ទិវា​ជាតិ​នៃ​សាធារណរដ្ឋ​ស៊ី​ប​

318
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ស៊ី​ប ប្រារព្ធ​ទិវា​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​១ ខែ មេសា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​បើក​យុទ្ធនាការ​កងទ័ព ប្រឆាំង​អាណានិគម​អង់គ្លេស ជា​ផ្លូវការ​លើកដំបូង កាលពី​ឆ្នាំ​១៩៥៥ រហូតដល់​ទទួលបាន​ឯករាជ្យ​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ស៊ី​ប គឺជា​រដ្ឋ​កោះ ស្ថិតនៅ​ភាគ​ខាងកើត នៃ​សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ មាន​ផ្ទៃដី ៩.២៥១ គីឡូម៉ែត្រ​ក្រឡា ។ ឆ្នាំ​២០២០ មាន​ប្រជាជន​ជាង ១ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា គ្រិស្ត និកាយ​អ័​រ​ធូ​ដុ​ក្ស ភាសាផ្លូវការ គឺ​ភាសា​ក្រិ​ក និង​ភាសា​តួ​ក​គី រដ្ឋធានី គឺ​ទីក្រុង​នី​កូ​ស៊ី ។​

​ប្រវត្តិសាស្ត្រ​
ដើមឡើយ ស៊ី​ប គឺជា​កោះ​មួយ​របស់​ចក្រភព​រ៉ូ​ម៉ាំង​។ នៅពេលដែល​ចក្រភព​រ៉ូ​ម៉ាំង​ត្រូវបាន​បែង ចែកជា ២ ផ្នែក នា​ឆ្នាំ​៣៩៥ ស៊ី​ប គឺជា​ផ្នែក​មួយ​នៃ​រ៉ូ​ម៉ាំង​ខាងកើត ឬ​ចក្រភព ប៊ី​ហ្ស​ង់​តាំង ( ដែល​ក្រោយមក​គឺជា ក្រិ​ក សព្វថ្ងៃនេះ ) ។​

​ឆ្នាំ​១៤៥៣ ទីក្រុង​កុង​ស្តង់​ទី​ណូ​ប របស់​ចក្រភព​ប៊ី​ហ្ស​ង់​តាំង ត្រូវបាន​វាយលុក​បំបែក​ដោយ​ចក្រភព អូ​តូ​ម៉​ង់ (​តួ​ក​គី​) ។ ទឹកដី​ក្រិ​ក ភាគច្រើន បាន​ធ្លាក់​ក្នុង​ដៃ​របស់​អូ​តូ​ម៉​ង់ ។ ចក្រភព​អូ​តូ​ម៉​ង់​បើក​ការ វាយលុក​ទ្រង់ទ្រាយ​ធំ ទៅលើ​ប្រទេស ស៊ី​ប នៅ​ឆ្នាំ​១៥៧០ ហើយ​ត្រួតត្រា​ប្រទេស​នេះ​ទាំងស្រុង នៅ​ឆ្នាំ​១៥៧១​។ ហេតុនេះ ទើប​មាន​ជនជាតិ​តួ​ក​គី​ជាច្រើន រស់នៅ​លើទឹក​ដី​ស៊ី​ប​។ រហូតដល់​ពី ចន្លោះ​ឆ្នាំ​១៨២១ និង ១៨៣២ ទើប​ជនជាតិ​ក្រិ​ក បាននាំគ្នា​ងើប​បះបោរ​ប្រឆាំង​អូ​តូ​ម៉​ង់​បង្កើតបាន ជា​រដ្ឋ​ក្រិ​ក ឯករាជ្យ​ឡើងវិញ ។​

​ការដណ្តើម​គ្នា ក្នុងការ​កាន់កាប់​លើ​តំបន់​បាល់​កង់ នាំឱ្យ​ផ្ទុះ​សង្គ្រាម រុស្ស៊ី​-​តួ​ក​គី នៅ​ឆ្នាំ ១៨៧៧ (​ដល់​១៨៧៨) ហើយក៏​នាំឱ្យមាន​សន្និសីទ​ទីក្រុង​ប៊ែ​កឡាំង (​គឺជា​ជំនួប​របស់​មហាអំណាច​ចំនួន ៦ ( គឺ រុស្ស៊ី អង់គ្លេស បារាំង អូទ្រីស ហុង​គ្រី អ៊ីតាលី និង អាល្លឺម៉ង់ ) អូ​តូ​ម៉​ង់​និង​រដ្ឋ​នៅ​តំបន់​បាល់​កង់ ចំនួន ៤ ( ក្រិ​ក ស៊ែ​ប រ៉ូ​ម៉ា​នី និង ម៉ុង​តេ​ណេ​ហ្គ្រោ ) ចាប់ពី​ថ្ងៃទី​១៣ ខែមិថុនា – ១៣ ខែកក្កដា ឆ្នាំ​១៨៧៨ ។​

​ប៉ុន្តែ​កាលពីដើមឆ្នាំ ១៨៧៨ អង់គ្លេស និង អូ​តូ​ម៉​ង់ បាន​ចរចា​ជាសម្ងាត់ ហើយ​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​១៨៧៨ នោះ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ប្រគល់​ស៊ី​ប ឱ្យ​អង់គ្លេស​គ្រប់គ្រង ជា​ថ្នូរ​នឹង​អង់គ្លេស គាំទ្រ​អូ​តូ​ម៉​ង់ នៅក្នុង​សន្និសីទ ទីក្រុង​ប៊ែ​កឡាំង (​ដែល​កាលណោះ សន្និសីទ​នេះ ទើបតែ​គ្រោង នៅឡើយ​) ខាងលើនេះ​។ ស៊ី​ប បាន​ធ្លាក់​ក្នុង​ដៃ​អង់គ្លេស ដោយ​បែប​នោះឯង ហើយ​ក្លាយជា ទីតាំង​កងទ័ព​ដ៏​សំខាន់​របស់​ចក្រភព​អង់គ្លេស នៅតាម​ផ្លូវ​នៃ ដែនដី​អាណានិគម​នានា ។​

​អង់គ្លេស គឺជា​មេក្លោង​ដ៏​សំខាន់​មួយ នៅក្នុង​សង្គ្រាមលោកលើកទី​១ ( ១៩១៤-១៩១៨ ) ។ ឆ្នាំ​១៩១៥ ជា​ថ្នូរ​ទៅនឹង​ក្រិ​ក ចូលរួម​ក្នុង​សង្គ្រាម ដោយ​ឈរ​នៅ​ខាង​អង់គ្លេស នោះ អង់គ្លេស បានប្រគល់ ស៊ី​ប ទៅឱ្យ​ក្រិ​ក ។ ដូច្នេះ​ទើប​នៅលើ​កោះ​ស៊ី​ប មាន​ជន​ដើមកំណើត តួ​ក​គី និង​ក្រិ​ក រស់នៅ ។​

​ជនជាតិ​ស៊ី​ប ដើមកំណើត​ក្រិ​ក និង ស៊ី​ប ដើមកំណើត​តួ​ក​គី​ជាច្រើន បាន​ចូល​ប្រយុទ្ធ​នៅក្នុង សង្គ្រាមលោក​ទាំង ២ លើក ដោយ​ឈរ​នៅ​ខាង​អង់គ្លេស ។ ការលះបង់​របស់​ពួកគេ​ទាំងនោះ គឺ​ក្នុង​ក្តី​សង្ឃឹមថា នឹង​បានសម្រេច​នូវ ” បំណង​មហិមា ” ។​

​ពាក្យ​ថា “ បំណង​មហិមា “ គឺជា​មហិច្ឆតា​នយោបាយ​របស់​ចលនា​ជាតិនិយម ក្រិ​ក គឺ​ចង់​បង្កើត រដ្ឋ​ក្រិ​កមួយ ដែលមាន​វិសាលភាព​គ្របដណ្តប់ ទៅលើ​ទឹកដី​អតីត​ក្រិ​ក​ទាំងអស់​ដែល​បាន​បែក បាក់ បាត់បង់ ទៅក្នុង​ការគ្រប់គ្រងរ​បស់ អូ​តូ​ម៉​ង់​, ភាគខាងត្បូង នៃ តំបន់​បាល់​កង់ និង​ប្រទេស​ស៊ី​ប ជាដើម ពោលគឺ​ទឹកដី​ក្រិ​ក មុនពេល​ក្រិ​ក ដួលរលំ​ដោយ​ការវាយប្រហារ​ពី​សំណាក់ អូ​តូ​ម៉​ង់ កាលពី​ឆ្នាំ ១៤៥៣ ក្នុងនោះ​រួមទាំង ស៊ី​ប ផង ។​

