​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នឹងត្រូវ​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា​តែម្តង

506
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ព្រលប់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ។​ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នឹងត្រូវ​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា​តែម្តងដោយមិនចាំបាច់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីទៀតទេ ។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ក្រោយពី​បាន​ស្តាប់​របាយការណ៍​និង​មតិ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រួចមក​អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​បានសម្រេច​អនុម័ត​៖១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​មាត្រា​២២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ដែល​ចែងថា “​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា​”​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្តល់​ជា​មូលដ្ឋាន​គតិយុត្ត​ដើម្បី​ធានា​ដល់​ការអនុវត្ត​មាត្រា​២២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​និង​ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​សិទ្ធិអំណាច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​របស់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​សំដៅ​ការពារ សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា រណៈ ការពារ​អាយុជីវិត និង សុខភាព​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ​និង​បរិស្ថាន​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​កំណត់​នូវ​បែបបទ​នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការប្រកាស់​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ព្រមទាំង​វិធានការ​ចាំបាច់​នានា​ដែល​រាជរដ្ឋាភិបាល មាន​សិទ្ធិ​ដកចេញ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ។ ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​អាច​ធ្វើឡើង​នៅពេលដែល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ជាអាទិ៍​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ឬ​ការឈ្លានពាន​ពី​កម្លាំង​បរទេស ,​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដែល​គំរាមកំហែង ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំង ប្រទេស​។ សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​តែម្ដង​ដោយ​មិន​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ទៀត​ទេ ។

​នៅក្នុង​បញ្ហា​ផ្សេងៗ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា​៖១-​រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញនូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការនាំចេញ​ស្រូវ និង​អង្ក​រស​ទៅ​ក្រៅប្រទេស​លើកលែង​អង្ករ​ក្រអូប​ដើម្បី​បាន​គ្រប់គ្រង​សំដៅ​ធានា​បរិមាណ​សន្តិសុខ​ស្បៀង​និង​ស្ថិរ ភាព​ថ្លៃ​អង្ករ​នៅ​កម្ពុជា​។ ២.​រាជរដ្ឋាភិបាល​បានចាត់ទុក​អាល់កុល​និង​ម៉ាស់​ជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​បម្រុង​ទុក​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​វីរុសកូ​វីដ​-១៩ ។រាជរដ្ឋាភិបាល​បានសម្រេច​បញ្ជា​ទិញ​ម៉ាស់​ចំនួន៥​លាន២​សែនក្នុងនោះ​ពី​ក្រៅប្រទេស​មាន​ចំនួន៤​លាន​និង​ពី​រោងចក្រ​ផលិត​ម៉ាស់​នៅ​ខេត្ត​ព្រះសីហនុចំនួន​១​លាន​២​សែន​ដើម្បី​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ​និង​ផ្តល់ជូន​មន្ទីរពេទ្យ​មួយចំនួន។ជាងនេះទៅទៀត​ក្រៅពី​សំលៀកបំពាក់​ពេទ្យ​ដែល​ត្រូវបាន​ផលិត​នៅ​ខេត្ត​ស្វាយរៀង​រាជរដ្ឋាភិបាល​ក៏បាន​បញ្ជា​ទិញ​ម៉ាស់​សម្រាប់​គ្រូពេទ្យ​ចំនួន​ជាង​២០ម៉ឺន​បន្ថែមទៀត​ដើម្បី​បម្រើឱ្យ​សេចក្តីត្រូវការ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​នាពេលខាងមុខ​។​រាជរដ្ឋាភិបាលមាន​គោលដៅ​ប្រែក្លាយ​រោងចក្រ​មួយចំនួន​ទៅជា​ផលិត ​ម៉ាស់ អាល់កុល និង សម្ភារៈ បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ទៅឱ្យ​រដ្ឋ​ដើម្បី​ប្រើប្រាស់​នៅក្នុង​ស្រុក​តែម្តង​។​៣- សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​សាជាថ្មី​ម្តង​ទៀតថា​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នឹងមិន​ត្រូវ​យកមក​ផ្គត់ផ្គង់​បុគ្គលិក​សុខាភិបាល​ឡើយ​តែ​ត្រូវ​យកទៅ​ទិញ​សម្ភារៈ បរិក្ខារ​ផ្សេងៗ​ជាអាទិ៍​ម៉ាស់និងអាល់កុល​សម្រាប់​ចែកជូន​ប្រជាជន​វិញ​។​៤- សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ ទាំងអស់​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​សារ​អប់រំ​ស្តីពី​ការការពារ​ជំងឺ​បង្កដោយ​វីរុស​កូ​វីដ​-១៩ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ជាថ្មី​ម្តងទៀត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​ម៉ត់ចត់និងបន្ត​តាម ដានស្ថានភាព​សុខភាព​របស់​ពលករ​ខ្មែរ​ទាំងឡាយ​ដែល​ទើប​មកពី​បរទេស ។​៥- សម្តេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ឱ្យ​ត្រៀម​ទុក​នូវ​វិធានការ​សេដ្ឋកិច្ច​ដែល​ផលប៉ះពាល់​ជា​សាកល​ដោយ​ជំងឺ​បង្កដោយ​វីរុស​កូ​វីដ​-១៩អាច​អូសបន្លាយរយៈពេល​យូរ​គឺ​ត្រូវ​ពង្រឹ ងវិស័យ​កសិកម្ម​ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា​ជាពិសេស​ការត្រៀម​ទំនិញ​ស្បើ​ង​ចាំបាច់​សម្រាប់​ប្រជាជន​កម្ពុជា​ដូចជា អង្ករ និង អំបិល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម