ទិវា​ឯករាជ្យ​ជាតិ បង់​ក្លា​ដេ​ស​

298
ចែករម្លែក

​ភ្នំពេញៈ​បង់​ក្លា​ដេ​ស បង្កើតបានជា​រដ្ឋ​ឯករាជ្យ​មួយ ដោយ​ការផ្តាច់​ចេញពី​ប្រទេស​ប៉ា គី​ស្ថាន ដោយសារតែ​ភាសា និង​នយោបាយ​របស់​ពួក​ជនជាតិ បេង​ហ្កា​ល់ ឬ​ប៉ា​គី​ស្ថាន​ខាងកើត ត្រូវបាន​រើសអើង ដោយ​ប៉ា​គី​ស្ថាន​ខាងលិច លុះ​ពេល​បោះឆ្នោត​សកល នៅ​ឆ្នាំ​១៩៧០ មក រដ្ឋាភិបាលយោធា មិន​ប្រគល់​អំណាច​ឱ្យ បែរជា​ធ្វើ​អន្តរាគមន៍​យោធា ហើយ​ប៉ា​គី​ស្ថាន ខាងកើត បង្កើត​ចលនា​តស៊ូ​ឩ​ទ្ទាម ហើយ​ដោយមាន​ជំនួយ​ពី​ឥណ្ឌា​ផង បង់​ក្លា​ដេ​ស សម្រេច បង្កើត​រដ្ឋ នៅ​ឆ្នាំ​១៩៧១ គឺ​បន្ទាប់ពី​តស៊ូ ដោយ​សង្គ្រាម​រយៈពេល ប្រមាណ​ប្រាំបួន​ខែ ដែល បាន​បាត់​បង់ជីវិត ប្រមាណ​ជា ១០០ ពាន់ ។​

​ភូមិសាស្ត្រ​
សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស មាន​ផ្ទៃដី ១៤៧.៥៧០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ក្នុង​អាស៊ី​ខាងត្បូង មាន​ព្រំដែន​ជាប់​ប្រទេស​ឥណ្ឌា (​ប៉ា​គី​ស្ថាន​?) មី​យ៉ាន់​ម៉ា ណេ​ប៉ាល់ ប៊ូ​តាន់ ចិន និង​ឈូងសមុទ្ទ​បេង​ហ្កា​ល់​។ នៅ​ឆ្នាំ ២០២០ ប្រជាជន​បង់​ក្លា​ដេ​ស ជាង ១៦៤ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភាសា​បេង​ហ្កា​ល់ រដ្ឋធានី គឺ​ទីក្រុង ដា​កា ។​

​ប្រវត្តិសាស្ត្រ​
​ប្រទេស​ប៉ា​គី​ស្ថាន មាន​តំបន់​ភូមិសាស្ត្រ និង​វប្បធម៌​សំខាន់ៗ ពីរ​ផ្នែក​គឺ ប៉ា​គី​ខាងកើត និង​ប៉ា​គី ស្ថាន​ខាងលិច​។ ទោះជា​ចំនួន​ប្រជាពលរដ្ឋ មាន​ប្រហាក់ប្រហែលគ្នា​ក្តី ក៏​អំណាច​នយោបាយ ត្រូវបាន​ផ្តោតទៅលើ​តែ​ប៉ា​គី​ស្ថាន​ខាងលិច ហើយ​ជាទូទៅ​ជន​ប៉ា​គី​ស្ថាន​ខាងកើត​ត្រូវបាន គេ​កេងប្រវ័ញ្ច ខាង​ផ្នែក​សេដ្ឋកិច្ច នាំឱ្យមាន​ការឈឺចាប់​យ៉ាងច្រើន​។ រដ្ឋបាល​នៃ​ដែនដី​ទាំងពីរ ផ្នែក ដែលមាន​ទំនាក់ទំនង​គ្នា មិនសូវ​ជាប់លាប់​នេះ ក៏ត្រូវ​បាន​គេ​ឃើញថា មានការ​ប្រកួត ប្រជែង​គ្នា​ដែរ​។
​ ​
​ការរើសអើង​ពូជសាសន៍ និង​ភាសា គឺជា​កត្តា​គន្លឹះ នៃ​ការលេចឡើង​នូវ​ចលនា​អ្នក​ជាតិ និយម​បេង​ហ្កា​លិ​។ នៅ​ឆ្នាំ​១៩៤៨ បិតា​ស្ថាបនិក​ប៉ា​គី​ស្ថាន លោក​ម៉ូ​ហា​ម៉ា​ដ់ អា​លី​ជី​ណា​ហ បានប្រកាសថា មានតែ​ភាសា​អួរ​ឌូ (Urdu) មួយគត់ ដែលជា​ភាសា​សហព័ន្ធ​ឬ​ភាសាផ្លូវការ របស់​ប៉ា​គី​ស្ថាន ដែល​ភាសា​នេះ គឺជា​ភាសា​របស់​អ្នកស្រុក​ភាគ​ខាងជើង និង​ភាគ​ខាងលិច នៃ​ប៉ា​គី​ស្ថាន​តែប៉ុណ្ណោះ​។​