​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩១៤ ( ដល់​ឆ្នាំ ១៩១៨ ) ហើយ​អង់គ្លេស បាន បញ្ចុះបញ្ចូល​ក្រិ​កថា អង់គ្លេស នឹង​ផ្តល់ឱ្យ​ក្រិ​ក នូវ​ការរួបរួម​ជាមួយ ស៊ី​ប ( ដែលជា​ផ្នែក​មួយ នៃ​គោលបំណង​មហិមា របស់​អ្នក​ជាតិនិយម ក្រិ​ក ) ប្រសិនបើ ក្រិ​ក ចូលខ្លួន​ទៅក្នុង​សង្គ្រាម​នេះ ដោយ​ឈរ​នៅ​ខាង​សម្ព័ន្ធមិត្ត (​បារាំង អង់គ្លេស និង​រុស្ស៊ី ប្រឆាំងនឹង​សម្ព័ន្ធ​មហាអំណាច​កណ្តាល ដែលមាន អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី ប៊ុលហ្គារី និង តួ​ក​គី ជា​ប្រមុខ​) ។ ប៉ុន្តែ​ក្រិ​កបាន​បដិសេធ នឹង​ការអញ្ជើញ​របស់​អង់គ្លេស ដោយសារ​ស្តេច កុង​ស្តង់​តាំងទី​១ របស់ ក្រិ​ក ទទួល​បានការ អប់រំ​ពី​អាល្លឺម៉ង់ ហើយ​បាន​អភិសេក ជាមួយ​ព្រះ​នាង សូ​ហ្វ៊ី នៃ អាណាចក្រ​ព្រុ​ស្ស៊ី (​ជា​ផ្នែក​មួយ នៃ​ចក្រភព​អា​ល្ល៉​ម៉​ង់​) ហើយ​ត្រូវជា​ប្អូនស្រី​របស់​ស្តេច​វីល្លាម នៃ​អាល្លឺម៉ង់ ហើយ​ស្តេច​ក្រិ​ក ថែមទាំង​ត្រូវបាន​គេ​បញ្ចុះបញ្ចូល​ថា ខាង​សម្ព័ន្ធ​មហាអំណាច​កណ្តាល​នឹង​ឈ្នះ​សង្គ្រាម​នោះ ទៀតផង ។​

​បន្ទាប់ពី​មានការ​ដណ្តើម​គ្នា ជា​បន្ត​បន្ទាប់មក ក៏មាន​សន្ធិសញ្ញា Lausanne នា​ឆ្នាំ ១៩២៣ ដែល​កំណត់​ឡើងវិញ​នូវ​ព្រំដែន​តួ​ក​គី ហើយ​បាន​ចូល​ជា​ធរមាន នៅ​ឆ្នាំ​១៩២៥ នោះ ស៊ី​ប បាន​ស្ថិត​ការគ្រប់គ្រង​របស់ អង់គ្លេស វិញ ។​

​ពួក​អ្នក​ជាតិនិយម និង​ជនជាតិ​ក្រិ​ក ៩៨ ភាគរយ នៅលើ​ទឹកដី​ស៊ី​ប តាមរយៈ​ប្រជាមតិ​កាលពី ឆ្នាំ​១៩៥០ យល់ថា ស៊ី​ប គឺជា​ទឹកដី​របស់​ក្រិ​ក ហើយ​ត្រូវតែ​ត្រឡប់​ទៅ​នៅ​រួបរួម ជួបជុំគ្នា​ជាមួយ ក្រិ​ក តែមួយ​វិញ ។

​ដូច្នេះ​ដើម្បី​សម្រេច​គោលបំណង​មហិមា ទើប​នៅ​ឆ្នាំ ១៩៥៥ អង្គការ​ចាត់តាំង​យោធា​ឧទ្ទាម​មួយ ដែលមាន​អក្សរ​កាត់​ថា EOKA ត្រូវបាន​បង្កើតឡើង ក្នុង​យុទ្ធនាការ​ដើម្បី​បញ្ចប់​ការត្រួតត្រា របស់​អង់គ្លេស ទៅលើ​ទឹកដី ស៊ី​ប ។ អង្គការ​ឧទ្ទាម EOKA បានចាប់ផ្តើម​យុទ្ធនាការ​កង ទ័ព​ជា​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៥៥ ដោយ​វាយប្រហារ​ទៅលើ​ទីតាំង​កងទ័ព របស់​អាណានិគម​អង់គ្លេស នៅលើ​ទឹកដី ស៊ី​ប ។ ថ្ងៃ​នេះឯង​ហើយ ដែល​ក្រោយមក រហូតដល់​បច្ចុប្បន្ន បាន​ក្លាយជា​ទិវា​ជាតិ របស់​ស៊ី​ប ។​

