​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន

249
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ៣១ មីនា ២០២០ នេះ​បាន​អញ្ជើញ​ដឹក នាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសស្ថិតក្នុង​ភាពអាសន្ន ។​

​វត្តមាន​នៃ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ​គេ​សង្កេតឃើញ​មាន​វត្តមាន​ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី​ព្រមទាំង​ក្រុមអ្នកច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏បានអញ្ជើញ​ចូលរួម​ផងដែរ ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បើ​កិច្ចប្រជុំដោយបាន​រំលឹក​ពី​សារបាន​ដែល​នាំទៅដល់​ការរៀបចំ​សេចក្តី​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន នេះ​ឡើង ។​

​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី ៣០​ខែមីនា​នៅ​រដ្ឋសភាជាតិ​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង​អំពី​សេចក្តីព្រាងច្បាប់ស្តីពី​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ត្រូវបានធ្វើ​រួចរាល់​ហើយ​គ្រោង​នឹង​យកមក​ជជែក​នៅ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៣១ ខែមីនាមុននឹង​ដាក់ចូល​ឲ្យ​គណៈរដ្ឋមន្ត្រីប្រជុំ​អនុ ម័ត​នៅ​ថ្ងៃ​សុក្រ​ទី​៣ ខែមេសា​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​មាន​ព្រួយបារម្ភ​ហើយ​គិតថា​កម្ពុជា​នឹងធ្វើ​ការបិទ​ប្រទេស​នោះប៉ុន្តែ​កម្ពុជា​ចាំបាច់​ត្រូវតែ​មានច្បាប់នេះ​នៅក្នុង​ដៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។ បច្ចុប្បន្ន​កម្ពុជា​មិនទាន់មាន​ច្បាប់​ណា​ដើម្បី​ត្រួតត្រា​សភាពការណ៍​ក្នុងពេលដែល​ត្រូវដាក់​ប្រទេស ក្នុង​ភាពអាសន្ន​ទេ​ដូច្នេះ​ច្បាប់​មួយ​ត្រូវតែ​បង្កើតឡើង​ដើម្បី​ឲ្យ​រដ្ឋ​អនុវត្ត​ទៅដោយ​រលូន​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩៣ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​២៧​ឆ្នាំ​ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា​សម្តេច​មិនដែល​គិតដល់​ការធ្វើ​ច្បាប់​បែបនេះ​នោះទេ​ប៉ុន្តែ​សភាពការណ៍​តម្រូវ​ឲ្យ​ធ្វើ​ដោយយោង​ទៅលើ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩លើ​ពិភ ពលោក​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ​ក្រៅពី​ប្រទេស​ចិន​។​

​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​និង​ការបង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ពុំមែន​មានន័យថា​ត្រូវអនុវត្ត​នោះទេ​ពោលគឺ​គ្រាន់តែ​ជា​មធ្យោបាយ​ឲ្យមាន នៅ​ក្នុង​ដៃ​ប៉ុណ្ណោះ​នៅពេល​សភាពការណ៍​ត្រួតត្រា​លែង​បាន​ដោយ​អំណាច​របស់​សមត្ថកិច្ច​នោះ​អាចមាន​ការបញ្ចេញ​កង​ទ័ព​ក្នុង​ក្របខណ្ឌ​គ្រា​មាន​អាសន្ន ។ នេះ​បើ តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៕BR


ទីតាំងផ្សាយពាណិជ្ជកម្ម