​កន្លែង​ពិនិត្យ​ព្យាបាល​និង​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩​ត្រូវតែមាន​អនាម័យ​

184
ចែករម្លែក

​ដោយ បូកគោ​/​កំ​ពតៈ​ក្រុមការងារ​ត្រូវ​គិតគូរ​ជា​ចម្បង​អំពី​ភាព​អនាម័យ​នៅ​ទីតាំង​ពិនិត្យ​ព្យាបាល និង​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩​។​នេះ​ជាការ​ក្រើនរំលឹក​របស់​ប្រធាន​គណៈកម្មការ​ខេត្តកំពត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​បាន​មានប្រសាសន៍ថា​ផ្អែកលើ​ការសម្រេច​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​រដ្ឋបាលខេត្ត​កំណត់​ជ្រើស​យក​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ព្រះរាជ​សម្ភារ​ធ្វើជា​កន្លែង​សម្រាប់​ពិនិត្យ​ព្យាបាល​និង​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩​។​បរិវេណ​នៃ​វិទ្យាល័យ​នេះ​មាន​ភាព​ស្រឡះ​ល្អ​ខ្យល់អាកាស​បរិសុទ្ធ​និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កណ្តាល​ក្រុង​ឡើយ​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​ជា​ជំហាន​ដំបូង​គណៈកម្មការ​ត្រូវ​ត្រៀម​បម្រុង​សម្រាប់​៣០​បន្ទប់ ដោយមាន​គ្រែ​ពូក​ទឹក​អគ្គិសនី​គ្រប់គ្រាន់​។​ដូច្នេះ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​កិច្ចការ​ទាំងនេះ​ឱ្យបាន​ឆាប់​បំផុត​។​ចំពោះ​មន្ត្រី​សុខាភិបាល​ត្រូវ​ចាត់ចែង​និង​បញ្ជូន​បរិក្ខារ​យកទៅ​បំពាក់​ឱ្យបាន​គ្រប់គ្រាន់​ក្រោយពេល​ក្រុមការងារ​រៀបចំ​សម្អាត​រួចរាល់​។​ដោយឡែក​គ្រែ​ពូក​កម្រាលពូក​រដ្ឋបាល​ខេត្ត​បាន​បញ្ជា​ទិញ​ពី​ភ្នំពេញ​រួចរាល់​ហើយ​។

លោក​ជាវ​តា​យ​បាន​ក្រើន​រំលឹកថា​ទោះជា​បែបនេះ​ក្តី​អ្វីដែល​ត្រូវ​គិតគូរ​ជា​ចាំបាច់​គឺ​ទាំង​ក្នុង​បន្ទប់​ទាំង​ក្រៅ​បន្ទប់​និយាយ​រួម​នៅ​បរិវេណ​វិទ្យាល័យ​ទាំងមូល​ត្រូវតែមាន​ភាព​អនាម័យ​ជា​ចាំបាច់​ដើម្បី​ទទួលបាន​នូវ​ផាសុកភាព​សម្រាប់​មនុស្ស​ទូទៅ​។​កិច្ចការ​ទាំងនេះ​ត្រូវ​ចាប់ផ្តើម​ធ្វើ​រួមគ្នា​ក្នុង​ភាព​បន្ទាន់​បំផុត​ដោយ​មិនអាច​ពន្យា​ពេល​បានឡើយ​។​

​សូមបញ្ជាក់ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នៅ​ទូទាំង​ខេត្តកំពត​មាន​ពលករ​វិលត្រឡប់​មកពី​ក្រៅប្រទេស​ចំនួន​៣៤៨​នាក់​។​ក្នុងនោះ​មកពី​ប្រទេស​ថៃ​៣៤៦​នាក់​ប្រទេស​ចិន​ម្នាក់​និង​មកពី​ប្រទេស​ជប៉ុន​ម្នាក់​។​ជាមួយ​ការ​ត្រឡប់មក​លំនៅស្ថាន​នេះ​រដ្ឋបាល​ខេត្តកំពត​បា​ន​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់​ដែល​នៅ​កៀក​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់ប្រញាល់​ចុះ​អប់រំ​ក្រុមគ្រួសារ​និង​ពលករ​ទាំងនោះ​ឱ្យ​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​៕S/​