​ប៉ុន្តែ​សកម្មភាព​របស់ EOKA ត្រូវបាន​បក្សកុម្មុយនិស្ត​ស៊ី​ប AKEL ជំទាស់ ដោយ​បក្ស AKEL យល់ថា ត្រូវ​ស្វែងរក​ការបញ្ចប់​អាណា​និគ​អង់គ្លេស ទៅលើ ស៊ី​ប តាម​សន្តិវិធី ។

​ជនជាតិ​តួ​ក​គី ដែល​រស់​នៅលើ​កោះ​នេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា ប្រហែលជា ២០ ភាគរយ នៃ​ប្រជាជន​សរុប​របស់​កោះ ។ ចំពោះ​ជនជាតិ​តួ​ក​គី ដែល​រស់​នៅលើ​កោះ ស៊ី​ប នេះ ក៏​ចង់យក កោះ​នេះ បញ្ចូល​ទៅជា​ទឹកដី​តួ​ក​គី​ដែរ ហើយ​អំឡុង​ទសវត្សរ៍ ១៩៥០ បក្ស​កាន់អំណាច​លើ​កោះ នេះ ក៏​ធ្លាប់បាន​ប្រកាសថា កោះ​នេះ គឺជា​ផ្នែក​មួយ​នៃ​តួ​ក​គី​ដែរ​។ ប៉ុន្តែ​ដោយសារ​ជនជាតិ​តួ​ក​គី មិន​ច្រើន​គ្រប់គ្រាន់ ទើប​ពួកគេ ទាមទារ​បំបែក​ស៊ី​ប​វិញ ហើយ​ក៏មាន​បាតុកម្ម ចាប់ពី​ចុង​ទសវត្សរ៍ ១៩៥០ និង​ពេញ​ទាំង​ទសវត្សរ៍ ១៩៦០ គឺ​ក្នុង​បំណង​បង្កើត​រដ្ឋ​តួ​ក​គី ឯករាជ្យ​មួយ នៅ​ភាគ​ខាងជើង នៃ​កោះ​ស៊ី​ប ។

​ពេលនោះ អង្គការ​មួយ​របស់​ជនជាតិ​តួ​ក​គី ឈ្មោះ TMT ក៏​ត្រូវបាន​បង្កើតឡើង​ដែរ ដើម្បី​ទាម ទារ​បំបែក​កោះ​ស៊ី​ប ចូលទៅ​ជា​តួ​ក​គី​។ អង្គការ TMT ជា​អង្គការ​ខុសច្បាប់ ប៉ុន្តែ​អាណានិគម អង់គ្លេស មិន​ធ្វើទុក្ខបុកម្នេញ​អង្គការ​នេះ​ទេ ព្រោះ​អង្គការ​នេះ ប្រឆាំងនឹង​ពួក​ក្រិ​ក​និយម​នៅលើ កោះ​នេះ ដែល​ពួក​នោះ គឺជា​អ្នក​រើបម្រះ​ចេញពី​អង់គ្លេស​។ និយាយ​ឱ្យ​ងាយ​ស្តាប់​ថា អង់គ្លេស បណ្តែតបណ្តោយ​ឱ្យមាន TMT សម្រាប់​ប្រជែង​នឹង EOKA ដើម្បី កុំឱ្យ EOKA មាន​ពេលវេលា គ្រប់គ្រាន់​ប្រឆាំង​អង់គ្លេស ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា “ សត្រូវ របស់​សត្រូវ​យើង គឺជា​មិត្ត របស់​យើង ! “ ។​

ស៊ី​ប ទទួលបាន​ឯករាជភាព​
ជា​សរុបទៅ​ក្នុង​យុទ្ធនាការ​កងទ័ព​រប​ស់ EOKA មានការ​ពើប​ប្រយុទ្ធ​គ្នា ១១៤៤ លើក​ប្រឆាំង​វត្ត មាន អង់គ្លេស លើ​កោះ​ស៊ី​ប​។ ទីបំផុត​ក៏​មានការ​ព្រមព្រៀងគ្នា រវាង អង់គ្លេស តួ​ក​គី ក្រិ​ក និង​មេដឹកនាំ​សហគមន៍​ជនជាតិ​ស៊ី​ប នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​គេ​ហៅថា ” កិច្ចព្រមព្រៀង Zürich and London ” នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៥៩ គឺជា​កិច្ចព្រមព្រៀង​ដែល​ទទួលស្គាល់ ឯករាជភាព​របស់​កោះ​ស៊ី​ប ។ ដោយហេតុនេះ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ១៩៦០ ស៊ី​ប ក៏​ទទួលបាន​ឯករាជ​ភាពជា​ផ្លូវការ និង ពិតប្រាកដ​របស់ខ្លួន ។

