស្ថាន​ការ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

210
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​បាន​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចំពោះមុខ​ឆ្លើយតប​ទៅនឹង​ស្ថាន​ការ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​តំបន់​និង​នៅលើ​ពិភពលោក​។​

​មានការ​អញ្ជើញ​ចូលរួម​អមដំណើរ​នាឱកាស​នោះ​រួមមាន​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​,​លោកស្រី​ជា​អនុប្រធាន​និង​ជា​សមាជិក​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជាច្រើនរូប​ផងដែរ​។​ចំពោះ​ទីតាំង​ដែល​ត្រូវ​ចុះ​ត្រួតពិនិត្យ​នាពេលនោះ​មាន​ចំនួន​៣​ទីតាំង​ផ្សេងៗ​គ្នា​គឺ​ទី​១​មណ្ឌល​សុវត្ថិភាព​តា​កឹង​ស្ថិតនៅ​ភូមិ​ថ្នល់​បែក​ឃុំ​ថ្មី​ស្រុក​គូលែន​។​

​ទី​ពីរ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តព្រះវិហារ​ស្ថិតនៅ​ភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​និង​ទី​៣​សណ្ឋាគារ​ហ្គ្រី​ន​ផា​លែស​ស្ថិតនៅ​ភូមិ​អណ្តូង​ពោធិ៍​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ជា​លទ្ធផល​គណៈកម្មកា​រ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ខេត្តព្រះវិហារ​ដោយមាន​ការឯកភាព​យ​ល់​ព្រម​ពី​ម្ចាស់​ទីតាំង បានសម្រេច​ជ្រើស​រើសយក​ចំនួន ២​ទីតាំង គឺ​ទីមួយ សណ្ឋាគារ​ហ្គ្រី​ន​ផា​លែស សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​និង​មណ្ឌល​សុវត្ថិភាព​តា​កឹង​សម្រាប់​ពិនិត្យ​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ។​

​សូម​បញ្ចាក់​បន្ថែម​លោក​អភិបាលខេត្ត​ព្រះវិហារ​ដាក់​វិធានការណ៍​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទូទាំង​៨​ក្រុង​ស្រុក​ចំណុះ​ខេត្ត​ធ្វើយ៉ាងណា​បន្តរ​តាមដាន​សុខភាព​បងប្អូន​ប្រជា​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេសជិតខាង​ឱ្យបាន​ខ្ជាប់ខ្ជួន​៕S/