​អាវុធហត្ថ​ជួយ​ដឹកជញ្ជូន​ពលរដ្ឋ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​ទៅ​ស្រុកកំណើត​

216
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រថយន្ត​៤​គ្រឿង​និង​កម្លាំង​ចំនួន​៣០​នាក់​នៃ​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​និង​ក្រុង​ប៉ោយប៉ែត​បាន​ទៅ​ជួយ​ដឹកជញ្ជូន​ពលករ​កម្ពុជា​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ទៅ​ស្រុកកំណើត​វិញ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​មេបញ្ជាការ​ង​កាលពី​ថ្ងៃទី​២៣​និង​២៤​ខែមីនា​ឆ្នាំ​២០២០​បាន​ដឹកនាំ​កម្លាំង​ទៅធ្វើ​ការងារ​សង្គម​និង​មនុស្សធម៌​នោះ​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក​មេបញ្ជាការ​បានឱ្យ​ដឹងថា​ដឹងថា​នោះ​ជាការ​ងារ​អន្តរាគមន៍​លើ​កិច្ចការ​មនុស្សធម៌​និង​សង្គមកិច្ច និង​ក៏​ជាការ​គោរព​តាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​គឺ​យក​រថយន្ត​របស់​អាវុធ​ហត្ថ​ដឹក​ពលរដ្ឋ​ពលករ​ទៅដល់​លំនៅស្ថាន​ឯ​ភូមិកំណើត​តែម្តង ។​

សូម​រំលឹកថា​កាលពី​យប់​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​ត្រឡប់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត​ដោយសារ​ការបិទ​ព្រំដែន​កម្ពុជា​ថៃ​មាន​ចំនួន​ប្រមាណ ៥០០​នាក់​។​គឺ​ភាគី​ថៃ​អនុញ្ញាតឱ្យ​វិល​មក​ប្រទេស​កំណើត​ដើម្បី បង្ការ​ការពារ ការ ឆ្លង រីក​រាលដាល នៃ​មេរោគ​ជំងឺ កូ វីដ ១៩ ។​

​ពលករ​ទាំងនោះ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​តម្រូវ​ឱ្យទៅ​ស្នាក់​នៅក្នុង​មណ្ឌល​សំចត​ប៉ោយប៉ែត​(POIPETTransitCenter)​របស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​ស្ថិតនៅ​មណ្ឌល​៤​ភូមិ​ប្រជា​ធម្ម​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​មួយរយៈ​ខ្លី​។​រួច​បន្តដំណើរ​ទៅ​ស្រុកកំណើត​ហើយ​ដាក់ឱ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​ដើម្បី​តាមដាន​ត្រួតពិនិត្យ​សុខភាព​និង​យក​សំណាក​ទៅពិនិត្យ​រក​មេរោគ​កូ​វីត​១៩​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​

​ក្នុងនោះដែរ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា​ពលរដ្ឋ​និង​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ត្រូវ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​បាន​ប្រមូល​ពួកគាត់​ឱ្យនៅ​ក្នុង​មណ្ឌល​សំចត​ដើម្បី​ត្រួតពិនិត្យ​សុខភាព​និង​ផ្តល់​ការណែនាំ​នានា​ហើយ​ផ្តល់​សេវា​ធ្វើដំណើរ​ទៅដល់​ផ្ទះ​នៅ​ស្រុកកំណើត ៕S/

​រូបថត​៖​អាវុធហត្ថ​បញ្ជូន​កម្លាំង​និង​រថយន្ត​ទៅ​ជួយ​ដឹកជញ្ជូន​ពលរដ្ឋ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ទៅ​ស្រុកកំណើត (​រូប​៖ ប​.​ជ័យ​)​៊​