អាជ្ញាធរគ្រប់ថ្នាក់ត្រូវតាមដានលម្អិតនូវចំនួនពលករមកពីក្រៅស្រុកចូលក្នុងមូលដ្ឋាន

147
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឃ្លាំមើល និងតាមដានឱ្យបានលម្អិតបំផុតនូវបរិមាណពលរមកពីក្រៅប្រទេសវិលចូលភូមិកំណើតវិញ។

នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ គណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំប្រចាំខែដោយផ្តោតជាសំខាន់លើសភាពការណ៍នៃការរីករាលដាលជាសកលនូវជំងឺកូវីដ១៩។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកជាវ តាយ បានមានប្រសាសន៍ថាក្រៅពីគ្រប់គ្រងសភាពការណ៍រួម អាជ្ញាធរក្រុងស្រុកត្រូវបង្កើនការតាមដានឱ្យបានច្បាស់លាស់នូវសកម្មភាពនៃការវិលត្រឡប់មកកាន់ភូមិកំណើតវិញរបស់ពលករចំណាកស្រុកទាំងអស់។ អ្វីដែលមិនអាចធ្វេសប្រហែសបានគឺការឃ្លាំមើល និងប្រមូលទិន្នន័យឱ្យជាក់លាក់បំផុតទាក់ទិននឹងបរិមាណពលករមកពីប្រទេសក្រៅចូលដល់មូលដ្ឋាននីមួយៗ។

លោកអភិបាលខេត្តបានបន្តថាស្ថិតនៅក្នុងដំណាក់កាលនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមសហការបន្តអនុវត្តកម្មវិធីផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ដ៏កាចសាហាវនោះ។ អាជ្ញាធរមូលដ្ឋានដែលនៅកៀកត្រូវអប់រំណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលដើម្បីបញ្ចៀសការរីករាលដាលជំងឺកូវីដក្នុងសហគមន៍។

ជាមួយនោះដែរ គ្រប់បណ្តាមន្ទីរ អង្គភាព ព្រមទាំងកម្លាំងសមត្ថកិច្ចកំពុងឈរជើងនៅតាមភូមិសាស្ត្រនីមួយៗត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដូចជាការចុះបញ្ជ្រាបវិធីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះជាដើម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម