មេដឹកនាំពិភពលោកនឹងរៀបចំកិច្ចប្រជុំដោះស្រាយវិបត្តិ ខណៈកូវីដ១៩ឆក់យកជីវិតមនុស្សជាង ២១.០០០ នាក់

282
ចែករម្លែក

មេដឹកនាំពិភពលោកនឹងរៀបចំកិច្ចប្រជុំតាមអនឡាញនៅថ្ងៃព្រហស្បតិ៍ទី២៦មីនានេះស្តីពីជំងឺរាតត្បាតកូវីដ១៩ ដែលបង្ខំមនុស្សជាង៣ពាន់លាននាក់សម្ងំនៅក្នុងផ្ទះ និងឆក់យកជីវិតមនុស្សជាង ២១.០០០ នាក់។

ខណៈមេរោគនេះកំពុងហែកហួរពិភពលោកក្នុងល្បឿនគួរឱ្យខ្លាច ការព្រមានត្រូវបានបង្កើនជុំវិញផលវិបាកផ្នែកសេដ្ឋកិច្ច ស្របពេលអ្នកជំនាញជាច្រើននិយាយថា​ កូវីដ១៩អាចបង្កការខូចខាតខ្លាំងជាងមហាវិបត្តិសេដ្ឋកិច្ចពិភពលោកទៅទៀត។

ហើយចំពេលកំពុងមានជម្លោះរវាងអាម៉េរិកនិងចិនជុំវិញការស្តីបន្ទោសដាក់គ្នារឿងអ្នកដែលបង្កឱ្យមានមេរោគនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បានអំពាវនាវឱ្យពិភពលោកពួតដៃគ្នាបញ្ឈប់មេរោគរាតត្បាត។

ប្រកាសអំពាវនាវសុំលុយ២ពាន់លានដុល្លារដើម្បីជួយប្រទេសក្រីក្រលើពិភពលោក លោកគូថេរ៉េសបាននិយាយថា “កូវីដ១៩កំពុងគំរាមកំហែងមនុស្សជាតិមួយផែនដី ហើយមនុស្សទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំងតបវិញ”។

លោកនិយាយថា “ចំណាត់ការជាសកលនិងសាមគ្គីគឺជាការសំខាន់។ ការឆ្លើយតបរបស់ប្រទេសនីមួយៗគឺមិនគ្រប់គ្រាន់ឡើយ”។

ចំនួនអ្នកស្លាប់ដោយសារជំងឺនេះនៅតែបន្តកើនឡើង ដោយសហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសទី៦ ដែលមានអ្នកស្លាប់កើនឡើងដល់តួលេខ ៤ ខ្ទង់។

យោងតាមតួលេខសរុបរាប់ដោយសាកលវិទ្យាល័យចនហប់ឃីន មនុស្សយ៉ាងតិច ១.០៤១ នាក់បានស្លាប់នៅសហរដ្ឋអាម៉េរិក និងករណីឆ្លងជាង ៧០.០០០ ត្រូវបានបញ្ជាក់ ខណៈតួលេខឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនឡើងជិតកន្លះលាននាក់៕ ដោយ៖ កញ្ញាដាលីស

មនុស្សយ៉ាងតិច ១.០៤១ នាក់បានស្លាប់នៅសហរដ្ឋអាម៉េរិក