វ៉េ​ន រូ​នី ជឿថា Everton អាចជួយ​ឲ្យ​ខ្លួន​ទទួលបាន​កៅអី​នៅ​ក្រុម​ជម្រើសជាតិ​ឡើងវិញ​

1093
ចែករម្លែក

​ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney) ជឿថា ក្លឹប Everton អាចជួយ​ខ្លួន​ឲ្យ​ដណ្តើមបាន​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មកវិញ​។
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ដាក់ចិត្ត​ដាក់​កាយ​ចង់​វិល​ត្រឡប់មក​ពហុកីឡាដ្ឋាន Goodison Park ហើយ​កិច្ចព្រមព្រៀង​ផ្ទេរ​អាច​នឹង​រួចរាល់​ក្នុង​រយៈពេល​៤៨​ម៉ោង​។​
​ ​
​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​និង​ទីប្រឹក្សា​របស់ខ្លួន​ឥឡូវនេះ​កំពុង​រៀបចំ​កិច្ចព្រមព្រៀង​ផ្ទេរ ហើយ​ទំនងជា​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​តែម្តង​ក្នុង​កិច្ចសន្យា​លេង​ពីរ​ឬ​បី​ឆ្នាំ​ជាជាង​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​។​
​ ​
​ប៉ុន្តែ រូ​នី មិនដែល​បោះបង់ចោល​ឱកាស​ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​វិញ​ទេ បើទោះបីជា​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​មិនទាន់​បាត់បង់​តំណែង​ជា​ប្រធាន​ក្រុម Man Utd នៅឡើយ​។
​ ​
​រូ​នី ជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​យូ​ណាយ​ធី​ត​និង​សម្រាប់​ក្រុម​ជម្រើសជាតិ នៅតែ​ជឿថា រដូវ​កាល​ល្អ​និង​ការរកបាន​គ្រាប់​បាល់​និង​ការលេង​ស៊ីសង្វាក់​អាច​ជំរុញ​ឲ្យ​ខ្លួន​ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​វិញ​សម្រាប់​ព្រឹត្តិការណ៍​វើ​ល​ខាប់​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា Everton កំពុង​ព្យាយាម​រក្សាទុក​កិច្ចព្រមព្រៀង​ផ្ទេរ រូ​នី នៅ​ដោយឡែក​ពី​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)​។ ការធ្វើ​បែបនេះ មានន័យថា ក្លឹប​នីមួយៗ​មិនចាំបាច់​រង់ចាំ​ការសម្រេច​កិច្ចព្រមព្រៀង​ទាំងពីរ​ក្នុងពេល​តែមួយ​ទេ ប៉ុន្តែ​ច្បាស់​ណាស់ យូ​ណាយ​ធី​ត​បាន​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ដាក់​សម្ពាធ​លើ Everton ដើម្បី​ទទួលបាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ វ៉េ​ន រូ​នី (Wayne Rooney)

ទីតាំងផ្សាយពាណិជ្ជកម្ម