វិធាន​, វិសយ​, ចក្ខុវិស័យ​, វិសាមញ្ញ​, វិសិដ្ឋ​, បន្សះ​, ប្រលោះ​, ប្រលោមលោក​

379
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វិធាន សំ​. បា​. ( ន​. ) វិធី​; បែប​, បែបផែន​; កិរិយា​, អំពើ​;… ។ វិធានការ (–​នៈ​កា​) ការ​មាន​របៀប រៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ​សម្រាប់​ការពារ​ប្រុងប្រយ័ត្ន : ចាត់វិធានការ​, ធ្វើតាម​វិធានការ ។

​វិសយ –​សៈ​យ៉ៈ បា​.; សំ​. ( ន​. ) (​វិសយ​; វិ​ឞ​យ​) អារម្មណ៍​; គំនិត​; ទី​, តំបន់​; ទី​អាស្រ័យ​; ភូមិ​, ស្រុក​; ប្រទេស​; ខេត្ត​, ដែន​; បរិវេណ​; មណ្ឌល​; ទីបំផុត (​នៃ​ការមើលឃើញ​); នាទី​, ផ្នែក ។​ល​។ : វិស័យ​របស់ខ្លួន​; ក្រៅ​វិស័យ​; ផុត​វិស័យ​, ហួសវិស័យ​; វិស័យសេដ្ឋកិច្ច ។ វិសយប្បវត្តិ ឬ​–​ប្រវត្តិ នៃ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​វិស័យ ។ វិសយរូប (–​សៈ​យ៉ៈ​–) រូប​ដែលជា​ផ្លូវ​កើត​នៃ​អារម្មណ៍ : រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស​ជា​វិសយរូប ។

​ចក្ខុវិស័យ ទីបំផុត​ឬ​ចម្ងាយ​មួយ​ក្រឡេក​មើលទៅ​ឃើញ​, ចម្ងាយ​មួយ​បំផុត​ចុង​ភ្នែក ។ ពុទ្ធ​វិស័យ វិស័យ​របស់​ព្រះពុទ្ធ ។​ល​។

​វិសាមញ្ញ ( គុ​. ) ដែល​ប្លែក​ពី​ធម្មតា​ឬ​ពី​សព្វដង​; ដែល​ខុស​ប្រក្រតី​; ដែល​មិនមែនជា​សាធារណៈ​, មិន​ទួទៅ ។ ព​. ផ្ទ​. សាមញ្ញ ឬ សាមាន្យ ។ វិសាមញ្ញការណ៍ ឬ ហេតុ​ឬ​ដំណើរ​ប្លែក​ពី​សព្វដង ។ វិសាមញ្ញនាម (–​ម៉ាញ់​-​ញ៉​-) នាម​ដែល​មិន​ទួទៅ (​អសាធារណនាម​) ។ វិសាមញ្ញលក្ខណៈ លក្ខណៈ​ប្លែក​ពី​ធម្មតា​, ពី​ប្រក្រតី ។​ល​។ សន្និបាត​វិសាមញ្ញ​, សេចក្ដីរាយការណ៍​វិសាមញ្ញ​, ការប្រជុំ​វិសាមញ្ញ​, សេចក្ដីរាយការណ៍​វិសាមញ្ញ​, ការប្រជុំ​វិសាមញ្ញ គឺ​សន្និបាត​ពិសេស​, សេចក្ដីរាយការណ៍​ពិសេស​, ការប្រជុំ​ពិសេស​ខុសពី​ធម្មតា​, ខុសពី​ប្រក្រតី (​ដែល​ផ្ទុយ​ពី សាមញ្ញ​) ។

​វិសិដ្ឋ បា​.; សំ​. ( គុ​. ) (​វិ​ឝិ​ឞ្ត​) ឧ​ត្ត​ម​, ប្រសើរ​, ថ្លៃថ្លា​;… (​ម​. ព​. ពិសិដ្ឋ​) ។ វិសិដ្ឋភណ្ឌ ឬ ពិសិដ្ឋ​– (–​សិត​-​ឋៈ​ភ័ន​) របស់​ឧ​ត្ត​ម​, ទ្រព្យ​ប្រសើរ ។ វិសិដ្ឋវិជ្ជា ឬ ពិសិដ្ឋ​– (–​សិត​-​ឋៈ​–) វិជ្ជា​វិសេស​, វិជ្ជា​ជាន់ខ្ពស់ ។​ល​។

​បន្សះ ( កិ​. ) ធ្វើ​ឲ្យ​សះ​, ឲ្យ​ជាសះស្បើយ : ដាក់​ថ្នាំ​បន្សះ​ដំបៅ ឬ​–​ផ្សះ​ដំបៅ ។

​បន្សាប ( កិ​. ) ស៊ែម​ក្ដារ​គែមទូក​ឲ្យ​ខ្ពស់​ឡើង ដើម្បី​នឹង​ឲ្យ​បាន​ចុះ​បន្ទុក​ច្រើន ។ ធ្វើ​ឲ្យ​សាប​, ឲ្យ​អស់ពិស​អស់អំណាច : បន្សាបទំពាំង​, បន្សាបពិស​, បន្សាបមន្ត​, បន្សាបអំណាច ។

​ចន្លោះ ( ន​. ) ទី​ឆ្លង​, ទី​ជា​កណ្ដាល​នៃ​ប៉ែក​ទាំងពីរ​, រវាង : ចន្លោះផ្ទះ​, ចន្លោះរបង ។ គុ​. ទំនេរ : ពេល​ចន្លោះ​ពី​ពេលធ្វើការ ។

​ប្រលោះ –​ល៉ោះ ( ន​. ) ទី​ដែល​ចំហ ជា​ចន្លោះ (​ច្រើន​សរសេរ ប្រឡោះ ជាង​) : ចម្ងាយ​២ ប្រឡោះ​សសរ​ខ្សែលួស ។ ធ្មេញ​ប្រឡោះ​ខ្មោច​, ធ្មេញ​កណ្ដាល ២ ដែល​ដុះ​មិន​ជិតគ្នា មាន​ច្រ​ឡោះ​ច្រហ​បន្តិច ។

​ប្រលោមលោក ( ន​. ) រឿង​ប្រលោម​ចិត្ត​មនុស្ស គឺ​រឿង​ដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង ដោយ ឥតមាន​ច្បាប់ដើម​ជា​ការណ៍​ពិត​ប្រាកដជា​គោល​ចារឹក​ឡើយ ។ ប្រលោមលោក នេះ​ក្នុងសម័យ ពី​ដើម​ហៅ សាស្ត្រាល្បែង ឬ រឿង​ល្បែង​។ ខាង​សម្រាយ​ច្រើនតែ​តែង​ជា​ពាក្យកាព្យ​ដូចជា សាស្ត្រាល្បែង​ផ្សេងៗ​មាន​ច្រើន​ឈ្មោះ​មាន​សាស្ត្រា ស័ង្ខ​សិល្ប៍​ជ័យ​, លក្សណ​វង្ស​, ហង្ស​យន្ត​, ជិនវង្ស ជាដើម ។ ប៉ុន្តែ តាម​ការពិនិត្យ ឃើញថា ប្រលោមលោក សម័យ​ឥឡូវនេះ​មាន​៣ ប្រភេទ​គឺ ប្រលោមលោក​ស្នេហា​, ប្រលោមលោក​កសាង​ជីវភាព​ខ្លួន​,​ប្រលោមលោក​ប្រវត្តិ សាស្ត្រ​, ទាំង​៣​ប្រភេទ​នេះ សុទ្ធ​តែមាន​អត្ថន័យ​ផ្សេង​ទីទៃ​ពីគ្នា​… ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម