សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា​សំណូមពរ​៦​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពេល​រីក​រាលដាល​កូ​វីដ​១៩

580
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​អំឡុងពេល​សម្រាក​វិស្សមកាល​តូច​នេះ​គ្រឹះស្ថាន​អប់រំ​ឯកជន​ទាំងអស់​បាន និង​កំពុង​ប្រឹងប្រែង​បន្ត​ការបង្រៀន​ពី​ចម្ងាយ​ជូន​សិស្ស​និស្សិត​ទាំងអស់​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន​។​គ្រឹះស្ថាន​អប់រំ​ស្ទើរ​ទាំងអស់​ជាពិសេស​គ្រឹះស្ថាន​ដែល​ទទួល​ថ្លៃ​សិក្សា​ប្រចាំខែ​និង​ត្រីមាស​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​លើ​ការបើកប្រាក់​ឈ្នួល​ជូន​បុគ្គលិក​គ្រូបង្រៀន​ថ្លៃឈ្នួល​អគារ​និង​កាតព្វកិច្ច​ចំណាយ​ផ្សេងៗ​ទៀត​។


​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​WestlineEducationGroup​បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ពិចារណា​ចាត់​វិស័យ​អប់រំ​ឯកជន​ដែល​កំពុងផ្តល់​ការងារ​រាប់ម៉ឺន​នាក់​។​ផ្តល់​ការសិក្សា​ដល់​សិស្ស​និស្សិត​រាប់សែន​នេះ​ជា​វិស័យ​អាទិភាព​មួយ​ផង​និង​សូម​ពិចារណា​ផ្តល់ជូន​យន្តការ​ពិសេស​មួយចំនួន​ដូចខាងក្រោម​ជូន​គ្រឹះស្ថាន​អប់រំ​ឯកជន​៖
១.​ការរៀបចំ​ឥណទាន​ឡើងវិញ ឬ​ការផ្តល់​ឥណទាន​បន្ថែម​ដោយ​ការបត់បែន និង​យល់យោគ​មួយ​។​២. ការលើកលែង​ការបង់ប្រាក់​របប​បេឡា​សន្តិសុខ​សង្គម​រហូតដល់​ស្ថានភាព​ប្រសើរ​ជាថ្មី​។​៣.​ការផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​២០​ភាគរយ​នៃ​ប្រាក់ខែ​អប្បបរមា​១៩០​ដុល្លារ​ដល់​បុគ្គលិក​អប់រំ​។​គ្រូបង្រៀន​ដែល​អាចនឹងទទួល​រង​ផលប៉ះពាល់​ពី​ការកាត់បន្ថយ​បៀវត្ស​ការព្យួ​ការងារ​ឬ​ការផ្អាក​សកម្មភាព​អាជីវកម្ម​។​

៤.​ការពន្យា​ពេល​ការរៀបចំ​សៀវភៅ​ការងារ​បុគ្គលិក​បរទេស​ក្នុងអំឡុង​ពេលនេះ​។​៥.​ផ្តល់ជូន​កញ្ចប់​ថវិកា​សមរម្យ​ណាមួយ​សម្រាប់​គ្រឹះស្ថាន​អប់រំ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​កូ​វីដ​១៩​សម្រាប់​ដំណើការ​គ្រឹះស្ថាន​ឡើងវិញ​។​៦. សូម​ម្ចាស់​អគារ​ទាំងអស់​ដាក់ចិត្ត​យល់ និង​ស្វែ​ករក​ដំណោះស្រាយ​ឈ្នះ ឈ្នះ​មួយ ជាមួយ​ម្ចាស់​អាជីវកម្ម​ក្នុងអំឡុង​ពេលនេះ​។​

​លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា មាន​ជំនឿ​ជឿថា​យើងទាំងអស់គ្នា រដ្ឋាភិបាល និង​ប្រជាជន​វិស័យ​រដ្ឋ​និង​ឯកជន​សិស្សានុសិស្ស​មាតាបិតា​អ្នក​អាណា​ព្យ​បាល​។​គ្រឹះស្ថាន​អប់រំ​យើងទាំងអស់គ្នា​ជា​ប្រជាជន​ខ្មែរ​ពិតជា​អាច​យកជ័យ​ជំនះ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​១៩​នេះ​។​អាច​បន្ត​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​សេដ្ឋកិច្ច​ប្រទេស​យើង​អោយ​រីកចម្រើន​បន្ត​ដូច​ចិត្ត​យើង​ចង់បាន​ទាំងអស់គ្នា​។


​លោក​ប្រធាន​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​អំពាវនាវ​ឱ្យ មានការ​យោគយល់ ពី​ម្ចាស់​អគារ​និង​បាន​អន្តរាគមន៍​គោលនយោបាយ​ជាច្រើន​ដល់​ធុរជន​កម្ពុជា​សូម​អរគុណ​ដល់​ក្រសួងសុខាភិបាល​ដែល​បាននិងកំពុង​ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​សូម​អរគុណ​ដល់​ក្រសួង​អប់រំ​ដែល​បាន​ផ្តួចផ្តើម​ដំណើរការ​ការគាំទ្រ​រៀន​ពី​ចម្ងាយ​ជូន​សិស្ស​ចំណេះ​ទូទៅ​ខ្មែរ​។

​សូមបញ្ជាក់ថា សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា​បាន​ចូលរួម​១​ម៉ឺន​ដុល្លារ​អាមេរិក និង Westline Education Group​ក៏បាន​ចូលរួម​១​ម៉ឺន​ដុល្លារ​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

សូម​រំលឹកថា​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​នានា​ដែល​បាន​ជួល​ទីកន្លែង​របស់ខ្លួន​ឱ្យ​អ្នកដទៃ​រកស៊ី​ត្រូវមាន​ការយោគយល់​ចំពោះ​ការបង់ថ្លៃ​សេវា​ជួល​ទីតាំង​ឬ​អាច​ទម្លាក់​ពេល​បង់លុយ​ឬ​ទម្លាក់​តម្លៃ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​វិបត្តិ​នៃ​ការ​រាតត្បាត​វីរុស​កូ​វីដ​១៩ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ អំពាវនាវ​ឱ្យ​វិស័យ​ឯកជន និង​វិស័យ​ឯកជន​យោគយល់​គ្នា ក្នុង​ការរកស៊ី​ជាមួយគ្នា​នោះ​ស្ថិត​នៅត្រង់ថា​ឧទាហរណ៍​ថា​ឯកជន​មួយ​គាត់​បើក​អាជីវកម្ម​។​ក៏ប៉ុន្តែ​អាជីវកម្ម​នេះ គាត់​មិនមាន​ទីតាំង​ខ្លួនឯង​ទេ គាត់​ទៅ​ជួល​ហាង​ពី​ម្ចាស់​មួយទៀត ដល់​អាជីវកម្ម​ពេលនេះ វា​កំពុង​ធ្លាក់ចុះ ឬ​រហូតដល់​បិទទ្វារ​។​ដូច្នេះ​សូមឱ្យ​គូភាគី​នេះ​ធ្វើការ​យោគយល់​គ្នា​កាត់បន្ថយ​នៃ​ការបង់ ឬ​ពន្យា ឬក៏​ថា​មិនឱ្យ​បង់ ឬ​កាត់បន្ថយ ។​

​សម្តេច​បាន​លើកឡើងថា​៖​មនុស្ស​មួយចំនួន​ដែល​បាន​រកស៊ី​ជួល​អគារ​គេ​ជួល​ទីតាំង​គេ​ឥឡូវ​ម្ចាស់​ដើម​ទារ​ពេញ​ថ្លៃ​ក្នុងពេលដែល​គ្នា​រក​ចំណូល​អត់​បាន​។​អីចឹង​ទេ​សូមកុំ​កាប់​មេមាន់​ទទួលទាន​គួរ​ត្រូវ​រក្សា​មេមាន់​នេះ​ដើម្បី​ថ្ងៃក្រោយ​ឱ្យ​វា​ពង​កូន​តទៅទៀត​។​អីចឹង​ប្រសិនបើ​កាប់​គ្នា​ក្នុង​ពេលនេះ​គឺ​បានសេចក្តីថា ហាង​ហ្នឹង​ត្រូវ​បិទទ្វារ រហូត​គ្មាន​អ្នកណា​ជួល ទៅ​ថ្ងៃក្រោយ​។​ប៉ុន្តែ ប្រសិនជា​អនុគ្រោះ​ឱ្យ​គ្នា ១​ខែ ២​ខែ ឬក៏​បញ្ចុះ​ថ្លៃ​ប៉ុណ្ណា​នេះ​ភាគរយ​ឬ​៥០​ភាគរយ​៦០​ឬ​៧០​ភាគរយ​គឺ​យើង​អាច​រក្សា​អតិថិជន​ឱ្យ​ជួល​ត្រឡប់មកវិញ នៅពេលដែល​សភាពការណ៍​បាន​រើ​បម្រាស់​ត្រឡប់មកវិញ​៕S/

​ចំណងជើង​រូបថត​៖​លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Westline Education Group​

ទីតាំងផ្សាយពាណិជ្ជកម្ម