កង់​បី​ឥណ្ឌា​បើក​ទៅបុក​ម៉ូតូ PCX បណ្ដាល​ឲ្យ​ស្លាប់​អ្នកសារព័ត៌មាន​ម្នាក់​

237
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: អ្នកសារព័ត៌មាន​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជិះ​ម៉ូតូ​សុខៗ ត្រូវ​កង់​បី​ឥណ្ឌា​បើក​ដោយ​បុរស​ម្នាក់​បត់​ត្រឡប់ក្រោយ​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ពេញទំហឹង កាល​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០ ត្រង់ចំណុច​ជិត​អូ​តែ​ល​សុខា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សព​ជនរងគ្រោះ​មានឈ្មោះ តុល ម៉ាត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​អ៊ិស្លាម មុខរប​អ្នកសារព័ត៌មាន​អង្គភាព KVPD NEWS ស្នាក់នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​ភូមិ​ឈើ​ទើ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ជិះ​ម៉ូតូ PCX ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 1GU 5286​។ ចំណែក​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ​1GR.4683​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ PCX ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទន្លេសាប ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ជិត​អូ​តែ​ល​សុខា ស្រាប់​តែមាន​កង់​បី​ឥណ្ឌា បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ទន្លេសាប ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយក៏​បត់​ឆ្វេង​ដៃ​ត្រឡប់ក្រោយ​ជ្រុល​ទៅបុក​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​បោក​ក្បាលនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​។ កង់​បី​ក្រឡាប់​ផ្ងារ​មួយ​ចំហៀង​រងរបួស​ស្រាល ដោយ​ឃើញ​មាន​មនុស្ស​ស្លាប់​បែបនេះ ម្ចាស់​កង់​បី​ឥណ្ឌា បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ កង់​បី​ឥណ្ឌា​បង្ក​និង​ម៉ូតូ​រងគ្រោះ​រង​ការខូចខាត​បន្តិចបន្តួច។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម