ប្រមុខ​បាល់ទាត់​អាស៊ាន និយាយ​អ្វីខ្លះ ក្នុង​យុគសម័យ កូ​វីដ​-១៩

240
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រមុខ​សហព័ន្ធ​កីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ (The Asean Football Federation )​លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សា​ម៉េ​ត ដែលជា​អនុប្រធាន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង​នោះ បាន​សម្ដែង​នូវ​ការតក់ស្លុត ចំពោះ​ការសម្រេចចិត្ត កែប្រែ​កម្មវិធី​ប្រកួត​នានា ក្នុង​តំបន់ ដើម្បី​ចូលរួម​ទប់ស្កាត់ កូ​វីដ​-១៩​។​

​ថ្លែង​នៅលើ​គេហទំព័រ​ផ្លូវការ របស់​សហព័ន្ធ​កីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ លោក​បាន​លើកឡើងថា នេះ​គឺជា​ពេលវេលា ដែល​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​ពិភពលោក ទាំងមូល រួមទាំង​ក្រុមគ្រួសារ បាល់ទាត់ និង​សហគមន៍​របស់​យើង ប៉ុន្តែ​យើង នឹង​ឆ្លងកាត់​វា ជាមួយគ្នា​។ ទោះយ៉ាងណា ការឆ្លងកាត់​វា នឹង​តម្រូវ​ឲ្យ យើងទាំងអស់គ្នា ចូលរួមចំណែក​។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ បានសម្រេច​លើក​ពានរង្វាន់ ៤ នឹង​ត្រូវបាន​ពន្យារពេល ទៅ​កាលបរិច្ឆេទ​ក្រោយៗ​ទៀត នៅ​ឆ្នាំនេះ ដោយ​ចាប់ផ្តើម​ពី​ព្រឹត្តិការណ៍ បាល់ទាត់​នារី​អាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍​យុវជន និង​យុវនារី ៣ ទៀត ដែល​ត្រូវ​ផ្លាស់ប្តូរ ផងដែរ​នោះ គឺ​ការប្រកួត​ពានរង្វាន់ បាល់ទាត់​នារី អាយុ​ក្រោម ១៨ ឆ្នាំ​, ពាន​យុវជន​អាយុ​ក្រោម ១៦ ឆ្នាំ និង​ពាន​យុវជន អាយុ​ក្រោម ១៩ ឆ្នាំ ដែល​គ្រោង​ធ្វើ នៅក្នុង​ខែមិថុនា ខែកក្កដា និង សីហា បន្តបន្ទាប់​គ្នា ស្រប​ពេលដែល​ព្រឹត្តិការណ៍ ចំនួន ៥ ផ្សេងទៀត របស់​សហព័ន្ធ​បាល់ទាត់ អាស៊ីអាគ្នេយ៍ នឹង​បន្ត​ប្រព្រឹត្តទៅ តាម​ការគ្រោងទុក គឺ​រួមមាន ការប្រកួត ពានរង្វាន់​បាល់ទាត់​នារី អាយុ​ក្រោម ១៥​ឆ្នាំ​, បាល់ទាត់​ក្នុង​សាល​, ក្លឹប​បាល់ទាត់​ក្នុង​សាស​, បាល់ទាត់​លើ​ឆ្នេរ​ខ្សាច់ និង​ពានរង្វាន់​បាល់ទាត់ ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Championship ឬ​និយម​ហៅថា AFF Suzuki Cup) ខណៈ​ពានរង្វាន់​ក្លិប​បាល់ទាត់ អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ត្រូវ​លើក​ទៅ ឆ្នាំ​២០២១ វិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ ខៀវ សា​ម៉េ​ត​ ប្រមុខ​បាល់ទាត់​អាស៊ាន​

​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ ភាគច្រើន មាន​លើ​ការប្រមូលផ្តុំ ដែលមាន​មនុស្ស​ច្រើន ដូចជា​ព្រឹត្តិការណ៍ បាល់ទាត់​ជាដើម យើង​បានធ្វើការ​សម្រេចចិត្ត ក្នុងការ​ពន្យារពេល ឬ​នៅពេលណា​ដែល​ចាំបាច់ ដើម្បី​លុបចោល ការប្រកួត​នានា របស់​យើង ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម ជាមួយ​គោលដៅ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព គ្រួសារ​បាល់ទាត់ របស់​យើង និង​សហគមន៍​។​

​នៅពេលដែល​ស្ថានភាព កំពុង​វិ​វត្ត​ឥតឈប់ឈរ យើង​នឹង​បន្ត​តាមដាន យ៉ាង​ដិតដល់ ហើយ​យើង​នឹងមិន​ស្ទាក់ស្ទើរ ក្នុងការ​ផ្លាស់ប្តូរ កាលវិភាគ​ប្រកួត របស់​យើង ប្រសិនបើ​ចាំបាច់​។ នៅក្នុង​រាល់​ការសំរេចចិត្ត របស់​យើង AFF តែងតែ​ផ្តល់​អាទិភាព ដល់​សុខុមាលភាព នៃ​គ្រួសារ​បាល់ទាត់ និង​សហគមន៍ របស់​យើង​។​

​បុរស​កម្ពុជា ដំបូង​គេ​របស់​កម្ពុជា ដែល​ជាប់​ជា​ប្រធាន​សហព័ន្ធ បាល់ទាត់​អាស៊ីអាគ្នេយ៍ អាណត្តិ​ទី​៥ រូបនេះ បាន​បន្ថែមថា ដោយមាន​ការណែនាំ ពី​អង្គការ​សុខភាព​ពិភពលោក (WHO), ក្រសួងសុខាភិបាល​, ទីភ្នាក់ងារ​រដ្ឋាភិបាល​, សហព័ន្ធ​កីឡាបាល់ទាត់ ពិភពលោក (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់ ទ្វីបអាស៊ី (AFC) ហើយនឹង​ផ្តល់ព័ត៌មាន​ថ្មីៗ បន្ថែមទៀត នៅពេល​ចាំបាច់​។​

​លោក​បាន​បន្តថា យើងទាំងអស់គ្នា ត្រូវ​ចូលរួមចំណែក ដើម្បី​រក្សា​ការឆ្លង​មេរោគ ឲ្យ​នៅ​ទាប​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ដូច្នេះ គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ដែល​កំពុង​ប្រថុយ​ជីវិត​របស់​ពួកគេ នៅ​ជួរមុខ អាច​ទប់​ទល់នឹង​ចំនួន អ្នកជំងឺ​ធ្ងន់ធ្ងរ ហើយ​ដូច្នេះ មន្ទីរពេទ្យ​របស់​យើង នឹងមិន​ណែនណាន់ តាន់តាប់​ឡើយ​។ វិធាន​ការដែល​បានដាក់​ចេញ ដោយ​រដ្ឋាភិបាល​នីមួយៗ អាចធ្វើ​ការ​បាន លុះត្រាតែ​យើងទាំងអស់គ្នា ចូលរួមចំណែក ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម តាម​ដែល​អាចធ្វើ​ទៅបាន​៕v