តារា​សម្តែង​ហុងកុង អ៊ែន​តូ​នី វ៉ុ​ង រកឃើញ​បងប្រុស​ភ្លោះ​បែក​គ្នា​រាប់​ទសវត្សរ៍​

1210
ចែករម្លែក
  • 2
    Shares

​តារា​សម្តែង​ល្បីឈ្មោះ​របស់​ហុងកុង លោក អ៊ែន​ថូ​នី វ៉ុ​ង (Anthony Wong) បាន​ជួបជុំ​ជាមួយ​បងប្រុស​ច្បង​ម្តាយ​ទីទៃ​២​នាក់ ដោយសារតែ​របាយការណ៍​របស់​ទូរទស្សន៍ BBC អំពី​ការស្វែងរក​ឪពុក​ដែល​បាន​បាត់​ខ្លួន​ជា​យូរ​របស់គាត់​។​

BBC បាន​ចែករំលែក​វីដេអូ​នៃ​ការជួបជុំ​ក្រុមគ្រួសារ​របស់គាត់​នៅលើ​អន​ឡាញ​កាលពី​ថ្ងៃ​អង្គារ (២៧ មីនា​)​។ នៅក្នុង​វីដេអូ​នោះ លោក​វ៉ុ​ង​អាយុ ៥៦ ឆ្នាំ​និយាយ​ទាំង​អារម្មណ៍​ក្តុកក្តួល​អំពី​ការជួបជុំ​បងប្អូន​ប្រុស​ភ្លោះ​អាយុ ៧៤ ឆ្នាំ​របស់គាត់ រស់នៅ​អូស្ត្រាលី គឺ លោក ច​ន ភើ​រី (John Perry) និង ដេវីត ភើ​រី (David Perry)​។ តារា​សម្តែង​រូបនេះ​បាន​និយាយ​ជា​ភាសា​អង់គ្លេស​លាយ​ជាមួយ​ចិន​កា​តាំង​យ៉ាង​ដូច្នេះ ​”​ខ្ញុំ​គិតក្នុងចិត្ត​ថា តើ​រឿងនេះ​កើតឡើង​បាន​យ៉ាងដូចម្តេច​? អស្ចារ្យ មិនអាច​ទៅរួច អព្ភូតហេតុ​ណាស់​!”​។​

​ជ័យលាភី​ពានរង្វាន់​ខ្សែភាពយន្ត​ល្បី​ដូចជា​រឿង Infernal Affairs (២០០២) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ​ជាមួយ BBC China អំពី​ការចង់ភ្ជាប់​ឡើងវិញ​ជាមួយ​ឪពុក​របស់គាត់ ដែលជា​អតីតមន្ត្រី​រដ្ឋា​ភិ​បា​លហុ​ង​កុង​ក្រោម​ចំណុះ​អង់គ្លេស​។ គាត់​មាន​អាយុ​ត្រឹមតែ​៤​ឆ្នាំ​ប៉ុណ្ណោះ នៅពេល​ឪពុក​គាត់​បាន​ចាក​ចេញពី​គ្រួសារ​។​

BBC បាន​រាយការណ៍​ថា តារា​សម្តែង​រូបនេះ​មាន​រូបថត​មួយចំនួន​ប៉ុណ្ណោះ​នៃ​ឪពុក​ជនជាតិ​អង់គ្លេស​របស់គាត់ គឺ​លោក ហ្វ្រេ​ដេ​រីក ភើ​រី (Frederick Perry) ដើម្បី​ជួយ​ស្វែងរក​គាត់​។ លោក​វ៉ុ​ង​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ម្តាយ​ចិន​កា​តាំង​របស់គាត់​នៅ​ហុងកុង​។​

BBC បានចេញ​ផ្សាយ​ព័ត៌មាន​នៃ​ការស្វែងរក​របស់គាត់​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំនេះ ហើយ​អ្នកទស្សនា​បាន​បង្កើត​បណ្តាញ​វីដេអូ​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ជួយ​ស្វែងរក​។​

