ព្រះអង្គម្ចាស់​ឆាល​របស់​អង់គ្លេស​កើតកូវី​ត​១៩ សង្ស័យឆ្លង​ពី​ព្រះអង្គម្ចាស់​ម៉ូ​ណាកូ​

449
ចែករម្លែក

​ព្រះអង្គម្ចាស់​ឆាល រជ្ជទាយាទ​នៃ​រាជបល្ល័ង្ក​អង់គ្លេស បាន​ពិនិត្យ​រកឃើញ​វីរុស​កូរ៉ូណា នេះ​បើ​តាម​ការបញ្ជាក់​អះអាង​របស់​ការិយាល័យ​របស់​ទ្រង់​កាល​​ពី​ថ្ងៃ​ពុធ​ទី​២៥​មីនា​។​

​ព្រះអង្គម្ចាស់​ព្រះជន្ម​៧១​វស្សា​អង្គ​នេះ បង្ហាញ​រោគសញ្ញា​កូវី​ត​១៩​ស្រាល​និង​កំពុង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​នៅ​ព្រះរាជដំណាក់​នៅ​ស្កត់​លែន​។​

​ព្រះអង្គម្ចាស់​ឆាល កើតកូវីត១៩ តែព្រះ​មហេសី​របស់​ទ្រង់ ព្រះ​នាង​ខា​មី​ឡា មិន​មានកូវីត​១៩​ទេ​

​គេ​ថា ព្រះ​មហេសី​របស់​ទ្រង់ ព្រះ​នាង​ខា​មី​ឡា បាន​ពិនិត្យ​សុខភាព​រក​វីរុស​ដែរ​តែ​មិន​មានកូវីត​១៩​ទេ​។​ទាំង​ព្រះអង្គម្ចាស់​និង​ព្រះ​នាង​នៅ​មាន​ស្មារតី​ល្អ​​ពោលគឺ​ព្រះអង្គម្ចាស់​មិន​ឈឺ​ដល់​ថ្នាក់​ដេក​លើ​គ្រែ​ទេ​។​

​ព្រះអង្គម្ចាស់​ត្រូវបាន​គេ​ឃើញ​ជា​ចុងក្រោយ​គឺ​ជួប មហា​ក្សត្រិយ អេ​លីហ្សា​បេ​តទី​២ ដែល​ជា​ព្រះ​មាតា​កាលពី​ថ្ងៃ​១២​មីនា​។​ព្រះ​មហាក្សត្រិយ​និង​ព្រះ​​ស្វាមី បាន​ក្លាយជា​ប្រធានបទ​នៃ​ពាក្យ​ចចាមអារ៉ាម​លើ​បណ្តាញ​សង្គម​ចាប់តាំងពី​ពេល​ផ្ទុះ​វិបត្តិ​វីរុស​កូរ៉ូ​ណា​នៅ​អង់គ្លេស​។​

​តាមពិត​ព្រះអង្គម្ចាស់​ឆា​ល មិនមែន​តែ​រាជវង្ស​នៅ​អឺរ៉ុប​តែ​មួយ​អង្គ​គត់​ទេ​ដែល​ឆ្លងកូវី​ត​១៩​។​

​ព្រះអង្គម្ចាស់​អាល់​ប៊ឺត​នៃ​ប្រទេស​ម៉ូ​ណាកូ ក៏​ត្រូវ​បាន​ពិនិត្យឃើញកូ​វីត​១៩​កាលពី​សប្តាហ៍​មុន តែ​ស្ថានភាព​ជម្ងឺ​ក៏​មិន​ធ្ងន់ធ្ងរ​ដែរ​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ូ​ណាកូ ក៏​ត្រូវ​បាន​ពិនិត្យឃើញ​មាន​វីរុស​កូរ៉ូណា​។​

​គេ​ថា ព្រះអង្គម្ចាស់​ឆាល បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ជួប​ព្រះអង្គម្ចាស់​អាល់​ប៊ឺត ដែល​មាន​វីរុស​កូរ៉ូណា កាលពី​ថ្ងៃ​១០​មីនា​។​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​​របស់​ឆាល​បាន​និយាយថា វា​មិន​អាច​ទៅរួច​ទេ​ដែល​ថា​ព្រះអង្គម្ចាស់​បាន​ឆ្លង​ពី​ណា ដោយសារ​តែ​ព្រះអង្គ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​​ជាច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​