​មន្ត្រី​ជំនាញ​ថាបើ​រកឃើញ​កំហុស​នឹង​បិទ​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​នៅ​ក្រុង​សិរីសោភ័ណ​

199
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​អះអាង​ថាបើ​រកឃើញ​កំហុស​នឹង​បិទ​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​របស់​ឈ្មោះ​ឆាយ​ឈាន​ស្ថិតនៅ​ផ្លូវ​ចុះ​ពី​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ស្ថានីយ៍​នៃ​រោងចក្រ​ទឹកស្អាត​ខេត្តបន្ទាយមានជ័យ​ក្នុងភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​

​គឺ​នឹង​បិទ​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​នេះ​បន្ទាប់ពី​រថយន្ត​ច្នៃ​ពី​ទីនោះ​បង្កហេតុ​ញឹកញាប់​រួមទាំង​ឧ​ទ្ទ​ហេតុ​ថ្មី​មួយទៀត​ដែល​រថយន្ត​ជួសជុល​និង​កែច្នៃ​១​គ្រឿង​ដែល​អត់​ហ្វ្រាំង​បាន​បុក​អគារ​បណ្ណាគារ​បន្ទាយស្រី​នៅ​ទល់មុខ​គ្នា​នោះ​ផង​។​លោក​ប៉ាល់​ស៊ី​មេ​ដា​ប្រធានការិយាល័យ​ដឹកជញ្ជូន​នៃ​ម​ន្ទិ​រ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​លោក​វរសេនីយ៍ត្រី​ឃួន​វិបុល​នាយផ្នែក​ចរាចរ​នៃ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​បាន​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ឧ​ប​ទ្ទ​ហេតុ​នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​នោះ​កាលពី​ថ្ង​ទី​២៦​ខែមីនា​ឆ្នាំ​២០២០ ។​

​ក្រោយពី​ពិនិត្យ​បរិវេណ​ខាងក្រៅ​ខាងក្នុង​និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​របស់​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​ខេត្ត ក៏ដូចជា​សម្ភារ​ឧបករណ៍​ជាង​និង​រថយន្ត​ធំ​នៅសល់​៦​គ្រឿងក្នុង​យានដ្ឋាន លោក​ប៉ាល់ ស៊ី​មេ​ដា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ លោក​នឹងធ្វើ​របាយការណ៍​កំណត់​ហេតុ​ចុះ​ត្រួតពិនិត្យ​នេះ គួបផ្សំ​នឹង​កិច្ចសន្យា​ដែល​ម្ចាស់​យានដ្ឋាន​បាន​សន្យា​ហើយ​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​។​លោក​ប្រធាន​មន្ទីរ​នឹង​បញ្ជូនទៅ​អភិបាលខេត្ត​ជា​អ្នកសម្រេច​។​

​មន្ត្រី​ជំនាញ​បន្តថា​៖​មន្ទីរ​ចេញ​ច្បាប់​អនុញ្ញាត​មែន​តែបើ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​នេះ​អនុវត្ត​មិនបាន​តាម​កិច្ចសន្យា​នោះ​ជា​កំហុស​របស់​ម្ចាស់​យានដ្ឋាន​។​វា​មិនមែនជា​កំហុស​របស់​មន្ត្រី​ឬ​ប្រធាន​មន្ទីរ​ទេ​។​ហេតុនេះ​ក្រោយ​ពិនិត្យ​កំណត់ហេតុ​ហើយ​ថ្នាក់លើ​នឹង​សម្រេច​ថា​ត្រូវ​បិទ​ឬ​មិន​បិទ​យានដ្ឋាន​នេះ​។​

​យោង​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ​ឆាយ​ឈាន​ម្ចាស់​យានដ្ឋាន​ជួសជុល​នេះ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​គឹម​សុវណ្ណ​ប្រធាន​មន្ទីរ​ចុះ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៥​បាន​ចែងថា​៖១​ម្ចាស់​យានដ្ឋាន​ត្រូវមាន​អ្នកបច្ចេកទេស​ជំនាញ​យានយន្ត​(​ក្នុងអំឡុង​៦​ខែក្រោយ​បាន​ច្បាប់​អាជីវកម្ម​)​។​