​ភាសា​បេង​ហ្កា​លិ (​របស់​ជនជាតិដើម​បេង​ហ្កា​ល់​) របស់​ប្រជាជន​ប៉ា​គី​ស្ថាន​ខាងកើត​ដែលមាន មនុស្ស​និយាយ និង​ប្រើប្រាស់​ប្រមាណ​ជា​ជិត ៥០​ភាគរយ (​អាច​ជាង​៥០​ភាគរយ​) នៃ​ប្រជាជន ប៉ា​គី​ស្ថាន​ទាំងអស់ ពុំ​ត្រូវបាន​គេ​អើពើ ហើយ​រើសអើង​ទៀតផង​។ ពេលនោះ ជន​បេង​ហ្កា​ល់ (​ប៉ា​គី​ស្ថាន​ខាងកើត​) ខាងកើត បានទាមទារ​សុំឱ្យ​ភាសា​បេង​ហ្កា​លិ​របស់​ពួកគេ​ត្រូវដាក់ បញ្ចូល​ជា​ភាសាផ្លូវការ ជាមួយនឹង​ភាសា​អូរ​ឌូ និង​ភាសា​អង់គ្លេស ប៉ុន្តែ​ត្រូវបាន​បដិសេធ ហើយ​អក្សរ​បេង​ហ្កា​លិ ថែមទាំង ត្រូវបាន​លុបចេញ ពី​កាក់​ពី​តែម និង​ពី​ការប្រឡង​របស់​រដ្ឋ ទៀតផង​។ ប្រការនេះ បណ្តាលឱ្យមាន​ចលនា​ភាសា​បេង​ហ្កា​លិ ត្រូវបាន​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៤៨​។​

​ចេញពី​ការឈឺចាប់ និង​ការរើសអើង​ទាំងនោះ នៅ​ឆ្នាំ​១៩៤៩ នាទី​ក្រុង​ដា​កា ពួក​ជនជាតិ បេង​ហ្កា​ល់ នៃ​ប៉ា​គី​ស្ថាន​ខាងកើត ដែលជា​ពួក​ចលនា​ជាតិនិយម បេង​ហ្កា​លិ បាន​បង្កើត គណបក្សនយោបាយ​មួយ ឈ្នោះ​ថា Awami League (​ស​ម្ព័​ន​ប្រជាជន​បង់​ក្លា​) ដឹកនាំ​ដោយ លោក Sheikh Mujibur Rahman ហើយក៏​ទទួលបាន​ការគាំទ្រ យ៉ាងច្រើន និង​ឆាប់រហ័ស​ពី ប្រជាជន​ប៉ា​គី​ស្ថាន ខាងកើត​នោះ ។​

​តាមរយៈ​ចលនា​ភាសា​បេង​ហ្កា​លិ​នេះ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​១៩៥២ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​ខាងកើត បានធ្វើ​បាតុកម្ម ក្នុង​បំណង​ទាមទារ​ឱ្យ​ដាក់បញ្ចូល​ភាសា បេង​ហ្កា​លិ​របស់​ពួកគេ ជា​ភាសាផ្លូវការ​របស់​ប៉ា​គី​ស្ថាន ជាមួយនឹង​ភាសា​អួរ​ឌូ​ដែរ​។ អាជ្ញាធរ​ប៉ា​គី​ស្ថាន មិនបាន​ទទួល​សំណើ​របស់​ពួកគេ​ឡើយ​បែរជា​បញ្ជា​កម្លាំង​នគរបាល ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម និង​បាញ់រះ​ទៅលើ​ហ្វូង​បាតុករ​ទាំងនោះ បណ្តាលឱ្យមាន​របួស និង​ស្លាប់​ជាច្រើន​នាក់​។ (​ដោយហេតុ​នោះ នៅ​បង់​ក្លា​ដេ​ស បាន​ប្រារព្ធ​ថ្ងៃទី​២១ ខែកុម្ភៈ នោះ ជា​ទិវា​ធ្វើ​ទុក្ករ​កិរ​យា​ភាសា ហើយ​នៅ​ឆ្នាំ​១៩៩៩ អង្គការ UNESCO របស់​អង្គា​ការ​សហ ប្រជាជាតិ បានប្រកាស​ថ្ងៃនោះ​ថា ជា​ទិវា​ភាសា​មាតា​អន្តរជាតិ )​។​

​បន្ទាប់ពី​ការតស៊ូ​ជាច្រើន​ឆ្នាំ មក​ប៉ា​គី​ស្ថាន​បានសម្រេច​ចិត្ត​រៀបចំ​ការបោះឆ្នោត​សកល​ជា លើកដំបូង​របស់ខ្លួន នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៧០ ក្រោម​ការត្រួតពិនិត្យរ​បស់​រដ្ឋាភិបាល យោធា​ដឹកនាំ​ដោយ​លោក​ឩ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន យ៉ា​ហ​យ៉ា​ខាន់ (​ជា​ប្រធានាធិបតី​ទី​បួន របស់​ប៉ា​គី​ស្ថាន តាំងពី​ប៉ា​គី​ស្ថាន​ផ្តាច់ខ្លួន​ចេញពី​ឥណ្ឌា នៅ​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​១៩៥៦ មក​ប៉ុន្តែ​ការឡើង​កាន់តំណែង ជា​ប្រធានាធិបតី​ទាំងនោះ ដោយ​ការតែងតាំង )​។​

​ក្នុងការ​បោះឆ្នោត ជា​ប្រវត្តិសាស្ត្រ​នោះ Awami League របស់លោក Sheikh បានឈ្នះ​ឆ្នោត សំឡេង​ភាគច្រើន​ដាច់ខាត ។ ប៉ុន្តែ​រដ្ឋាភិបាលយោធា ប៉ា​គី​ស្ថាន របស់លោក​ឩ​ត្ត​ម​សេនីយ៍ យ៉ា​ហ​យ៉ា​ខាន់ (​ដែលមាន​ទំនោរ​រើសអើង​ពួក​ជន​ប៉ា​គី​ស្ថាន​ខាងកើត គឺ​ពួក​គណបក្ស Awami League តាំងពីដើម​មក​) ពុំ​ប្រគល់​អំណាច​ទៅឱ្យ​គណបក្ស Awami League របស់លោក Sheikh ឡើយ ។​

​ការចរចា​រវាង​ភាគី​ឈ្នះឆ្នោត ប៉ុន្តែ​គ្មាន​អំណាច​យោធា និង​ភាគី​រដ្ឋាភិបាល​ចាញ់ឆ្នោត ប៉ុន្តែ​មាន​យោធា ក្នុង​ដៃ​ក៏ត្រូវ​បានរៀបចំ​ឡើង ។ ប៉ុន្តែ​ការសន្យា​ទាំងឡាយ មិនដែល​ត្រូវបាន រដ្ឋាភិបាលយោធា​ប៉ា​គី​ស្ថាន នាពេលនោះ​អនុវត្ត ឬ ផ្តល់ឱ្យ​ឡើយ ញ៉ាំងឱ្យ​ពួក​ប្រជាជន ប៉ា​គី​ស្ថាន​ខាងកើត ក្តៅក្រហាយ ពុះពោរ​ខ្លាំង​ឡើង​រហូត​នាំគ្នា​ផឹកទឹកសម្បថ​ថា នឹង​បង្កើត ក្រុម​តស៊ូ ។​

