អនាគត អែន​តូ​នី​ញ៉ូ កុន​តេ នៅ​ឆេ​ល​ស៊ី​មិន​ច្បាស់លាស់

1179
ចែករម្លែក

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) កាន់​តែមាន​អារម្មណ៍​ខកចិត្ត ហើយ​បរាជ័យ​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ថ្មី​បំផុត​នេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជាច្រើន​អំពី​អនាគត​របស់លោក​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​លោក កុន​តេ ពេញចិត្ត​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ហើយ​ចាត់ទុក​ខ្សែប្រយុទ្ធ​រូបនេះ​គឺជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​ផែនការ​របស់លោក​សម្រាប់​រដូវ​កាល​ក្រោយ មុនពេល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដណ្តើមយក​កីឡាករ​រូបនេះ​ទៅ​បាត់​ក្នុងពេល​ថ្មីៗ​នេះ​។​
​ ​
​គេ​ជឿថា លោក កុន​តេ គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​មិន​សប្បាយចិត្ត​ចំពោះ​បរា ជ័យ​នេះ​ទេ ហើយ​ក្រុមមន្ត្រី​ក្លឹប​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្យាយាម​ទាក់ទង​ទៅ​កីឡាករ លូ​កា​គុ និង​ទីប្រឹក្សា​របស់​កីឡាករ​រូបនេះ ក្រែង​មានឱកាស​ត្រឡប់ក្រោយ​វិញ​។​
​ ​
​ប៉ុន្តែ​វា​ក្លាយជា​រឿង​ខកចិត្ត​សម្រាប់​លោក កុន​តេ មុនពេល​ឈាន​ជើង​ចូល​រដូវ​កាល​ថ្មី ស្រប​ពេលដែល​គោលដៅ​ផ្ទេរ​លេខ​១​របស់លោក​បែរជា​ចូលរួម​ជាមួយ​គូប្រជែង​របស់ខ្លួន​ទៅវិញ​។​
​ ​
​បើទោះបី​ជាមាន​សេចក្តីរាយការណ៍​មួយចំនួន​នៅ​ប្រទេស​អ៊ីតាលី​អះអាងថា លូ​កា​គុ មិនមែនជា​ជម្រើស​ទី​១​របស់លោក កុន​តេ ក៏ដោយ ក៏​គេ​ជឿថា គ្រូបង្វឹក​រូបនេះ​ពិតជា​ចង់បាន​កីឡាករ​រូបនេះ​មែនទែន​។​
​ ​
​លោក កុន​តេ បាន​ទាក់ទង​ជា​បន្តបន្ទាប់ ហើយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​រដូវ​កាល​ក្រោយ​ដោយ​ដាក់​ឲ្យ លូ​កា​គុ លេង​ក្នុង​ជម្រើស​ដំបូង​។​
​ ​
​លោក កុន​តេ ធ្លាប់​ជួប​រដូវ​កាល​ដ៏​លំបាក​រួចហើយ ហើយ​តាម​ប្រភព​មួយ​ថា មានការ​បារម្ភ​ថា គ្រូបង្វឹក​រូបនេះ​អាច​នឹង​ចាកចេញ​កាលពី​ខែ​មុន ដោយសារតែ​លោក​ខក​ចិត្តនឹង​ថ្នាក់ដឹកនាំ​ឆេ​ល​ស៊ី​អសកម្ម​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​។​
​ ​
​ប្រធាន​បច្ចេកទេស​លោក ម៉ៃ​ឃើ​ល អេ​ម៉េ​ណា​ឡូ (Michaez lemenalo) របស់​ឆេ​ល​ស៊ី​បាន​ចំណាយពេល​បួន​ថ្ងៃ​ធ្វើដំណើរ​បន្ទាន់​មួយ​ដើម្បី​ព្យាយាម​ដោះស្រាយ​ជម្លោះ​រវាង​លោក កុន​តេ និង​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ។​
​ ​
​កូ​ស្តា គ្រោង​នឹងចូលរួម​ជាមួយ​ក្លឹប Atletico Madrid ហើយ​បន្ទាប់មក​នឹង ត្រូវ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​រហូតដល់​ខែមករា ប៉ុន្តែ​តម្លៃ​ផ្ទេរ​ត្រូវបាន​បន្ថយ បន្ទាប់ពី​មាន​ជម្លោះ​ជា​សាធារណៈ​នេះហើយ​ជំហរ​របស់​ឆេ​ល​ស៊ីក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ចាប់ផ្តើម​ចុះខ្សោយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឆេ​ល​ស៊ី​មានការ​លំបាក​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ជា​បន្តបន្ទាប់ ក្រោយពី​កិច្ចព្រមព្រៀង​ផ្ទេរ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) របស់​ក្លឹប Southampton ជាប់គាំង ហើយ​គម្រោង​ផ្ទេរ អា​ឡិ​ក សាន​ដ្រូ (Alex Sandro) របស់​ក្លឹប Juventus ក៏​មិនទាន់​រួចរាល់ ស្រប​ពេលដែល​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) ពី​ក្លឹប Monaco ក៏​អូសបន្លាយ​ផងដែរ​។​
​ ​
​នៅពេលនេះ​លោក កុន​តេ ទំនងជា​ត្រូវ​ងាក​ទៅរក​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា តា (Alvaro Morata) របស់​ក្លឹប Real Madrid និង ហ្វឺ​ណាន​ដូ ឡ​រិ​ន​តេ (Fernando Llorente)​។ អែន​ឌ្រា បេ​ឡូ​តទី (Andrea Belotti) របស់​ក្លឹប Torino គឺជា​ជម្រើស មួយទៀត​។ ឆេ​ល​ស៊ី​ក៏​ចង់បាន អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ដែរ ប៉ុន្តែ​ដឹង​ច្បាស់​ថា អា​សេណ​ល​នឹងមិន​លក់​ឲ្យ​គូប្រជែង​នៅ​ព្រី​មី​ញ៉េ​លី​ក​ទេ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)

ទីតាំងផ្សាយពាណិជ្ជកម្ម