​រុស្ស៊ី​ត្រៀម​ផ្តល់​ម៉ាស់​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩

238
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)​:លោក ឌី​មី​ទ្រី ធ្វី​ត​កូ​វ​(Dmitri Tsvetkov)​ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ ប្រទេស​រុស្ស៊ី​នឹង​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ ហើយនឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា​ដើម្បីឱ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហគមន៍អឺ​រ៉ាស៊ី​ ហើយ​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​រុស្ស៊ី​កំពុងតែ​ត្រៀម​រៀបចំ​បញ្ជូន​ម៉ា​សមក​ផ្ដល់ជូន​កម្ពុជា​ដើម្បី​ជាការ​ចូលរួមចំណែកក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ផងដែរ ។​

​គួរបញ្ជាក់​ថា ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក ឌី​មី​ទ្រី ធ្វី​ត​កូ​វ​(Dmitri Tsvetkov)​ឯកអគ្គ​រដ្ឋទូត​សហព័ន្ធរុស្ស៊ី​ចូលជួប​សម្ដែង​ការគួរសម​និង​ជម្រាបលា​កាលពី​ល្ងាច​ថ្ងៃទី៣០ខែមីនា ២០២០ នៅ​វិមាន​សន្តិភាព​។

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក ឌី​មី​ទ្រី ធ្វី​ត​កូ​វ បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​ ដោយ​លោក​បានមក​បំពេញបេសកកម្ម​ការទូត​រយៈពេល៦ឆ្នាំនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បានការ​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពីស​ម្ដេច​តេ​ជោ​ ក៏ដូចជា​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ ​ដែល​ការគាំទ្រ​នេះ​ធ្វើ​ឲ្យ​លោក​បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​បេសកកម្ម​កា​ទូត​។​ក្នុង​រយៈពេល​៦​ឆ្នាំនេះ​កម្ពុជា​និង​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៦២​ហើយក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន១៤ផងដែរ។​ជាមួយនេះ​លោក​ក៏បាន​រៀបចំ​ឲ្យ​មានឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មកកាន់​កម្ពុជាក៏ដូចជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ​។

​ជាងនេះទៀត ​លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ នៅក្នុង​ដំណាក់កាល​ខាងមុខនេះ​រុស្ស៊ី​នឹង​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន ក្លែងក្លាយ​ហើយនឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា​ដើម្បីឱ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហគមន៍​អឺ​រ៉ាស៊ី​ ហើយ​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​រុស្ស៊ី​កំពុងតែ​ត្រៀម​រៀបចំ​បញ្ជូន​ម៉ា​សមក​ផ្ដល់ជូន​កម្ពុជា​ដើម្បី​ជាការ​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ផងដែរ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ឌី​មី​ទ្រី ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​បំពេញបេសកកម្ម​ការ​ទូត​នៅ​កម្ពុជា។​ទន្ទឹមនឹងនេះ​សម្ដេច​មានប្រសាសន៍ថា​​ លោកឌី​មី​ទ្រីគឺជា​ឯកអគ្គរដ្ឋទូត​មួយ​ដែល​បាន​ស្ដារឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្ស៊ី​ដែលមាន​វ័យ​ចំណាស់​មកហើយ​មកកាន់​ដំណាក់កាល​ថ្មី ។ លើស​ពី​នោះ​ទៅទៀត​លោក​ក៏បាន​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ​ហើយ​ជា​ប្រវត្តិសាស្ត្រ​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​និង​ដំណើរ​ទស្សនកិច្ចជា​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​រុស្ស៊ី​ដែល​តែងតែ​ជួយ​កម្ពុជា​កន្លងមក ហើយ​បន្ត​ជួយ​ដល់​កម្ពុ​ជាត​ទៀត​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក៏ដូចជា​ការរៀបចំ​ផ្ដល់​ម៉ាស​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ ។សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ផងដែរថា ​ជា​ការពិត​យើង​មាន​ទំនាក់ទំនង​រយៈពេល​យូរ​ឆ្នាំ​មកហើយ ។យ៉ាងណាក៏ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​នៅ​តូច​នៅឡើយ ​ដូច្នេះ​គប្បី​ណា​យើង​ជំរុញពិនិត្យមើល​សក្តានុពល​ទាំងឡាយណា​ដែល​អាច​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ធំធាត់​ឡើង​ថែមទៀត ៕BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម