ឥទ្ធិពល​ខ្យល់​ពី​សមុទ្រ​ចិន​ខាងត្បូង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​កាន់តែច្រើន​

298
ចែករម្លែក
ល្ងាច​ថៃ្ង​ទី​៣០ ខែមីនា​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ នៅ​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​(​រូបថត​ក្រសួង​ធនធានទឹក​)

ដោយៈ​ប​.​ខុន​/ ​ភ្នំពេញៈ​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​(​កើត​)​កាត់​លើ​ប្រទេស​កម្ពុជា​ពី​ភាគ​អ​គ្នេ​យ៍​ទៅ​ភាគ​ពាយព្យ ជួប​ជាមួយ​ព្រំដែន​ខ្យល់​នៃ​សម្ពាធ​ទាប​លើ​ប្រទេស​ថៃ​ខណៈពេល​សម្ពាធ​ទាប​លើ​ផ្ទៃដី​នៅតែ​បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ភាគ​ពាយ័ព្យ​ជាមួយនឹង​បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​
​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​ថា ប្រទេស​កម្ពុជា​ពេលនេះ និង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទទួលរង​ឥទ្ធិពល​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​(​កើត​) ក្នុងពេលដែល​ជ្រលង​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី​នៅតែ​បន្ត​មាន​ឥទ្ធិពល​ជាមួយនឹង​សម្ពាធ​ទាប​មួយ​បន្ត​ស្ថិតនៅលើ​ប្រទេស​ថៃ បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាមួយនឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​


​ ​អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់​បន្ថែមថា ខ្យល់​បក់​ពី​សមុទ្រ​ចិន​កាត់​លើ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​កម្ពុជា​ទៅ​ភាគ​ពាយព្យ​ទល់នឹង​ព្រំដែន​ខ្យល់​សម្ពាធ​ទាប​នៅលើ​ប្រទេស​ថៃ​និង​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​បង្កើតឱ្យមាន​ពពក​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​នៅ​អំឡុង​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៣​ខែមេសា​។​

ល្ងាច​ថៃ្ង​ទី​៣០ ខែមីនា​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ នៅ​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​(​រូបថត​ក្រសួង​ធនធានទឹក​)


​ ​លោក​ចាន់ យុ​ត្ថា បន្តថា នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត​និង​ផ្នែក​ខ្លះ​ជុំវិញ​រាជធានី​ភ្នំពេញ​ក៏​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​ឯ​នៅ​តំបន់​មាត់សមុទ្រ​វិញ​មាន​ភ្លៀង​ធ្លាក់​ច្រើនតែ​នៅ​ខេត្តកោះកុង​ទេ ក្រៅពីនេះ​មាន​តិចតួច​។ ព្រម​ពេល​ជាមួយនឹង​ភ្លៀង​ធ្លាក់​មក​បន្តបន្ទាប់​នេះ​ក៏មាន​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​ដែរ​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​។​


​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​៣១​ខែមីនា​ក៏បាន​ជូនដំណឹង​ថា​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​លើ​ផ្ទៃដី​ជាមួយនឹង​ខ្យល់​បក់​មកពី​សមុទ្រ​ខាងត្បូង​(​កើត​) បង្ក​ឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥​ទៅ​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៤​ទៅ​៣៧​អង្សា​សេ​។​
​ ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។ ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥​ទៅ​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣​ទៅ​៣៥​អង្សា​សេ​។​


​ ​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៦​ខែមេសា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល​និង ភាគ​ពាយ័ព្យ​នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​ចាប់ពី​ថ្ងៃទី​៤​ដល់ទី​៧​ខែមេសា ផ្នែក​មួយចំនួន​នៅ​ខ្ពង់រាប​ភាគ​ឦសាន​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​ចាប់ពី​ថ្ងៃ​២​ដល់​ថ្ងៃ​៧​ខែមេសា​តំបន់​មាត់សមុទ្រ​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​មួយចំនួន​នៃ​ខេត្តកោះកុង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ស្ថានភាព​អាកាសធាតុ​ដូចខាងលើ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាននៅ​អំឡុង​ពីថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៦​ខែមេសា​៕


ទីតាំងផ្សាយពាណិជ្ជកម្ម