​ប្រទះឃើញ​សំណង់​ឈើ​អាយុកាល​ជិត​១.០០០​ឆ្នាំ​ក្នុង​កំណាយ​នៅ​បាត​ស្រះ​ខាងជើង​ប្រាសាទ​អង្គ​វត្ត​

329
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​រចនា​សម្ពន្ធ​សំណង់​ឈើ​ដ៏​ល្អ​ឆ្នើម​មួយ​រួម​នឹង​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា​១​អង្គ​ត្រូវបាន​ប្រទះឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​បាត​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​។

​ការរកឃើញ​នេះ​ត្រូវបាន​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​អង្គរ​ដែល​បាន​រកឃើញ​សំណង់​ឈើ​និង​បដិមា​។​ដូច្នេះហើយ​នេះ​ជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ទាក់ទង​នឹង​ការកសាង​ស្រះ​ទឹក​រួមទាំង​ស្ថាបត្យកម្ម​នៃ​សំណង់​អង្គរវត្ត​ជំនឿ​និង​ការរស់នៅ​ឥត​ដាច់​របស់​ប្រជាជន​តាំងពី​សតវត្សរ៍​ទី​១២​មកដល់​សព្វថ្ងៃ​។​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ឱ្យដឹង​នៅ​យប់​ថ្ងៃទី​២៦ ខែមីនា​នេះ​។​

​លោក​អ៊ឹម​សុខ​រិទ្ធី​បុរាណ​វិទូ​និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ឱ្យដឹងថា រចនា​សម្ពន្ធ​សំណង់​ឈើ​ដែល​បាន​ប្រទះឃើញ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ស្រះ ដែលមាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ​ហើយ​។​តែ​នៅមាន​ទ្រង់ទ្រាយ​ល្អ​ដូចដើម​និង​មានការ​បញ្ចុះ​បាន​យ៉ាង​ត្រឹមត្រូវ ដោយមាន​ស្រទាប់​ខ្សាច់ ស្រទាប់​ថ្ម ស្រទាប់​កំណក​រុក្ខជាតិ​និង​ធញ្ញជាតិ ស្រទាប់​សត្វ​សមុទ្រ និង​បំណែក​កុលាលភាជន៍​ជាច្រើន​សម័យកាល​។​ដែល​បានរៀបចំ​យ៉ាង​ស្អាត​ប្រកបដោយ​គំនិត​សិល្បៈ លាយ​បញ្ចូល​នឹង​ជំនឿ​ព្រោះ​មាន​មាន​តម្កល់​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សា​សា​នា​១​អង្គ​ផង​។​

​បដិមា​នេះ​ជា​ទេព​តំណាងឱ្យ​ចំណេះដឹង​បញ្ញាញាណ​និង​មន្តអាគម​។​ការដែល​បញ្ចុះ​ទេព​លាយ​ជាមួយ​ដូច្នេះ​គឺ​បង្ហាញ​ពី​ការគោរព​តាម​ជំនឿ​ដើម្បី​ជាទី​ពឹងពាក់​របស់​មនុស្ស​និង​ដើម្បីឱ្យ​ទីនេះ​ក្លាយ​ជាទី​ទុកចិត្ត​ក្លាយជា​ទឹក​ពិសិដ្ឋ សម្រាប់​ប្រោះព្រំ​អ្នកផង​មក​សំពះ​ព្រះ​ពិស្ណុលោក​។​

​លោក​សុខ​រិទ្ធី​បាន​បន្តថា​ការរកឃើញ​ថ្មី​នេះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការស្រាវជ្រាវ​ដំបូង​ហើយ​ដែល​បាន​ប្រទះឃើញ​នូវ​សំណង់​ឈើ​មាន​ស្នាដៃ​ល្អ​ស្អាត​និង​ព្រះ​មួយអង្គ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ នេះ​ក៏​ជា​ភស្តុតាង​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​បែប​បុរាណវិទ្យា​ដែល​បាន​បំពេញបន្ថែម​ទៅលើ​ព័ត៌មាន​កន្លងមក​ដែល​យើង​ពឹងផ្អែក​ការសិក្សា​ស្រាវជ្រាវ​លើ​សិលាចារឹក បដិមា​សាស្ត្រ ប្រវត្តិ​សិល្បៈ​។​ល​។
ដែល​បង្ហាញ​នូវ​អាថ៌កំបាំង​យ៉ាង​ធំ​មួយ​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការកសាង​ស្រះ​ទឹក​សំណង់​ប្រាសាទអង្គរវត្ត បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​មនុស្ស​ដែល​បង្ហាញ​ឱ្យដឹងថា​អង្គរ​មិនមាន​ការបោះបង់ចោល​នោះទេ​គឺមាន​មនុស្ស​មក​រស់នៅ​ទីនេះ​មិន​ដាច់​តាំងពី​សម័យ​កសាង​រហូត​ដល់​សម័យ​ទំនើប​។

​លោក​បន្ថែមថា​ដំណាក់កាល​ដំបូង​នេះ​យើង​មិនទាន់​កំណត់ឱ្យ​ច្បាស់​ថា​សំណង់​ឈើ​នេះ​មាន​ប្រភេទ​ឈើ​អ្វីខ្លះ​?​សំណង់​មាន​តួនាទី​អ្វី​ប្រាកដ​នោះឡើយ​គឺ​រង់ចាំ​ការយក​បំណែក​ឈើ​ទៅ​ពិសោធន៍​និង​សិក្សា​តាមបែប​វិទ្យាសាស្ត្រ​ជាមួយ​អ្នកជំនាញ​ផ្សេងៗ​ទៀត​៕S/

​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រទះឃើញ​សំណង់​ឈើ​អាយុកាល​ជិត​១.០០០​ឆ្នាំ​ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​បាត​ស្រះ​ខាងជើង​ប្រាសាទ​អង្គ​វត្ត​(​អប្សរា​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