២​មិន​រំលោភ​និង​ប្រើប្រាស់​ដី​ចំណីផ្លូវ​សម្រាប់​ថ្មើរជើង​។​៣​គោរព​តាមច្បាប់​រដ្ឋ​កំណត់​មិន​ដំឡើង​ត​ទ្រុង​ថែម​ភ្លៅ​ទំហំ​ខុស​បទដ្ឋាន​បច្ចេកទេស​។​៤​ត្រូវការពារ​បរិស្ថាន​ពិសេស​ការបង្ហូរ​ប្រេងរំអិល​ចេញ​ក្រៅ​។​៥​មិន​រំខាន​ដល់​ការរស់នៅ​របស់​អ្នកជិតខាង​។​៦​ត្រូវ​បម្រុង​ទុក​ឧបករណ៍​សុវត្ថិភាព​(​ឧបករណ៍​ពន្លត់​អគ្គិភ័យ​) ។​
​ចំណែក​កិច្ចសន្យា​ជាមួយ​នគរបាល​ក្រុង​សិរីសោភ័ណ​ចុះ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៧​ដែល​បាន​ចុះ​ចាត់វិធានការ​និង​ធ្វើ​កិច្ចសន្យា​បន្ទាប់ពី​យានដ្ឋាន​នេះ​បង្ក​គ្រោះថ្នាក់​រួមមាន​៖​មិន​រំលោភ​ចំណី​ថ្នល់​ក្នុងការ​ជួសជុល​។​មិន​បង្ក​សំឡេង​រំខាន​មិន​បង្ក​កកស្ទះ​ចរាចរ​មិន​ធ្វើឱ្យ​ប់ះ​ពាល់​សណ្តាប់ធ្នាប់​និង​ព្រម​ប្តូរ​ទីតាំង​នៅពេល​មានលទ្ធភាព​ជាដើម ។​

​លោក​ឆាយ ឈាន ម្ចាស់​យានដ្ឋាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​និង​មន្ត្រី​សមត្ថកិច្ច​ថា ៖ កិច្ចសន្យា​នោះ លោក​គោរព​បាន​មួយចំនួន​។​ចំពោះ​យានដ្ឋាន​លោ​កថា​លោក​ធ្វើ​អាជីវកម្ម​ជួសជុល​គឺ​ខូច​ត្រង់ណា​ធ្វើ​ត្រង់នោះ​មិនមែន​កែច្នៃ​ឬ​ដំឡើង​ទេ​។​ប៉ុន្តែ​ជាក់ស្តែង​ក៏មាន​ការដំឡើង​ថែមថយ​ខ្លះ​ដើម្បីឱ្យ​ធានា​ការប្រើប្រាស់​មានគុណ​ភាព​នៅ​ស្រុក​យើង​។​លោក​បាន​បន្តថា​លោក​ក៏បាន​ត្រៀម​ទីតាំង​ថ្មី​ដែរ​ព្រោះ​ទីតាំង​នេះ​តូចចង្អៀត​ហើយក៏​ប៉ះពាល់​គេឯង​ដែរ ។​ប៉ុន្តែ​បើ​ប្តូរ​ទីតាំង ក៏ត្រូវ​ចំណាយ​អស់​ច្រើនណាស់ ។​

​សូម​រំលឹកថា​ក្នុង​ឧ​ប​ទ្ទ​ហេតុ​មួយទៀត​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០២០​នោះ​គឺ​រថយន្ដ​ធំ​នៃ​យានដ្ឋាន​របស់​ឈ្មោះ​ឆាយ​ឈាន​នេះ​បាន​ថយ​ទៅបុក​ចំ​ទ្វារ​ចូល​នៃ​បណ្ណាគារ​បន្ទាយស្រី​បង្ករ​ខូចខាត​ផ្នែក​ខាងមុខ​ទ្វារ​កញ្ចក់​និង​សម្ភារ​ជាច្រើន​។​និង​ក៏បាន​ធ្វើឱ្យ​ម្ចាស់​បណ្ណាគារ​និង​បុគ្គលិក​ភ័យ​លាស់​ព្រលឹង​ផង ។​
​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ លឹម វុទ្ធី ជាជាង និង​ត្រូវជា​បងប្អូន​របស់​ម្ចាស់​យានដ្ឋាន​បាន​និយាយថា​៖ ម្ចាស់​យានដ្ឋាន​បានឱ្យ​លោក​យក​រថយន្ត​កែច្នៃ​នេះ​ទៅឱ្យ​ជាង​បាញ់ថ្នាំ​។​តែ​ពេល​ថយ​រថយន្ត​ក៏​បុក​ទាំង​កម្រោលចូល​បណ្ណាគា​រ​នោះ​ព្រោះ​ភ្លេច​ភ្ជាប់​ហ្វ្រាំង​ឬក៏​ដាច់​។​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រាចរ​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​ព្រមទាំង​អូស​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​កន្លែង​រងចាំ​ដោះស្រាយ​តាម​និតិ​វិធី ។​

​ឯ​អ្នកស្រី​ប្រាក់ ស៊ី​ណៃ ម្ចាស់​ប​ណ្ណាគរ​បន្ទាយស្រី​បានឱ្យដឹងថា ៖ យានដ្ឋាន​នេះ​និង​រថយន្ត​ចេញ ចូល​ទីនោះ​បង្ក​បាតុភាព​គ្រោះ​និង​រំខាន​ដល់​កន្លែង​និង​មនុស្ស​ក្នុង​គ្រួសារ​អ្នកស្រី​ច្រើនលើក​ច្រើន​ដារ​មកហើយៗ អ្នកស្រី​ក៏​ស្នើឱ្យ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​និង​ប្តូរ​ទីតាំង​យានដ្ឋាន​នេះ ។​

​គួររំលឹកថា​យានដ្ឋាន​ជួសជុល​តែមាន​រូប​ភាពជា​កែច្នៃ​រថយន្ត​ធំ​របស់​ឆាយ​ឈាន​ខាងលើ​ធ្លាប់បាន​បង្កហេតុ​បន្តបន្ទាប់​ដូចជា ៖ ១-​រថយន្ត​ដែល​ចូល​កែច្នៃ​ដាច់​ហ្វ្រាំង​បើក​បុក​បាក់​បង្គោល​ភ្លើង​ក្បែរ​នោះ ។ ២-​ការចត​រថយន្ត​លើ​ទ្រូងផ្លូវ​បង្ក​គ្រោះថ្នាក់​ចរាចរ​ដល់​យានយន្ត​ដទៃ​។​៣​រថយន្ត​សណ្ដោង​ដាច់​កន្ទុយ រអិល​បុក​ឡាន​ម៉ូតូ​។​៤​ឡានធំ​ដាច់​ហ្វ្រាំង​បង្ករ​របួស​សិស្ស​ចេញពី​សាលា​។​៥​ឡាន​លុច​ស៊ី​ស​៣០០​បុក​ក្រឡាប់​កណ្ដាលផ្លូវ​ព្រោះ​ការចត​រថយន្ត​មក​កែច្នៃ​នៅខាងមុខ​យានដ្ឋាន​នេះ​ជាដើម​។​

​មិនតែប៉ុណ្ណោះ​យានដ្ឋាន​នេះ​ក៏បង្ក​ការភ័យខ្លាច​ដោយ​ភ្លើង​ក្លិន​និង​សំឡេង​រំខាន​ក្ឌុង​ក្ឌាំង​ទាំងយប់​ទាំង​ថ្ងៃ​បាន​បង្ក​ហៀរ​ប្រេងម៉ាស៊ីន​លើ​ចិញ្ចើមផ្លូវ​…​បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ដោយសារ​ការ​ផ្សារ វ៉ៃ​តោន​ឮ​សំឡេង​ខ្លាំង ជាដើម ។

​លោក​គឹម​សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៦​ខែមីនា​ថា​៖​លោក​ទទួលស្គាល់ថា​យានដ្ឋាន​របស់​ឆាយ​ឈាន​នេះ​មាន​បញ្ហា​បង្ក​ឈឺក្បាល​ដល់​ជំនាញ​និង​អាជ្ញាធរ​ច្រើនលើកច្រើនសារ​មកហើយ​។​ប៉ុន្តែ​លោក​ដូចជា​លំអៀង​ដោយបាន​និយាយថា​ម្ចាស់​បណ្ណាគារ​បន្ទាយស្រី​ទៅវិញ​ទេ​ដែលមាន​ជម្លោះ​ជាមួយ​ម្ចាស់​យានដ្ឋាន ហើយ​បង្ករឿង ហើយ​ប្តឹងផ្តល់​ឥត​ឈប់ ។​

​លោក​គឹម សុវណ្ណ បាន​បន្តថា ៖​ករណី​ដែល​ថាបើ​រកឃើញ​កំហុស​យានដ្ឋាន​នេះ ហើយ​បិទ​ឬ​មិន​បិទ ប្តូរ​ឬ​មិន​ប្តូរ​ទីតាំង​ព្រោះ​ពលរដ្ឋ​ជិតខាង​ប្តឹង​លោក​មិន​ធ្វើ​ទេ​។​បើ​ចង់​ធ្វើឱ្យ​ម្ចាស់​បណ្ណាគារ​និង​ពលរដ្ឋ​ប្តឹងទៅ​លោក​អភិបាលខេត្ត​ទៅ​៕S/

​រូបថត​៖​លោក​ប៉ាល់​ស៊ី​មេ​ដា​និង​មន្ត្រី​ម​ន្ទិ​រ​សាធារណការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចុះ​ពិនិត្យ​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ឈ្មោះ​ឆាយ ឈាន នៅ​អូរ​អំបិល បន្ទាប់ពី​មាន​បញ្ហា (​រូប​៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