​លោក Sheikh Mujibur Rahma នៅតែ​ប្តេជ្ញាចិត្ត​រក្សា ប៉ា​គី​ស្ថាន តែមួយ ក្រោម​សិទ្ធិ​ស្រប ច្បាប់​របស់គាត់​ដែល​បានឈ្នះ​ឆ្នោត ហើយ​មិនបាន​គិតថា​នឹង​បង្កើត​រដ្ឋ​ដាច់ដោយឡែក មួយ​ពី​ប៉ា​គី​ស្ថាន ឡើយ ថែមទាំង​មិនបាន​អំពាវនាវ​ឱ្យធ្វើ​បែប​នោះ​ផង​។ ប៉ុន្តែ​ដើម្បី​បង្ហាញ ពី​ឥទ្ធិពល​របស់គាត់​នៅក្នុង​នយោបាយ​សង្គម គាត់​បាន​បញ្ចេញ​សុន្ទរកថា​ឱ្យមាន​កំហឹង ក្រេវក្រោធ​ដោយ​ព្រមាន​ថា នឹងមាន​ការតស៊ូ​ដើម្បី​ឯករាជភាព​។ ក៏​ស្រាប់​តែមាន​ចលនា ប្រយុទ្ធ​ក្នុង​ក្របខណ្ឌ​ស្មារតី​ឯករាជភាព ដោយសារតែ​សម្តី​ដូច​ភ្លើង​របស់ លោក Sheikh កើតឡើង​នៅក្នុង​ហ្វូងមនុស្ស​ជា​ច្រើ នៅ​ពាសពេញ​ទាំង ប៉ា​គី​ស្ថាន ខាងកើត ។

​ស្ថិតក្នុង​សភាព​បែប​នោះ អាជ្ញាធរ​យោធា ប៉ា​គី​ស្ថាន បានប្រកាស​ដាក់​បម្រាម​គោចរ ដែល​បើកផ្លូវ​ឱ្យមាន​កងទ័ព ប៉ា​គី​ស្ថាន​ខាងលិច ចូល ប៉ា​គី​ស្ថាន​ខាងកើត​យ៉ាង​គគ្រឹកគគ្រេង ទាំង​តាម​រថពាសដែក កប៉ាល់ និង តាម​យន្តហោះ ។ អាជ្ញាធរ​ប៉ា​គី​ស្ថាន ថែមទាំង​ផ្តាច់ការ ផ្គត់ផ្គង់​ស្បៀងអាហារ​ដ​ល់​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​ខាងកើត​ទៀតផង ។

​ពួក​ទាហាន​ប៉ា​គី​ស្ថាន​ខាងលិច ដែល​បាន​ចូលទៅ ប៉ា​គី​ស្ថាន​ខាងកើត បាន​បាញ់សម្លាប់​មនុស្ស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​នានា​នៅ​ពាសពេញ​កំពង់ផែ​សំខាន់ៗ តំបន់​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​គ្រឹះស្ថាន​អប់រំ ប៉ា​គី​ស្ថាន​ខាងកើត ។ នគរបាល និង​កងទ័ព ត្រូវបាន​ដាក់ពង្រាយ នៅ​តំបន់​ផ្សេងៗ នៃ​ប្រទេស ។ រថពាសដែក​របស់​ក​ង​ទ័ព​ប៉ា​គី​ស្ថាន ដែល​និយាយ​ភាសា អួរ​ឌូ បាន​ឡោម​ព័​ទម​ន្ត្រី​កងកម្លាំង​ដែល​និយាយ​ភាសា បេង​ហ្កា​លិ ។​

​ដល់​ដំណាក់កាល​នេះហើយ លោក Sheikh Mujibur Rahma នៅតែ​រក្សា​ជំហរ ប៉ា​គី​ស្ថាន តែមួយ ពោលគឺ​គាត់​គ្មាន​បំណង​បំបែក​រដ្ឋ​ចេញពី​ប៉ា​គី​ស្ថាន​ឡើយ​។​នៅក្នុង​បទសម្ភាសន៍​ជាមួយ អ្នកសារព័ត៌មាន​បស្ចិម​លោក​ម្នាក់ ឈ្មោះ Robert Frost នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ១៩៧១ លោក Sheikh នៅតែ​អំពាវនាវ​រក​ការចរចា និង រក្សា​ប៉ា​គី​ស្ថាន តែមួយ ។

