គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ផ្ដល់​ដំបូន្មាន ដល់​កីឡាករ កីឡាការិនី ក្នុងតំណាក់កាល ផ្អាក​ការហ្វឹកហាត់​

265
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ក្នុងដំណាក់កាល ដែល​កីឡាករ កីឡាការិនី ជម្រើសជាតិ ទាំង​ថ្នាល ទាំង​ឈុត​ធំ ត្រូវ​រំសាយ​ចេញ ពី​ជ​ម្រំ​ប្រមូលផ្ដុំ ដើម្បី​បង្ការ​នូវ​វីរុស​កូ​វីដ​- ១៩ នោះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ផ្ដល់នូវ​ដំបូន្មាន​មួយចំនួន ដល់​ពួកគេ ដើម្បី​កុំ​ឲ្យ​គុណ​ផល (Performance) របស់​ពួកគេ​ធ្លាក់ចុះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ការ​មិនបាន​ហ្វឹកហាត់ នឹងធ្វើ​ឲ្យ​កីឡាករ កីឡាការិនី ធ្លាក់ចុះ​យ៉ាងគំហុក នូវ​សមត្ថភាព​ផ្លូវកាយ ប្រព័ន្ធ​ធាតុ​ផ្សំ​ចលនា​សកម្ម នៃ​ការហ្វឹកហាត់ កន្លងមក និង​ឈានទៅរក​ការលំបាក ក្នុងការ​ស្ដារ គុណ​ផល កម្លាំងកាយ និង បច្ចេកទេស ឡើងវិញ ។​

លោក វ៉ា​ត់ ចំរើន​

​លោក​បាន​បន្តថា កីឡាករ កីឡាការិនី ត្រូវ​ជៀសវាង ទម្លាប់​អាក្រក់ និង​បំផ្លាញ​សុខភាព ដូចជា កុំ​ជក់បារី និង​នៅ​ឲ្យ​ឆ្ងាយ ពី​ផ្សែង​បារី កុំ​សេពគប់​ជាតិ​ស្រវឹង កុំ​លេង​ហ្គេម ឬ ហ្វេ​ស​ប៊ុ​ក ឬ​មើល​ទូរទស្សន៍​ច្រើន ពិសា​អាហារ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ អនាម័យ​ខ្លួនប្រាណ និង​ជៀសវាង បរិយាកាស​អ័ព្ទអួរ និង ឥរិយាបទ ថែទាំ​សុខភាព​។​

​គ្រូបង្វឹក​គ្រប់​ប្រភេទ​កីឡា ត្រូវ​ពិគ្រោះ​យោបល់ ជាមួយ​គ្រូ​ជំនួយ នៃ​ក្រុម​ជម្រើសជាតិ ឲ្យ​ឯកភាពគ្នា លើ​ការរៀបចំ​ផែនការ ហ្វឹកហាត់​នៅផ្ទះ និង​ត្រូវ​រៀបចំ​ក្រុម​ទំនាក់ទំនង តាម​ប្រព័ន្ធ APP ណាមួយ ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​របស់ខ្លួន ។ គ្រូបង្វឹក អាច​តាមដាន​ឥរិយាបថ កីឡាករ កីឡាការិនី របស់ខ្លួន ព្រមទាំង​រៀបចំ​កម្មវិធី​ហ្វឹកហាត់ ពិសេស​នៅតាម​ផ្ទះ​របស់ខ្លួន ឬ​កន្លែង​សុវត្ថិភាព ណាមួយ ជា​រៀងរាល់ថ្ងៃ​។​

​កីឡាករ កីឡាការិនី ត្រូវ​ផ្ដោតលើ​ការពង្រីក កាលា​នុ​វ​ឌ្ឍ​ភាព​ពី​សម្រាក​អសកម្ម មកជា​សម្រាក​សកម្ម ដោយ​ធ្វើ​លំ​ហាត់ប្រាណ បង្កើន​គុណភាព កម្លាំងកាយ​ទូទៅ គុណភាព​កម្លាំងកាយ ពិសេស ព្រមទាំង​ហ្វឹកហាត់ បច្ចេកទេស​មូលដ្ឋាន និង​បច្ចេកទេស ពិសេស​ម្នាក់ឯង ឬ​ជាមួយ​ឧបករណ៍ សម្ភារ​កីឡា​របស់ខ្លួន ។ ត្រូវគោរព​ឲ្យ​បាន នូវ​ផែនការ​ហ្វឹកហាត់ របស់​គ្រូបង្វឹក និង​អនុវត្តន៍ កម្មវិធី​ហ្វឹកហាត់ ឲ្យ​បាន​ទៀងទាត់ ព្រមទាំង​បង្ហាញ​ពី​ភាព ស្មោះត្រង់​ហ្វឹកហាត់ ឲ្យ​អស់​នូវ​កម្មវិធី ប្រចាំថ្ងៃ ទាំង​គុណភាព កម្លាំងកាយ បច្ចេកទេស ដែល​គ្រូបង្វឹក ផ្ដល់​ឲ្យ​រាល់ថ្ងៃ ព្រមទាំង​រក​ទីតាំង​ហ្វឹក​ហាត់ ​ឲ្យ​បាន​សមរម្យ​។​

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​ណែនាំ ពី​វិធីសាស្ត្រ​ហ្វឹកហាត់ គឺ​បើ​ចង់ បាន​កម្លាំងកាយ​ទូទៅ គឺ​ត្រូវ​កំដៅ​សាច់ដុំ រត់​លោត ចលនា​ឆ្វេង​ស្ដាំ និង​ចលនា​អង្គុយ ងើប​។ ចង់បាន​កម្លាំង​ពិសេស ត្រូវ​ហាត់​ជា​ស៊េរី ជាមួយ​ឧបករណ៍ សម្ភារ​កីឡា​របស់ខ្លួន ព្រមទាំង​ធ្វើ​លំ​ហាត់ បច្ចេកទេស ។ ចង់បាន​បច្ចេកទេស មូលដ្ឋាន ត្រូវ​ត្រូវធ្វើ​លំ​ហាត់ បច្ចេកទេស​មូលដ្ឋាន​មួយៗ​។ ចង់បាន​បច្ចេកទេស មូលដ្ឋាន ឬ កលល្បិច​ត្រូវធ្វើ លំ​ហាត់​បច្ចេកទេស ពិសេស​ដោយ​ភ្ជាប់​បច្ចេកទេស ពីមួយ​ទៅមួយ​។​

​លោក​អគ្គលេខាធិការ បាន​ពន្យល់ថា ផែនការ​ហ្វឹកហាត់ ខ្លួនឯង​របស់​កីឡាករ កីឡាការិនី កម្រិត​ខ្ពស់​នៅផ្ទះ គឺ​ដើម្បី​រក្សា​និរន្ដរភាព នៃ​គុណភាព​កម្លាំងកាយ និង​រក្សា​ការ​បន្សាំ បច្ចេកទេស​ជំនាញ ពិសេស​រក្សា​តុល្យភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ក្នុងការ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ងាយស្រួល​រក្សា​សមត្ថភាព ការងារ​កីឡា រង់ចាំ​រហូត​ដល់ពេល ចូល​ហ្វឹកហាត់ តាម​ការប្រមូលផ្ដុំ កីឡា​ជម្រើសជាតិ​ឡើងវិញ​៕v