​នៅ​ថ្ងៃទី ២ ខែមីនា​លោក​វ៉ុ​ង​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា មាន​មនុស្ស​ម្នាក់​ប្រហែលជា​បាន​រកឃើញ​គ្រួសារ​ដែល​បែក​គ្នា​ជា​យូរ​របស់គាត់​។ ផុស​នោះបាន​សរសេរថា “​មាន​មនុស្សម្នា​ក់បាន​រកឃើញ​ព័ត៌មាន​អំពី​ឪពុក​របស់ខ្ញុំ គឺ​លោក ហ្វ្រេ​ដេ​រីក វី​លលៀម ភើ​រី កើត​នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩១៤ បាន​មកដល់​ហុងកុង​នៅ​ឆ្នាំ ១៩៥៥ ជាមួយ​ភរិយា​ឈ្មោះ វើ​រ៉ា ម៉ា​ចូ​រី (Vera Marjorie) កើត​នៅ​ថ្ងៃទី ៨ ខែកញ្ញា​ឆ្នាំ ១៩១៩​។ កូនស្រី​ម្នាក់​ឈ្មោះ វេ​រ៉ា អាន (Vera Ann) កើត​នៅ​ថ្ងៃទី ២ ខែធ្នូ​ឆ្នាំ ១៩៤០ និង​កូនប្រុស​ភ្លោះ​ឈ្មោះ ច​ន វី​លលៀម (John William) និង​លោក ដេវីត ហ្វ្រេ​ដេ​រីក (David Frederick) កើត​ថ្ងៃទី ២៩ ខែមិថុនា​ឆ្នាំ ១៩៤៣”​។​

​លីង​មួយ​នេះ​បាន​ធ្លាក់​ទៅដល់​ដៃ​បងប្អូន​ភ្លោះ​ត្រកូល​ភើ​រី ដែល​មិន​ធ្លាប់​ឮ​អំពី​កូនប្រុស​ម្នាក់ទៀត​របស់​ឪពុក​ខ្លួន និង​មិនដឹងថា គាត់​ជា​តួ​ហុងកុង​ដ៏​ល្បីល្បាញ​។ បងប្អូន​ភ្លោះ​នេះ​បានធ្វើ​ដំណើរ​ទៅ​ហុងកុង​ដើម្បី​ជួបនឹង​តារា​សម្តែង​រូបនេះ ហើយ​វីដេអូ​របស់ BBC បានបង្ហាញ បុរស​ទាំង​៣​កំពុង​ឱប​គ្នា ហើយ​សម្រេចចិត្ត​ហៅ​ខ្លួន​ពួកគេ​ថា “​អ្នក​ចម្បាំង​ទាំង​៣”​។​

​បងប្អូន​ភ្លោះ​ត្រកូល​ភើ​រី​បាន​ចែករំលែក​រូបថត​រប​ស់​ឪពុក​ពួកគេ​ជាមួយ​លោក​វ៉ុ​ង ខណៈ​លោក​វ៉ុ​ង​ណែនាំ​បងប្រុស​ភ្លោះ​របស់គាត់​ឱ្យ​ស្គាល់​ខ្សែភាពយន្ត​របស់គាត់​។ លោក​វ៉ុ​ង​និយាយ​ទៅកាន់ BBC ថា “​ខ្ញុំ​គិតថា (​ឪពុក​របស់ខ្ញុំ​) ដឹងថា​ខ្ញុំ​ជា​ក្មេង​ល្អ​តាំងពី​គាត់​ចាកចេញ ដូច្នេះហើយ​ទើប​គាត់​បាន​បញ្ជូន​បងប្អូន​ប្រុស​២​នាក់មក​ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

លោក​វ៉ុ​ង​ជួបជុំ​ជាមួយ​បងប្រុស​ភ្លោះ​ត្រកូល​ភើ​រី​