​ជាការ​ឆ្លើយ​ត​បញ្ច្រាស ឬ​ជាការ​ផ្គើន ចំពោះ​សេចក្តីអំពាវនាវ​របស់​លោក Sheikh កងទ័ព ប៉ា​គី​ស្ថាន បានចេញ​បង្ហាញខ្លួន នៅតាម​ដង​វិថី​នានា ហើយ​សម្លាប់ និង​បំផ្លិចបំផ្លាញ​ឥត​រើស មុខ ដែលជា​សារ​បង្ហាញថា ពួកគេ​គ្មាន​បំណង​នាំយក​ស្ថានការណ៍​នយោបាយ​ឱ្យ​ត្រឡប់ ទៅរក​ភាពស្ងប់ស្ងាត់​វិញ តាម​សន្តិវិធី​ឡើយ ពោលគឺ​ពួកគេ​នឹងមិន​ប្រគល់​អំណាច​នៅ ប្រទេស​ប៉ា​គី​ស្ថាន ទៅឱ្យ​គណ Awami League របស់លោក Sheikh Mujibur Rahman ដែល​ឈ្នះឆ្នោត​ឡើយ ។​

ប្រកាស​បង្កើត​រដ្ឋ​បង់​ក្លា​ដេ​ស​-​សង្គ្រាម​
​រំលងអធ្រាត្រ ថ្ងៃទី​២៥ ឈានចូល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​១៩៧១ លោក Sheikh Mujibur Rahman (​ឯកសារ​ខ្លះ​ថា ជា​ជន​ស្នេហា​ជាតិ​អនាមិក​) បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ផ្លូវការ​របស់ ជនជាតិ​បង់​ក្លា​ដេ​ស ឬ​ជន​ប៉ា​គី​ស្ថាន​ខាងកើត​ថា “ ថ្ងៃនេះ បង់​ក្លា​ដេ​ស គឺជា​ប្រទេស​អធិប តេ​យ្យ​ភាព​ឯករាជ្យ​……” ពោល​គឺជា​សេចក្តីប្រកាស​ឯករាជ្យ និង​ការបង្កើត​ប្រទេស​បង់​ក្លា​ដេ​ស មួយ​។ ក្រោយមក រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ បង់​ក្លេ​ដេ​ស ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​នេះឯង ។

​ប៉ុន្តែ​ចាប់ពីពេលនោះ​មក សង្គ្រាម​រវាង​ប៉ា​គី​ស្ថាន​ខាងកើត (​ដែល​ប្រកាស​បង្កើត​រដ្ឋ​បង់​ក្លា​ដេ​ស​) និង​ប៉ា​គី​ស្ថាន​ខាងលិច ក៏បាន​ចាប់ផ្តើម​ឆាបឆេះ​ឡើង​ធ្វើឱ្យ​មនុស្ស​ប្រមាណ​ជា ១០ លាន​នាក់ បាន​ភៀសខ្លួន ចូលទៅក្នុង​ខេត្ត​ភាគ​ខាងកើត នៃ​ប្រទេស​ឥណ្ឌា ហើយ​មនុស្ស​ប្រមាណ​ជា ៣០ លាន​នាក់ ត្រូវបាន​ផ្លាស់​ទីលំនៅ​។​

​ប្រជាជន​បេង​ហ្កា​ល់ ឬ​បង់​ក្លា​ដេ​ស (​អតីត​ប៉ា​គី​ស្ថាន​ខាងកើត​) បាន​បង្កើត​ក្រុម​ចលនា​តស៊ូ ប្រឆាំងនឹង​កងទ័ព​ប៉ា​គី​ស្ថាន (​ខាងលិច​) ដែល​កំពុងមាន​វត្តមាន​នៅលើ​ទឹក​ដឹ (​ប៉ា​គី​ស្ថាន ខាងកើត​) របស់​ពួកគេ ដោយមាន​ការជួយជ្រោមជ្រែង​ពី​ឥណ្ឌា​។ ក្រុម​ចលនា​តស៊ូ ប្រដាប់ អាវុធ​នោះ ឈ្មោះថា Mukti Bahini (​កងទ័ព​សេរី​) ដែល​ធ្វើសង្គ្រាម ក្នុង​លក្ខណៈ​ឩ​ទ្ទាម (​ប្រទេស ប៉ា​គី​ស្ថាន គឺជា​អ​តី​ដែនដី​មូស្លីម​ឥណ្ឌា ហើយ​បាន​បំបែក​រដ្ឋ​ចេញពី​ឥណ្ឌា នៅ​ឆ្នាំ​១៩៥៦ ) ។​

​ជាការ​សងសឹក​ចំពោះ​ឥណ្ឌា ដែល​បាន​ជួយ​កងទ័ព​ឩ​ទ្ទាម​បង់​ក្លា​ដេ​ស នៅ​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​១៩៧១ កងទ័ពអាកាស​របស់​ប៉ា​គី​ស្ថាន​បាន​បើក​ការវាយលុក​ទៅលើ​ទីតាំង​រ៉ា​ដា​និង​មូលដ្ឋាន កងទ័ពអាកាស​ភាគ​ខាងជើង​របស់​ឥណ្ឌា ដោយ​ពុំមាន​ការជូនដំណឹង ឬ​ព្រមាន​ជាមុន​។ ប្រការនេះ មាន​លទ្ធផល​ប្រហាក់ប្រហែល​នឹង​គេ​គប់​សំបុក​ឱ​ម៉ា​ល់​ដែរ​គឹ​ធ្វើឱ្យ​ឥណ្ឌា​សម្រេចចិត្ត ចូលខ្លួន​ទៅ​ពាក់ព័ន្ធ ក្នុង​សង្គ្រាម​ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដេ​ស​ដោយ​ចេញមុខ​។​

​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៧១ នោះ កងទ័ព​សម្ព័ន្ធមិត្ត​បង់​ក្លា​ដេ​ស​-​ឥណ្ឌា​បាន​យកជ័យ​ជម្នះ​លើ កងទ័ព​ប៉ា​គី​ស្ថាន ជា​ស្ថាពរ ហើយ​បង់​ក្លា​ដេ​ស ក៏បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​ដ៏​ពេញលេញ​ជា​ស្ថាពរ និង​បង្ហាញខ្លួន ក្នុង​ផែនទី​ពិភពលោក តាំងពី​ពេលនោះ​មក​។​

​ពានរង្វាន់​ឯករាជ្យ​ជាតិ​
បន្ទាប់ពី​បាន​ឯករាជ្យ​មក​បង់​ក្លា​ដេ​ស នៅ​ជា​ប្រទេស​ខ្សត់ខ្សោយ​ធនធាន​ច្រើន ប្រការ​ដូច្នេះ ដើម្បី​បំផុសគំនិត​ច្នែ​ប្រតិដ្ឋ ចាប់ពី​ឆ្នាំ​១៩៧៧ មក រដ្ឋាភិបាល បាន​បង្កើតឱ្យមាន​ពាន​រង្វាន់ ជាតិ​ជាច្រើន សម្រាប់​ប្រគល់​ដល់​ជន ឬ​ស្ថាប័ន​ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​ច្រើន ផ្នែក​ដោយ​ឱ្យឈ្មោះ “ រង្វាន់​ឯករាជភាព “ (The Independence Award) ដែល​តែងតែ​ប្រគល់ជូន នៅ​មួយ​ថ្ងៃមុន​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ។ ពានរង្វាន់​ទាំងនោះ គឺជា​ពានរង្វាន់​ខ្ពស់បំផុត របស់​ជាតិ ក្នុងនោះ​សម្រាប់​ប្រគល់​ដល់​អ្នក​ដែល​បាន​លះបង់​បូជា​នៅក្នុង​សង្គ្រាម​ឯករាជភាព ចលនា​ភាសា អប់រំ អក្សរសាស្ត្រ សារព័ត៌មាន សេវាសាធារណៈ វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា វិទ្យាសាស្ត្រ​សុខាភិបាល វិទ្យាសាស្ត្រ​សង្គម តន្ត្រី ការប្រកួត និង កីឡា វិចិត្រសិល្បៈ អភិវឌ្ឍន៍ជនបទ និង វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា

ប្រជាជន បង់​ក្លា​ដេ​ស ជួបជុំគ្នា​នៅ​ទិវា​ឯករាជ្យ​ជាតិ បង្កើតបានជា​ទម្រង់​ទង់ជាតិ​របស់​ប្រទេស
ក្បួន​ដង្ហែ​កងទ័ព​បង់​ក្លា​ដេ​ស ក្នុង​ថ្ងៃ​ឯករាជ្យ​ជាតិ
ទីក្រុង ដា​កា នៃ ប្រទេស បង់​ក្លា​ដេ​ស

ទីតាំងផ្សាយពាណិជ្ជកម្ម