ប្រទះសពអណ្តែតទឹកព្រែក​កំពង់បាយ បង្កការភ្ញាក់ផ្អើល​ទាំងព្រឹក

164
ចែករម្លែក

ដោយៈ បូកគោៈ កំពតៈ អ្នកដំណើរបានប្រទះឃើញសពបុរសម្នាក់អណ្តែត​ទឹកព្រែកកំពង់បាយ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ ករណីនេះ​បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រ​នៃភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ជាមួយហេតុការណ៍ខាងលើ ក្រោយធ្វើកោសលវិច័យរួចរាល់ មន្ត្រីនគរបាល​បច្ចេកទេសនៃស្នងការដ្ឋានខេត្តកំពតបានបញ្ជាក់ថា តាមរយៈការធ្វើ​កោសលវិច័យយ៉ាងល្អិតល្អន់គឺនៅលើដងខ្លួនសាកសពទាំងមូលពុំឃើញមាន​ស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ ដូច្នេះ ជំនាញសន្និដ្ឋានថាការបាត់បង់ជីវិត​របស់ជនរងគ្រោះបណ្តាលមកពីដើរធ្លាក់ទឹកដោយខ្លួនឯង ពោលគឺមិនមាននរណា​បង្កហិង្សា ឬធ្វើទារុណកម្មចំពោះជនរងគ្រោះឡើយ។ គ្រោះថ្នាក់នេះអាច​កើតឡើងចន្លោះពីម៉ោង១០ទៅម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្របពេលយប់ស្ងាត់ ហើយមិនមានអ្នកណាបានឃើញនោះ។

ចំណែកមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះខាងលើ​ជាមនុស្សមានសតិមិនគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃគេឃើញបុរសម្នាក់នេះ​ដើរទៅមក​នៅលើសួនច្បារឆ្នេរព្រែកកំពង់បាយ ពិសេសតែងអង្គុយលើ​ខឿនឆ្នេរព្រែកនៅមុខមន្ទីរពេទ្យបង្អែក។ ដោយសារមិនអាចរកសាច់ញាតិឃើញ សមត្ថកិច្ចបានសម្រេចនាំយកសាកសពទៅធ្វើពិធីបូជាតាមទំនៀមទម្លាប់នៅវត្ត​មួយក្បែរកន្លែងកើតហេតុតែម្តង៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