ទីក្រុងតូក្យូសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ខណៈមនុស្សជាច្រើននៅបន្តដើរហើរប្រសាច

186
ចែករម្លែក

ប្រជាជននៅទីក្រុងតូក្យូនិងអូសាកានៅភាគខាងលិចប្រទេសជប៉ុនបានសម្ងំនៅក្នុងផ្ទះនៅថ្ងៃសៅរ៍ទី២៨មីនានេះ ខណៈក្រុមមន្រ្តីជំរុញឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ភាពអាសន្នដែលអាចកើតមានឡើង ប៉ុន្តែមនុស្សមួយចំនួនទៀតនៅតែចេញដើរធម្មតា។

អភិបាលក្រុងតូក្យូលោកស្រី យូរីកូ កយកេ បានអង្វរសូមឱ្យប្រជាជនរាប់លាននាក់នៅក្នុងរដ្ឋធានីនិងតំបន់ជុំវិញចៀសវាងការចេញក្រៅមិនចាំបាច់និងមិនបន្ទាន់រហូតដល់ថ្ងៃទី ១២ ខែមេសាហើយជាពិសេសនៅចុងសប្តាហ៍នេះបន្ទាប់ពីមានការកើនឡើងនៃការឆ្លងកូវីដ១៩នៅសប្តាហ៍នេះ ដែលលោកស្រីនិយាយថាដាក់ទីក្រុងតូក្យូនៅមាត់ជ្រោះនៃភាពអាសន្ន។

លោកស្រីកយកេបានជំរុញឱ្យសាធារណជនចៀសវាងពីការជួបជុំគ្នាទូទាំងប្រទេសដើម្បីផឹកស៊ីនិងមើលផ្កាឆឺរីរីក នៅពេលផ្កានេះឈានដល់រដូវកាលរីកលូតលាស់ខ្លាំងនៅក្នុងរដ្ឋធានី ដោយលោកស្រីនិយាយកាលពីថ្ងៃសុក្រថា “ផ្កាឆឺរីនឹងរីកម្តងទៀតនៅឆ្នាំក្រោយ”។

អ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ជាង ១.៤០០ នាក់ ដោយមានអ្នកស្លាប់ចំនួន ៤៧ នាក់ ដោយមិនរាប់បញ្ចូលអ្នកឆ្លងជំងឺពីនាវាទេសចរណ៍កាលពីខែមុនផង។ ដោយឆ្លងមេរោគពីចិនដំបូងគេ ជប៉ុនបានឃើញការកើនឡើងសន្សឹមៗនៃករណីឆ្លងថ្មីៗយឺតជាងអឺរ៉ុបនិងសហរដ្ឋអាម៉េរិក។

ទោះយ៉ាងណានៅសប្តាហ៍នេះគេឃើញមានការកើនឡើងខ្ពស់រហូតដល់ថ្នាក់នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេហៅវាថា “វិបត្តិជាតិ”។

ទូរទស្សន៍ NHK បាននិយាយថា ការឆ្លងកាលពីថ្ងៃសុក្របានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានប្រចាំថ្ងៃ គឺ ១០២ ករណី។ ទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីចំនួន ៤០ កាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យចំនួនសរុបឡើងដល់ ២៩៩ ករណីក្នុងរដ្ឋធានី៕ ដោយ៖ កញ្ញាដាលីស

អភិបាលក្រុងតូក្យូសុំឱ្យប្រជាជនស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី១២មេសា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