សម្ដេច ហ៊ុន សែន បាន​លើកទឹកចិត្ត និង​កោតសរសើរ​ចំពោះ​ក្រុមគ្រួសារ​ទាំងឡាយ ដែលមាន​កូនចៅ​មកពី​ប្រទេស​ថៃ​បានដាក់​ខ្លួន​ពួកគេ​នៅ​ដាច់ ដោយឡែក​រយៈពេល​១៤​ថ្ងៃ​

234
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកទឹកចិត្ត និង​កោតសរសើរ​ចំពោះ​ក្រុមគ្រួសារ​ទាំងឡាយ ដែលមាន​កូនចៅ​មកពី​ប្រទេស​ថៃ​បានដាក់​ខ្លួន​ពួកគេ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និងគ្រួសារ​ខ្លះ​មាន​សរសេរ​ជា​អក្សរ​នៅមុខ​ផ្ទះ​តែម្ដង​ថា “​ដោយ​ខ្ញុំ​ទើប​មានកូន​មកពី​ប្រទេស​ថៃ សូម​អធ្យាស្រ័យ​មិនអាច​ចូលមក​លេង​បានទេ​” គឺ​បានដាក់​បម្រាម​ខ្លួនឯង​តែម្ដង​។ សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​មានប្រសាសន៍យ៉ាង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រដ្ឋសភាជាតិ នៅ​ព្រឹក​ថ្ងៃទី​៣០​មីនាឆ្នាំ​២០២០​។​

​សម្ដេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ​ណែនាំ​កូនចៅ​ជាពិសេស​បងប្អូន​ជា​ពលករ​ដែល​មកពី​ប្រទេស​ថៃ ដែល​មកដល់ពេលនេះ តាម​តួលេខ​ពី​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់​។ សូម​ឲ្យ​បងប្អូន​ជាង​៥​ម៉ឺន​នាក់​នោះ ដាក់ខ្លួន​នៅ​ដោយឡែក ហើយ​សូម​លើកទឹកចិត្ត និង​កោតសរសើរ​ចំពោះ​ក្រុមគ្រួសារ​ទាំងឡាយ ទាំង​បុគ្គល​ជា​កូន​ជា​ចៅ​ដែល​មកពី​ប្រទេស​ថៃ មាន​កន្លែង​ខ្លះសរសេរ​ជា​អក្សរ​នៅមុខ​ផ្ទះ​តែម្ដង​ថា “​ដោយ​ខ្ញុំ​ទើប​មានកូន​មកពី​ប្រទេស​ថៃ សូម​អធ្យាស្រ័យ​មិនអាច​ចូលមក​លេង​បានទេ​” គឺ​បានដាក់​បម្រាម​ខ្លួនឯង​តែម្ដង​។ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ធ្វើបែបនេះ យើង​មិនអាច​ប្រមូលផ្ដុំ​មនុស្ស​ជាង​៥​ម៉ឺន​នាក់ ទៅ​ដាក់​ទុក​នៅ​កន្លែង​ដាក់​ដោយឡែក​អស់​បានទេ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​គ្រប់​គោលដៅ​ទាំងអស់​​ ភូមិ​ទាំងអស់​ដែលមាន​បងប្អូន​មកពី​ប្រទេស​ថៃ ឬ​មកពី​ប្រទេសក្រៅ​។ មិន​ត្រឹមតែ​ថៃ​ទេ ក្នុងថ្ងៃនេះ អ្នក​ឆ្លង​៤​នាក់ មាន​ពីរ​នាក់​មកពី​ក្រៅប្រទេស មួយ​និស្សិត​មកពី​សហរដ្ឋអាម៉េរិក មួយទៀត​និស្សិត​មកពី​ជប៉ុន អ៊ីចឹង​សព្វថ្ងៃនេះ អ្នកជំងឺ​របស់​យើង គឺ​នាំចូល​ពី​ក្រៅ​។ អ៊ីចឹង​បានជា​ក្រសួងការបរទេស បានប្រកាស​ចេញ​ហើយ​នូវ​វិធានការ​តឹងរ៉ឹង​មួយចំនួន​ក្រៅពី​៦​ប្រទេស​ដែល​យើង​កំណត់ ដោយសារ​យើង​បានកំណត់​នូវ​វិធាន​ការលុបចោល​ទិដ្ឋាការ​ក្នុងការ​ផ្ដល់នូវ​វីសា និង​វិធាន​ការតឹងតែង​មួយចំនួនទៀត​រាប់ទាំង​ការតម្កល់​ប្រាក់ ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា មុននឹង​ចូលមក​កម្ពុជា ព្រោះ​យើង​ឃើញ​ករណី​៤​នាក់ ដែល​បានកើត​នៅ​បុរី​មួយ ឪពុកម្ដាយ​ពីរ​នាក់​ទៅ​ប្រទេស​បារាំង​ត្រឡប់មកវិញ​ចម្លង​ដល់​កូន​២​នាក់​ទៀត អ៊ីចឹង​ជំងឺ​របស់​យើងគឺជា​ជំងឺ​នាំចូល​ពី​ក្រៅ​។​

​សម្ដេច​បញ្ជាក់ថា នៅពេលនេះ អស់លោក​ លោកស្រី​ទាំងអស់​ទោះ​ពេញចិត្ត​ឬ​មិន​ពេញចិត្ត​នូវ​គ្រូពេទ្យ​ខ្មែរ តែ​អស់លោក​អត់​មាន​ជម្រើស​ទេ ក្រៅតែពី​ប្រើប្រាស់​សេវាកម្ម​នៃ​សុខាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