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ស៊ី​ប បាន​ចាត់ទុកថា ការណ៍​ដែល ស៊ី​ប អាច​បញ្ចប់​ការត្រួតត្រា របស់​អង់គ្លេស​ទៅបាន គឺ​ដោយសារតែ​សង្គ្រាម​របស់ អង្គការ EOKA ហើយ​ការចាប់ផ្តើម​នៃ សង្គ្រាម​នោះ គឺ​បានចាប់ផ្តើម​លើកដំបូង នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៥៥ នោះឯង ។ ដោយ ហេតុនេះ ពួកគេ​បាន​ប្រារព្ធ​ទិវា​ជាតិ​ស៊ី​ប ដើម្បី​រំឭក​ដល់​ថ្ងៃ​នៃ​ការចាប់ផ្តើម​បើក​យុទ្ធនា ការ​កងទ័ព​ប្រឆាំង អង់គ្លេស នោះឯង ។​

​ក្រោយ​ឯករាជ្យ​
​ទោះយ៉ាងណា ចាប់ពី​ទទួលបាន​ឯករាជ្យ​មក ស៊ី​ប មិនទាន់បាន​សុខសាន្តត្រាណ​ឡើយ​ពេល នោះ រដ្ឋ​ឯករាជ្យ​ស៊ី​ប មាន​មនុស្ស​សរុប ៥៧៣៥៦៦ នាក់ ក្នុងនោះ ៧៧,១​ភាគរយ​គឺជា​ជន​ដែល មាន​ដើមកំណើត​ជា​ក្រិ​ក ចំណែក ១៨,២ ភាគរយ មាន​ដើមកំណើត តួ​ក​គី ហើយ​ជនជាតិ​ផ្សេងៗ ៤,៧ ភាគរយ ។

​សិទ្ធិអំណាច ក៏ត្រូវ​បានផ្តល់​មួយចំនួន ទៅ​តំបន់​របស់​ជន​ដើមកំណើត​តួ​ក​គី​ដែរ​។ ទោះយ៉ាងណា ជនជាតិដើម​កំណើត​តួ​ក​គី នៅតែ​មិន​សុខចិត្ត​រស់នៅ ក្នុង​ភាពជា​រាស្ត្រ នៃ រដ្ឋ​ឯករាជ្យ​ស៊ី​ប ដែលមាន​ដើមកំណើត​ក្រិ​ក ជា​អ្នកដឹកនាំ​ឡើយ គឺ​ពួកគេ​នៅតែ​ប្រកាន់​ចិត្ត​ចង់​បំបែក​រដ្ឋ​ស៊ី​ប ទៅ​បង្កើតជា​រដ្ឋ​តួ​ក​គី​ឯករាជ្យ​មួយ នៅលើ​កោះ​នោះដែរ​។ ប្រការនេះ​ក៏​នាំឱ្យមាន​ភាពមិន​ល្អូក ល្អឺ​ន​គ្នា រវាង​រដ្ឋាភិបាល​ក្រិ​ក រដ្ឋាភិបាល​តួ​ក​គី និង​រដ្ឋាភិបាល​ស៊ី​ប ថ្មោងថ្មី​ដែរ ។​

​ដោយហេតុនេះ ស៊ី​ប នៅតែ​មិនទាន់បាន​សុខសាន្តត្រាណ​ឡើយ ព្រោះ អ្នក​ទាំងនេះ នៅតែ ដណ្តើម​គ្នា​យក ស៊ី​ប នៅឡើយ ជាពិសេស ក្រិ​ក ព្រោះ​ផែនការ គោលបំណង​មហិមា​ក្លាយជា កាន់តែ​ក្តៅគគុក ពោលគឺ​ត្រូវតែ​យក ស៊ី​ប ទៅ​ដាក់​ក្នុង ក្រិ​ក វិញ​ឱ្យបាន​ជាដាច់ខាត ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង នី​កូ​ស៊ី នៃ សាធារណរដ្ឋ ស៊ី
​ក្បួន​ដង្ហែ​នៅ​ថ្ងៃបុណ្យ​ទិវា​ជាតិ នៃ សាធារណរដ្ឋ ស៊ី​ប