ទាហានអេស្ប៉ាញជាប់ភារកិច្ចបាញ់សម្អាតមេរោគតាមមណ្ឌលមនុស្សចាស់ ប្រទះឃើញសាកសពបោះបង់ចោលជាច្រើន ខណៈប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ១៩

2309
ចែករម្លែក

យោងតាមកាសែតដេលីមែលផ្សាយកាលពីថ្ងៃចន្ទទី២៣មីនាបានឱ្យដឹងថា ទាហានជាប់ភារកិច្ចលាងសម្អាតមេរោគតាមមណ្ឌលមនុស្សចាស់ក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកមួយនៃវិធានការពន្យឺតការឆ្លងរាលដាលជំងឺកូរ៉ូណា បានប្រទះឃើញសាកសពបោះបង់ចោលជាច្រើន។

របាយការណ៍នានាលើកឡើងថា សាកសពជនរងគ្រោះពីវីរុសកាចសាហាវ ដែលបានចម្លងមនុស្សជាង ៣៣.០០០ នាក់ និងសម្លាប់ជាង ២.២០០ នាក់តែក្នុងប្រទេសអេស្ប៉ាញមួយ ត្រូវបានរកឃើញនៅមណ្ឌលមនុស្សចាស់តែមួយ។

ការរកឃើញសាកសពជនរងគ្រោះជាច្រើននៅមណ្ឌលមនុស្សចាស់ដោយសមាជិកកងយោធាសង្គ្រោះបន្ទាន់របស់អេស្ប៉ាញ ត្រូវគេរំពឹងថានឹងនាំទៅដល់ការបើកការស៊ើបអង្កេតដោយរដ្ឋអាជ្ញាដើម្បីរកមើលថាតើមានអំពើឧក្រិដ្ឋកម្មណាមួយបានប្រព្រឹត្តឬអត់។

យោធាអេស្ប៉ាញត្រូវបានកេណ្ឌដើម្បីផ្តោតសំខាន់ទៅលើមណ្ឌលថែទាំមនុស្សចាស់រហូតដល់ចុងសប្តាហ៍មុន។

រដ្ឋអាជ្ញាបានប្រកាសរួចមកហើយថា ពួកគេកំពុងស៊ើបអង្កេតមណ្ឌលមនុស្សចាស់មួយកន្លែងនៅរដ្ឋធានីម៉ាឌ្រីដ កន្លែងដែលមនុស្ស ១៧ នាក់បានស្លាប់៕ ដោយ៖ កញ្ញាដាលីស

ទាហានអេស្ប៉ាញរកឃើញសាកសពជាច្រើនត្រូវគេបោះបង់ចោលនៅតាមមណ្ឌលមនុស្សចាស់