សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវទប់ស្កាត់ការលក់ដូរឧបករណ៍ក្លែងពាក់ព័ន្ធនឹងប្រតិបត្តិការប្រឆាំងជំងឺ កូវីដ១៩

253
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកំពទត្រូវទប់ស្កាត់ឱ្យបានរាល់ការលក់ដូរឧបករណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្លែងបន្លំដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ។

កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កាកបាទក្រហមកម្ពូជាសាខាខេត្តកំពតបានធ្វើពិធីផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់បណ្តាក្រុងស្រុក ឃុំសង្កាត់នៅទូទាំងខេត្ត។

ក្នុងឱកាសនោះ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវឃ្លាំមើលរាល់ការលក់ដូរឧបករណ៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅគ្រប់ទីកន្លែងទាំងអស់។ ប្រសិនបើឱសថស្ថាន ឬហាងទំនិញណាមួយដាក់តាំងលក់របស់ក្លែងបន្លំដែលមិនបានឆ្លងកាត់ក្រសួងសុខាភិបាលត្រូវតែដកហូតសម្ភារៈ និងនាំខ្លួនអ្នកប្រព្រឹត្តយកមកចាត់ការតាមផ្លូវច្បាប់។ លោកអភិបាលខេត្តបានបញ្ជាក់ថាចំណាត់ការបែបនេះគឺមានបំណងការពារសុខុមាលភាពប្រជាពលរដ្ឋទូទៅព្រោះបើកាលណាប្រជាពលរដ្ឋយករបស់របរ ឬប្រដាប់ធ្វើតេស្តគ្មានគុណភាពទៅប្រើប្រាស់នោះលទ្ធផលដែលបង្ហាញចេញមកនឹងខុសពីការពិត។

ដូច្នេះ សមត្ថកិច្ចត្រូវធ្វើកិច្ចការទាំងនេះឱ្យបានល្អិតល្អន់បំផុត ពិសេសផ្តោតលើសម្ភារៈសំខាន់ៗ ដូចជា ប្រដាប់វាស់ស្ទង់កម្តៅ ជែលលាងសម្អាតដៃ ទឹកអាល់កុល និងម៉ាស់ជាដើម។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមចែកជូនអាជ្ញាធរក្រុងស្រុកទាំង៨ និងឃុំសង្កាត់ចំនួន៩៣ទូទាំងខេត្ត រួមមាន ឧបករណ៍ស្ទង់កម្តៅ ម៉ាស់ ជែលលាង​សម្អាតដៃ អាកុល សាប៊ូ និងអង្ករសម្រាប់ពលករដែលទើបវិលមកលំនៅស្ថាន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម