WHO មើលឃើញសហរដ្ឋអាម៉េរិកអាចនឹងក្លាយជាចំណុចផ្ទុះមេរោគកូរ៉ូណា

885
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី២៤ មីនាថាសហរដ្ឋអាម៉េរិកអាចនឹងក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈអង់គ្លេសបានបិទប្រទេស និង អ្នករៀបចំអូឡាំពិកកំពុងពិចារណាពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០។

ប៉ុន្តែខេត្តហ៊ូប៉ីរបស់ចិន កន្លែងដែលមេរោគនេះត្រូវបានរកឃើញដំបូងក្នុងខែធ្នូនោះ បាននិយាយថា ខ្លួននឹងដកចេញនូវការរឹតត្បិតការធ្វើដំណើរលើប្រជាជន ដែលចាកចេញពីតំបន់នេះ ដោយសារតែការរីករាលដាលនៅទីនោះបានធូរស្រាល។

ចំពោះផ្នែកសេដ្ឋកិច្ចវិញ សកម្មភាពជំនួញបានដួលរលំពីអូស្រ្តាលីនិងជប៉ុនរហូតដល់អឺរ៉ុបភាគខាងលិចក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ក្នុងខែមីនា ខណៈទិន្នន័យសម្រាប់សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារគឺរឹតតែមានសភាពធ្ងន់ធ្ងរ។

ក្រុមអ្នកវិភាគនៅវិទ្យាស្ថានវិនិយោគ BlackRock បាននិយាយថា “ការផ្ទុះឡើងនៃវីរុសនេះបង្ហាញពីព្រឹត្តិការណ៍មិនបានរំពឹងទុកពីខាងក្រៅចំពោះចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ច ដែលស្រដៀងនឹងគ្រោះមហន្តរាយធម្មជាតិទ្រង់ទ្រាយធំដែរ”។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី ម៉ាហ្គារ៉េត ហារីស បាននិយាយនៅទីក្រុងហ្សឺណែវថាមានសន្ទុះឆ្លងកូវីដ១៩យ៉ាងលឿននៅសហរដ្ឋអាម៉េរិក ដែលអាចនឹងក្លាយទៅជាចំណុចផ្ទុះថ្មីនៃជំងឺនេះ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ៨៥ ភាគរយនៃករណីថ្មីបានមកពីអឺរ៉ុបនិងសហរដ្ឋអាម៉េរិក។ ក្នុងនោះ ៤០ ភាគរយជាជនជាតិអាម៉េរិក។

នៅពេលសួរថាតើសហរដ្ឋអាម៉េរិកអាចនឹងក្លាយជាចំណុចផ្ទុះថ្មីនៃជំងឺដែរឬទេ លោកស្រីបាននិយាយថា “ឥឡូវនេះយើងកំពុងមើលឃើញនូវសន្ទុះយ៉ាងលឿនក្នុងករណីឆ្លងនៅអាម៉េរិក។ ដូច្នេះអាម៉េរិកពិតជាមានលទ្ធភាពក្លាយជាចំណុចផ្ទុះមេរោគ។ យើងមិនអាចនិយាយថាជាករណីនៅឡើយទេ ប៉ុន្តែវាពិតជាអាចផ្ទុះមែន”៕ ដោយ៖ កញ្ញាដាលីស

WHO ថាអាម៉េរិកអាចនឹងក្លាយជាចំណុចផ្ទុះថ្មីនៃមេរោគកូវីដ១៩