ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើលិខិត ប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទឹកប្រាក់៣១០លានដុល្លារ

192
ចែករម្លែក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើលិខិត ប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទឹកប្រាក់៣១០លានដុល្លារ

ដោយៈតារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនដែលមាន ទឹកប្រាក់សរុប ៣៤.១៣៨លានយ៉េន(ប្រមាណ ៣១០លានដុល្លារអាម៉េរិក) ជូន ចំពោះរាជរដ្ឋាភិបាលកម្ពុជានៅវិមានសន្តិភាព ។

លិខិតប្តូរសារនេះចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការ​អនុវត្តន៍គម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោងនិងឥណទាន​ សម្បទាន​ចំនួន២គម្រោង ដូចខាងក្រោម៖

គម្រោងហិរញ្ញប្បទានឥតសំណង រួមមាន .
ទី១.គម្រោងការពង្រីក​ប្រព័ន្ធ​ផ្គត់ ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមាន​ទឹកប្រាក់ចំនួន ៣.៤២១ លានយ៉េន (ប្រមាណ៣១លានដុល្លារអាម៉េរិក)។

ទី២.គម្រោងសមាហរណកម្មការ បោសសម្អាតមីន និងសង្គ្រោះជន​ពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាម៉េរិក)។

ទី៣.គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋ កិច្ចនិងសង្គមដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ ២,៧លានដុល្លារអាម៉េរិក)។

គម្រោងឥណទានសម្បទានរួមមាន៖
ទី១.គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាម៉េរិក)។
ទី២.គម្រោងធ្វើឱ្យប្រសើរ​នូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាម៉េរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាល​ជប៉ុន​និងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជា ណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព​និងកិច្ច​សហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ៕/Ha