បុរសម្នាក់ ត្រូវឃ្មុំទិចរហូតដល់ជង់គល់ឈើធ្លាយពោះវៀនស្លាប់

264
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ បុរសដែលអ្នកភូមិស្គាល់ថា ជាអ្នកដើររកទឹកឃ្មុំក្នុងព្រៃ ត្រូវបានហ្វូងសត្វឃ្មុំដេញទិចរហូតដល់ជង់គល់ឈើធ្លាយពោះវៀងមកក្រៅស្លាប់ភ្លាមៗ មិនអាចជួយសង្រ្គោះបាន។ ឧប្បទ្ទវហេតុដ៏គួរឱ្យសង្វេកនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

លោក អួង អាង មេភូមិចំការលើ បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ លោក អឿន ចន្ដា អាយុ៤៨ ឆ្នាំ រស់នៅក្នុងភូមិចំការលើ ឃុំ ថ្មស ស្រុកបូទុមសាគរ ។ ដំបូងឡើយមុនពេលជួបគ្រោះថ្នាក់ លោក អឿន ចន្តា បានឃើញសំបុកឃ្មុំនៅដើមមួយឈើដែលនៅប្រមាណពី៧០០ទៅ៨០០ម៉ែត្រពីលំនៅដាន។

លោក អួង អាង បន្តថា ក្រោយគាត់ឃើញឃ្មុំ១បង្គងលើដើមឈើនោះរួច ក៏ផ្តើមប្រតិបត្តិការឡើងយកទឹកឃ្មុំ តែចៃដន្យស្រាប់តែភ្លើងគប់រលត់ ឃ្មុំក៏ហើរមកដេញទិចធ្វើឱ្យគាត់សំរ៉ុតខ្លួនចុះពីដើមដែលមានកម្ពស់៧ម៉ែត្រមកដី លុះដល់ត្រឹមពាក់កណ្តាលដើមឈើ ក៏លោតចុះមកដីជាសំណាងអាក្រក់ជង់នឹងអង្គត់ឈើស្រួចនៅខាងក្រោមបណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅ។

បើតាមមេភូមិចំការលើ នៅពេលឃើញដូច្នេះ មនុស្សដែលទៅជាមួយជនរងគ្រោះ ក៏ប្រញាប់ហៅទូរស័ព្ទមកបងប្អូន និងអាជ្ញាធរជួយសង្រ្គោះ គ្រាន់តែរថយន្តពេទ្យមណ្ឌលសុខភាពថ្មស ដឹកបុរសរងគ្រោះបានពាក់កណ្តាលផ្លូវគាត់ក៏ដាច់ខ្យល់ស្លាប់ ព្រោះតែមិនទ្រាំទ្រនឹងស្ថានភាពរបួសធ្ងន់ធ្ងរបាន។ អ្វីដែលគួរសង្វេកនោះ ការស្លាប់របស់បុរសដែលឃ្មុំទិចស្លាប់ បានបន្សល់ទុកឱ្យប្រពន្ធជាមេម៉ាយ និងកូនចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ។

បច្ចុប្បន្ន គ្រួសារពួកគាត់មានជីវភាពក្រីក្រលំបាក ដោយគឺដើររកក្តាម និងខ្យងតាមព្រែក ក្រៅពីការរកទឹកឃ្មុំលក់។ សពជនរងគ្រោះ កំពុងត្រូវបានគេយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ។

ដើម្បីជួយសម្រួលទុកលំបាកកម្មវិធីបុណ្យ លោក សាង ស៊ីណេត អភិបាលរងស្រុក បានចូលរូមរំលែកទុក្ខគ្រួសារនៃសពឈ្មោះ អឿន ចិត្ដា ផងដែរ ដោយនាំយកនូវស្បៀងអាហារ និងថវិកាមួយចំនួនជូនប្រពន្ធរងគ្រោះ។

ទន្ទឹមនោះ លោកអភិបាលរងស្រុក ណែនាំជូនបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមពលរដ្ឋគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម