ពិធីផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ១៩ ដល់ បងប្អូនប្រជាពលរដ្ឋនៅស្រុកជី ក្រែង

176
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅស្រុកជីក្រែងមានរៀបចំពិធីផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលបានត្រឡប់មកពីក្រៅប្រទេស ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង។

លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បាននិយាយថា អាជ្ញាធរស្រុកជីក្រែង បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលបានត្រឡប់មកពីក្រៅប្រទេសចំនួន ២២នាក់ ស្មើនឹង ០៧គ្រួសារ ស្ថិតនៅភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញា និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ ១១៥។

លោកបានបន្តថា ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសូមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ៕/B