​ព្រឹកស្អែក ​ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​ នឹង​យាង​ទៅពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​

372
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ មាតា​ជាតិខ្មែរ នឹងយាង​ចាក​ចេញពី​មាតុភូមិ​នៅ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ ២០២០ ទៅកាន់​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព ។ នេះ​យោងតាម​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជាចុះថ្ងៃទី៣១ ខែមីនា ​ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅថ្ងៃនេះ ។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ មាតា​ជាតិខ្មែរ យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាពកាលពីខែសីហា ឆ្នាំ ២០១៩ ។ (រូបឯកសារ)

​នៅក្នុង​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្វាយ​សម្ដេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ព្រមទាំង​ជនរួមជាតិ​ទាំងអស់​ជាទី​នឹករលឹក​និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត របស់​ព្រះអង្គ​ មាន​ខ្លឹមសារ​ថា​៖«​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអនុញ្ញាត និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជទាំងពីរ​គណៈ​និង​ព្រះថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច​ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយ ៗជនរួមជាតិ​ទាំងអស់​អវត្តមាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០​តទៅ ​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព​» ។​

​ព្រះ​សារ​របស់​ព្រះអង្គ​បាន​បន្តថា​៖ « នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក្នុងឋានៈ​ជាប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។​

​ព្រះរាជដំណើរ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នេះ​មិនបាន​កំណត់ពេល​នៃ​ការយាង​ត្រឡប់មក​រប​ស់​ព្រះអង្គ​ទាំង​ទ្វេ​នោះទេ ។ជា​ទៀងទាត់​ ព្រះអង្គ​ទាំង​ទ្វេ​តែង​យាង ពិនិត្យ​-​ព្យា បាល​ព្រះរាជសុខភាព​ក្នុង​រយៈពេល ៦ ខែម្តង ​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ។​

​គួរ​រំលឹក​ថា​ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ បាន​យាង​ពិនិត្យ​ព្រះរាជសុខភាព​លើកចុងក្រោយ កាល​នៅ​ថ្ងៃទី​២៦ ខែសីហា ២០១៩ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន និងបាន​យាង​មកកាន់​មាតុភូមិ​វិញ​នៅ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ ៕ BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម