រថយន្តសណ្តោងបុកកៀបជាប់ខ្លោង ទ្វារផ្ទាំងប៉ាណូផ្តើមឡើងដោយការ បើកជែង

231
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ រថយន្តសណ្តោងមួយគ្រឿងបានបុក រួចកៀបជាប់ជាមួយខ្លោងទ្វារគ្រោងផ្ទាំងប៉ាណូសាងសង់សម្រាប់លម្អពិធីបុណ្យសមុទ្រកន្លងទៅដោយសារផ្តើមចេញពីការបើកជែង។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

លោកវរសេនីយ៍ទោ ស៊ូ វណ្ណាត នាយរងការិយាល័យនគរបាលផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣ ខែមីនា មានករណីរថយន្តសណ្តោងធុនធំមួយគ្រឿងបុកកៀបជាប់គ្រោងផ្ទាំងប៉ាណូមួយលើផ្លូវជាតិលេខ៣។ ផ្ទាំងប៉ាណូនោះត្រូវបានរដ្ឋបាលខេត្តកំពតសាងសង់សម្រាប់លម្អពិធីបុណ្យសមុទ្រនាពេលកន្លងទៅ។

លោកវរសេនីយ៍បានបញ្ជាក់ថាមុនហេតុការណ៍កើតឡើង គេឃើញរថយន្តសណ្តោងនេះមកពីជើងក្នុងទិសដៅឆ្ពោះទៅខេត្តព្រះសីហនុ។ ស្របពេលនោះ ស្រាប់តែមានរថយន្តពីរគ្រឿងមកពីមុខបើកវ៉ាជែងគ្នា ទើបរថយន្តសណ្តោងព្យាបើកគេចទៅស្តាំបណ្តាលឱ្​យ​បុកប៉ះខ្លោងទ្វារ ហើយកៀបជាប់តែម្តង។

ជាមួយហេតុការណ៍នោះ សមត្ថកិច្ចក៏ទំនាក់ទំនងហៅក្រុមជាងមកកាត់ផ្តាច់ដែកគ្រោងខ្លោងទ្វាររហូតដល់ម៉ោង៦ល្ងាចទើបយករថយន្តចេញបាន។ លោកស៊ូ វណ្ណាតបានបន្តថារថយន្តបង្កម៉ាកអ៊ីយ៉ាន់ដាយប្រភេទសណ្តោង ពាក់ស្លកលេខភ្នំពេញ3C-7534 ត្រូវសមត្ថកិច្ចយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងកំពតដើម្បីដំណើរការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម